អន្តរជាតិ
រដ្ឋមន្រ្តីហិរញ្ញវត្ថុ៖ ម៉ាឡេស៊ីមិនប្រឈមហានិភ័យក្ស័យធនដូចស្រីលង្កាទេ
20, Jul 2022 , 2:59 pm        
រូបភាព
រដ្ឋមន្រ្តីហិរញ្ញវត្ថុម៉ាឡេស៊ី Tengku Zafrul Tengku Abdul Aziz។ រូបថត Xinhua
រដ្ឋមន្រ្តីហិរញ្ញវត្ថុម៉ាឡេស៊ី Tengku Zafrul Tengku Abdul Aziz។ រូបថត Xinhua
ដោយ:
រដ្ឋមន្រ្តីហិរញ្ញវត្ថុម៉ាឡេស៊ី Tengku Zafrul Tengku Abdul Aziz អះអាងថា ម៉ាឡេស៊ីមិនងាយប្រឈមនឹងហានិភ័យក្ស័យធនដូចស្រីលង្កាទេ។ លោកបង្ហាញជំនឿចិត្តបែបនេះទៅកាន់សំណួររបស់សមាជិកសភា ដោយយោងតាមការព្យាករណ៍សេដ្ឋកិច្ចរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)។

 
ស្របពេលស្រីលង្កាក្លាយជាប្រទេសក្ស័យធនជាមួយអតិផរណាឡើងខ្ពស់ដល់ទៅ៥៤,៦ភាគរយប្រជាជនម៉ាឡេស៊ីឯណោះ ក៏ចាប់ផ្តើមប៉ាន់ស្មានពីស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេ ដោយខ្លាចក្រែងធ្លាក់ក្នុងផ្លូវតែមួយដូចស្រីលង្កា ព្រោះកម្រិតបំណុលខ្ពស់ដែរ។ បញ្ហានេះត្រូវបានប្រជាជនម៉ាឡេស៊ីបង្ហោះ និងចែកចាយពេញបណ្តាញសង្គម។ 
 
ឆ្លើយតបទៅនឹងសំណួររបស់សមាជិកសភាម្នាក់ពាក់ព័ន្ធនឹងបញ្ហាខាងលើ រដ្ឋមន្រ្តីហិរញ្ញវត្ថុម៉ាឡេស៊ីលោក Tengku Zafrul Tengku Abdul Aziz បញ្ជាក់ថា ម៉ាឡេស៊ីមិនប្រឈមហានិភ័យក្ស័យធនដូចស្រីលង្កាទេ។ រដ្ឋមន្រ្តីហិរញ្ញវត្ថុរូបនេះថែមទាំងអះអាងថា តាមការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) សេដ្ឋកិច្ចរបស់ម៉ាឡេស៊ីនឹងកើន ៥,៧៥ ភាគរយឯណោះនៅឆ្នាំនេះ។
 
« IMF មិនដែលប្រកាសថា ម៉ាឡេស៊ីកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចដែលអាចនាំឱ្យប្រទេសក្ស័យធនទេ»។ លោក Tengku Zafrul ថ្លែងបែបនេះនៅសភាថ្ងៃទី១៩ ខែកក្កដា ដោយបន្ថែមថា ប្រសិនបើប្រៀបធៀបសូចនាករសេដ្ឋកិច្ចម៉ាឡេស៊ីជាមួយស្រីលង្កា វាច្បាស់ណាស់ថា សេដ្ឋកិច្ចរបស់ម៉ាឡេស៊ីមានស្ថិរភាពជាង ហើយលទ្ធភាពក្ស័យធនគឺតិចណាស់។
 
ទោះជាយ៉ាងណា រដ្ឋមន្រ្តីខាងលើលើកឡើងថា រដ្ឋាភិបាលម៉ាឡេស៊ីត្រូវបន្តគ្រប់គ្រងហិរញ្ញវត្ថុរបស់ប្រទេស និងកម្រិតបំណុលដោយប្រយ័ត្នប្រយែង។ នៅត្រឹមដំណាច់ខែមិថុនា បំណុលជាតិម៉ាឡេស៊ីមានប្រមាណ៦០ភាគរយនៃផលិតផលក្នុងស្រុកសរុប។ បើតាមលោក Tengku Zafrul ក្រុងគូឡាឡាំពួមិនដែលខកខានបង់ការប្រាក់ និងសងបំណុលនោះទេ បើទោះជាប្រទេសខ្លួនធ្លាប់ឆ្លងកាត់វិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏ដោយ។
 
កាលពីប៉ុន្មានថ្ងៃមុន IMF បានចេញការព្រមានថា រដ្ឋអាស៊ីបួនដែលមានបំណុលខ្ពស់អាចនឹងប្រឈមវាសនាដូចស្រីលង្កា។ បើតាមទីភ្នាក់ងារព័ត៌មាន BBC ប្រទេសទាំងនោះមានប៉ាគីស្ថាន បង់ក្លាដែស ម៉ាល់ឌីវ និងឡាវ៕
 

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com