ជាតិ
សង្គមជាតិ
មហាផ្ទៃ កោះហៅស្នងការរងខេត្តកំពតម្នាក់ ទៅបំភ្លឺតាមបណ្តឹងរបស់ពលរដ្ឋ
18, Jul 2022 , 1:29 pm        
រូបភាព
រូបពីក្រសួងមហាផ្ទៃ
រូបពីក្រសួងមហាផ្ទៃ
ដោយ: ថ្មីៗ
អគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ បានកំណត់ឲ្យលោកវរសេនីយ៍ឯក ហួ យ៉ៃ ស្នងការរងខេត្តកំពត ចូលបំភ្លឺនៅព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ តាមបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលប្តឹងលោកថា បានប្រព្រឹត្តកំហុសក្នុងការបំពេញតួនាទីនាពេលកន្លងមក។ លិខិតពីអគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ គ្រាន់តែបញ្ជាក់ថា ហួ យ៉ៃ ប្រព្រឹត្តកំហុសក្នុងការបំពេញតួនាទី តែពុំបានបង្ហាញលម្អិតថា លោក ប្រព្រឹត្តកំហុសអ្វីនោះទេ។

  


អគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ បានផ្ញើលិខិតជូនទៅលោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមរិទ្ធ ដើម្បីស្នើឲ្យចាត់លោក ហួ យ៉ៃ ចូលបំភ្លឺនៅនាយកដ្ឋានកិច្ចការនគរបាលរាជធានី-ខេត្តនៃអគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ តាមកាលបរិច្ឆេទដែលកំណត់នេះ។ លិខិតនោះ បានឲ្យដឹងថា ការកោះហៅលោក ហួ យ៉ៃ ឲ្យចូលបំភ្លឺ គឺធ្វើឡើងដោយមានចំណារយល់ព្រមពីសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ 
 
ផ្អែកលើលិខិតដដែល មានបណ្តឹង៤ផ្សេងពីគ្នា ដែលប្រជាពលរដ្ឋ ប្តឹងលោកស្នងការរង ហួ យ៉ៃ។ បណ្តឹងទាំង៤នោះ ធ្វើឡើងក្នុងឆ្នាំ២០២១ដូចគ្នា តែខុសថ្ងៃខែគ្នា ដោយបណ្តឹងទី១ ធ្វើឡើងនៅខែមករា បណ្តឹងទី២ ធ្វើឡើងនៅខែមិថុនា បណ្តឹងទី៣ និងបណ្តឹងទី៤ ធ្វើឡើងនៅខែកក្កដា។ ៣បណ្តឹង ជាបណ្តឹងរបស់ប្រជាពលរដ្ឋក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ និង១បណ្តឹង ជាបណ្តឹងរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ 
 
លោក ម៉ៅ ច័ន្ទមរិទ្ធ មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗតាមទូរស័ព្ទថា បញ្ហារបស់លោក ហួ យ៉ៃ កើតឡើងតាំងពីលោក ហួ យ៉ៃ នៅធ្វើជាអធិការនៃអធិការដ្ឋានស្រុកព្រៃនប់ ខេត្តព្រះសីហនុ មកម្ល៉េះ ដូច្នេះ លោក ពុំបានដឹងរឿងរ៉ាវនេះទេ។ លោកស្នងការរូបនេះ បន្តថា ក្រោយពីទទួលលិខិតកោះហៅពីអគ្គាធិកាដ្ឋាននៃក្រសួងមហាផ្ទៃ លោក ក៏បញ្ជូនលិខិតនោះ ទៅកាន់លោក ហួ យ៉ៃ។ 
 
រីឯ លោកវរសេនីយ៍ឯក ខុន សារ៉ាយ នាយការិយាល័យនៃនាយកដ្ឋានកិច្ចការនគរបាលរាជធានី-ខេត្តនៅក្រសួងមហាផ្ទៃ ក៏មិនបំភ្លឺជុំវិញបញ្ហារបស់លោក ហួ យ៉ៃ ដែរ ដោយលោក ប្រាប់ហេតុផលមកសារព័ត៌មានថ្មីៗថា លោក កំពុងជាប់រវល់ក្នុងការបំពេញធុរៈ៕  

Tag:
 មហាផ្ទៃ
  ហួ យ៉ៃ
© រក្សាសិទ្ធិដោយ thmeythmey.com