ជាតិ
សង្គមជាតិ
សាសនា / ធម៌
អតីតអ្នក​បួសខ្មែរ រៀបកម្មវិធីបោះជំរំរួម​គ្នាដើម្បីពង្រីក​វិសាលភាពគុណធម៌ក្នុងសង្គម
20, Jul 2022 , 4:54 pm        
រូបភាព
លោក ធឿន វុឌ្ឍី តំណាងអ្នករៀបចំកម្មវិធីបោះជំរំ-ជួបជុំអតីតអ្នកបួសខ្មែរ (រូប​ផ្ដល់ឱ្យ)
លោក ធឿន វុឌ្ឍី តំណាងអ្នករៀបចំកម្មវិធីបោះជំរំ-ជួបជុំអតីតអ្នកបួសខ្មែរ (រូប​ផ្ដល់ឱ្យ)
ភ្នំពេញ​៖ ជា​លើក​ដំបូង​ហើយ ដែល​ក្រុម​អតីត​អ្នក​បួស​រៀប​ចំ​កម្ម​វិធី​បោះ​ជំរំជួប​ជុំ​អតី​ត​អ្នក​បួស​ខ្មែរ​ដើម្បី​​លើក​កម្ពស់​ទំនាក់​ទំនង​ ​រឹត​ចំណង​មិត្ត​ភាព​និង​ចែក​រំលែក​បទ​ពិសោធគ្នា​។ កម្ម​វិធី​នេះមាន​គោល​បំណង​សំខាន់ គឺ​ពង្រីក​វិសាល​ភាពគុណធម៌និង​សីលធម៌​សង្គម​ តាម​រយៈ​អតីត​អ្នក​បួស​។

 
អតីត​អ្នក​បួស​មួយ​ក្រុម​បាន​ព្រម​ព្រៀង​គ្នា​រៀប​ចំ​កម្ម​វិធី​​ជុំ​បោះ​ជំរំ​-ជួប​ជុំ​អតីតអ្នក​បួស​ខ្មែរប្រចាំ​ឆ្នាំ​២០២២ នៅ​ផ្ទះ​តែ​អូររាំង ស្រុក​អូររាំង​ ខេត្ត​មណ្ឌល​គិរី ។កម្ម​វិធី​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​សុក្រ​ទី​២៩ ដល់​ថ្ងៃ​អាទិត្យ​ទី​៣១​ ខែ​កក្កដាឆ្នាំ​២០២២​នេះ។
 

រូប​ផ្ដល់​ឱ្យ

លោក​ ធឿន វុឌ្ឍីតំណាង​អ្នក​រៀប​ចំ​កម្ម​វិធី​បោះ​ជំរំ-ជួប​ជុំ​អតីតអ្នក​បួស​ខ្មែរបាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ តាម​ទូរសព្ទ​ថា កម្ម​វិធី​បោះ​ជំរំ​នេះមាន​គោល​បំណង​ចែក​រំលែក​បទ​ពិសោធ​ និង​ដំណើរ​ជីវិត​របស់​អតីត​អ្នក​បួស​ (មុន​និង​ក្រោយ​លាចាក​សិក្ខា​បទ​)។ ក៏​មាន​ដែរ​ កិច្ច​សិក្សា​ស្វែង​យល់​ពី​ចំណុច​ខ្លាំងបញ្ហា​ប្រឈម​ និង​បង្កើត​ឱ​កាស​ជួយ​គ្នា​ ក្នុង​នាម​​គ្រួសារ​អតី​ត​អ្នក​បួស​ខ្មែរ​​។
 
អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ការ​​​ជួយ​តម្រង់​ទិស​និង​ជួយ​ដាស់​តឿន​​អតី​តអ្នក​បួស ឱ្យ​នៅ​តែ​ប្រព្រឹត្ត​ល្អ ​បន្ត​ផ្សាយ​មេត្តាធម៌គុណ​ធម៌ និង​សីល​ធម៌​ទៅ​កាន់​សង្គម​ ឱ្យ​សម​ជា​អ្នក​ធ្លាប់​បាន​បួស​។​
 
លោក ធឿន វុឌ្ឍី បញ្ជាក់​បន្ថែម​៖«​យើង​ចង់​ដឹង​ថា​​គាត់​ធ្វើ​ការ​អ្វីនៅ​ទី​ណា​ខ្លះ​ ពេល​ចេញ​ពី​វត្ត។ តើ​គាត់​ជួប​ភាព​ជោគ​ជ័យឬ​ជួប​ទុក្ខ​លំបាក​យ៉ាង​ណា។ ដ្បិត​​យើង​សឹក​ក៏​ដោយ ប៉ុន្តែ​ចំណេះ​ដឹងបទ​ពិសោធ​ដែល​យើង​ធ្លាប់​បួស ធ្លាប់​លត់​ដំ​ខ្លួន​​គឺ​នៅ​មានក្នុង​ខ្លួន​មិន​បាត់​បង់​ទៅ​ណា​ទេ។​​ ​យើងអាច​ប្រាស់​ចាកការ​ប្រតិបត្តិ​​ខ្លះ​​ប៉ុន្តែ​​ក៏​យើង​នៅមាន​ក្នុង​ខ្លួន​ច្រើន​​។ យើង​ស្វាគមន៍​​អ្នក​ធ្លាប់​បួសនិង​​គ្រួសារ​របស់​គាត់​ ព្រោះ​​កម្ម​វិធី​របស់​យើង​​តម្រូវ​បែប​ហ្នឹង​។ចំណែក​អ្នក​មិន​ធ្លាប់​បួស​ គាត់​មិន​អាច​ទៅ​បាន​ទេ»។ 
 


  រូប​ផ្ដល់​ឱ្យ

គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែកក្កដានេះចំនួន​អ្នក​ចុះ​ឈ្មោះចូល​រួម​កម្ម​វិធី​បោះ​ជំរំ ​បាន​ប្រហែលជាង​​២០​នាក់។ទោះ​ជាយ៉ាង​ណា គេ​ត្រូវ​រង់​ចាំ​ដល់​​ថ្ងៃ​ទី​២៦ ខែ​កក្កដា​​ទើប​អាច​បូក​សរុបចំនួន​ជាក់​លាក់​បាន​។ អ្នក​ចុះ​ឈ្មោះ​មួយ​ចំនួន​​នៅ​មិន​ទាន់​បាន​បញ្ជាក់​ថា គាត់​នឹង​យក​គ្រួសារ​​របស់​គាត់​ទៅជា​មួយ​ឬ​យ៉ាង​ណា​នៅ​ឡើយ​។
 
អ្នក​ដែល​មាន​បំណង​ចង់​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ​អាច​ទៅ​តែ​ម្នាក់ឯងក៏​បាន​ និង​​នាំ​គ្រួសារ​ទៅ​ជា​មួយក៏​​បាន​​​​។ចំពោះ​ការ​ធ្វើ​ដំណើរ​ ​អ្នក​នៅ​​រាជ​ធានី​ភ្នំពេញអាច​ទៅ​ជា​មួយ​ក្រុម​ការ​ងារ​រៀប​ចំ​កម្ម​វិធី។
 
ប៉ុន្តែ​អ្នក​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗអាច​ដោះ​ស្រាយ​មធ្យោបាយ​ធ្វើ​ដំណើរ​ដោយ​ខ្លួន​ឯង​ ទៅ​កាន់​ផ្ទះ​តែ​អូររាំង​។ចំពោះ​តង់​វិញ ​បើ​អ្នកចូល​រួម​​មាន​តង់​ អាច​យក​ទៅ​ស្នាក់​ផ្ទាល់​ខ្លួន​។ចំពោះ​អាហារ និង​ទី​តាំង​បោះ​ជំរំ ម្ចាស់​ផ្ទះ​តែអូររាំង​ ជា​អ្នក​ឧបត្ថម្ភ​​៕
 


 រូប​ផ្ដល់​ឱ្យ
 

Tag:
 សាសនា
  គុណ​ធម៌​
  បោះ​ជំរំ
© រក្សាសិទ្ធិដោយ thmeythmey.com