អន្តរជាតិ
សភាថៃ កំពុងជជែកដេញដោលជុំវិញការបោះឆ្នោតដកទំនុកចិត្តលោក ប្រាយុទ្ធ ជាលើកទី៤
20, Jul 2022 , 3:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា។ រូបថត AFP
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា។ រូបថត AFP
ដោយ:
សមាជិកសភាថៃ ចាប់ផ្តើមជជែកដេញដោលទៅលើការបោះឆ្នោតដកទំនុកចិត្តនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា។ នេះជាលើកទី៤ សម្រាប់ការបោះឆ្នោតបែបនេះ មុនបោះឆ្នោតសកលឆ្នាំ ២០២៣។ ក្នុងកិច្ចប្រជុំថ្ងៃទី១៩ ខែកក្កដា មេដឹកនាំបក្សប្រឆាំងថៃចោទលោក ប្រាយុទ្ធ ពីការគ្រប់គ្រងសេដ្ឋកិច្ចប្រទេសមិនបានល្អ ហើយមិនប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យ។ រី​ឯ  លោកប្រាយុទ្ធ អះអាងថា បានជួយស្តារសេដ្ឋកិច្ចប្រទេសដែលប៉ះពាល់ដោយជំងឺកូវីដ-១៩។

 
សភាថៃនៅថ្ងៃទី១៩ ខែកក្កដា បានបើកការដេញដោលរយៈពេល ៤ ថ្ងៃជុំវិញការបោះឆ្នោតដកទំនុកចិត្តនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា និងសមាជិកគណៈរដ្ឋមន្រ្តី១០រូបទៀតដែលត្រូវបានស្នើកាលពីខែមុនដោយក្រុមបក្សប្រឆាំង។ ក្រោយរួចផុតពីការបោះឆ្នោតទម្លាក់ ៣ ដងមកហើយ លោក ប្រាយុទ្ធនឹងប្រឈមនឹងការបោះឆ្នោតដកទំនុកចិត្តជាលើកចុងក្រោយដែលធ្វើឡើងនៅសភាជាន់ទាប នាថ្ងៃទី២៣ ខែកក្កដាខាងមុខ។ 
 
នៅថ្ងៃចាប់ផ្តើមនៃការជជែកដេញដោលនេះ លោក Cholanan Srikaew មេដឹកនាំបក្សប្រឆាំង Pheu Thai បានបន្ទោសរដ្ឋាភិបាលលោក ប្រាយុទ្ធ ជុំវិញការគ្រប់គ្រងប្រទេសមិនបានល្អដែលបណ្តាលឱ្យគម្លាតរវាងអ្នកមាន និងអ្នកក្រកាន់តែរីកធំ ព្រមទាំងដឹកនាំសេដ្ឋកិច្ចប្រទេសឱ្យដើរថយក្រោយថែមទៀត។ លោក Cholanan ក៏បានចោទលោក ប្រាយុទ្ធ លើការមិនអើពើអំពើពុករលួយក្នុងរដ្ឋាភិបាល និងការបង្កើនបំណុលសាធារណៈដើម្បីយកមកគាំទ្រគោលនយោបាយប្រជានិយមរបស់ខ្លួនផងដែរ។
 
«៨ឆ្នាំនៃការកាន់អំណាចមកនេះ  លោកនាយករដ្ឋមន្រ្តីបរាជ័យក្នុងការដោះស្រាយបញ្ហារបស់ប្រទេស និងលើកស្ទួយសុខុមាលភាពរបស់ប្រជាជន»។ មេដឹកនាំបក្សប្រឆាំងថៃប្រាប់សភាបែបនេះ ហើយបន្តថា ផ្ទុយទៅវិញ លោក ប្រាយុទ្ធ បានបង្កើតបញ្ហាជាច្រើនពិសេសអំពើពុករលួយ។
 
យ៉ាងណាមិញ នាយករដ្ឋមន្រ្តីថៃបានច្រានចោលការចោទប្រកាន់ទាំងនោះ ហើយនិយាយការពារថា រដ្ឋាភិបាលលោកបានដោះស្រាយបញ្ហាជាច្រើនរួមមាន ស្តារវិស័យទេសចរឡើងវិញ ក៏ដូចជាចាត់វិធានការផ្តល់ហិរញ្ញវត្ថុដើម្បីដោះទាល់ការលំបាកដែលបង្កដោយជំងឺរាតត្បាតកូវីដ-១៩ជាងពីរឆ្នាំមកនេះ។
 
« ខ្ញុំត្រូវតែបញ្ជាក់ឱ្យច្បាស់ ពីព្រោះលោកចោទខ្ញុំពីភាពបរាជ័យ។ រឿងនេះគឺមិនពិតទាំងស្រុង»។ លោក ប្រាយុទ្ធ តបទៅមេដឹកនាំប្រឆាំងបែបនេះ។
 
នាយករដ្ឋមន្រ្តីថៃ វ័យ ៦៨ឆ្នាំ រូបនេះ បានចូលកាន់អំណាចឆ្នាំ ២០១៤ ក្រោយធ្វើរដ្ឋប្រហារទម្លាក់អតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត់ មុនពេលជាប់ឆ្នោតសកលឆ្នាំ ២០១៩។ លោក ប្រាយុទ្ធ ដែលមានតំណែងជារដ្ឋមន្រ្តីការពារជាតិថៃដែរ ទទួលបានការគាំទ្រដោយសម្ព័ន្ធភាពកាន់អំណាចដែលមាន២៥៣ អាសនៈនៅសភា។ ប៉ុន្តែ កាលពីឆ្នាំមុន លោក Thammanat Prompao អគ្គលេខាធិការបក្សកាន់អំណាច ជាមួយនឹងសមាជិកសភា ២០ នាក់ទៀតត្រូវបានបណ្តេញចេញពីបក្ស រួចចូលរួមជាមួយបក្សសេដ្ឋកិច្ចថៃដែលទើបបង្កើតថ្មីវិញ។ 
 
បើតាមទីភ្នាក់ងារព័ត៌មាន AP ទន្ទឹមនឹងការជជែកដេញដោលនៅសភា ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលកំពុងប្រមូលផ្តុំនៅក្រៅសភា។ ពួកគេប្តេជ្ញាថានឹងធ្វើសកម្មភាពគ្រប់បែបយ៉ាងដើម្បីដាក់សម្ពាធឱ្យសមាជិកសភាបោះឆ្នោតទម្លាក់លោក ប្រាយុទ្ធ។
 
​ក្នុង​ឆ្នាំ២០២០ មនុស្ស​រាប់​ពាន់​នាក់​​បានធ្វើការតវ៉ាតាម​ដង​ផ្លូវដើម្បី​ទាមទារ​ឱ្យលោក ប្រាយុទ្ធ និង​គណៈរដ្ឋមន្ត្រី​របស់​លោក​លាលែង​ពី​តំណែង។ ពួក​គេ​ក៏​បាន​អំពាវនាវ​ឱ្យ​​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និងកែទម្រង់​របប​រាជានិយម​ផងដែរ។ ប៉ុន្តែការតវ៉ាទាំងនេះបានថមថយទៅវិញ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈមេដឹកនាំចលនាប្រឆាំងរដ្ឋាភិបាលនេះភាគច្រើនប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រថៃ។
 
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com