កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ព្រមានដាក់ទណ្ឌកម្ម បើរដ្ឋាភិបាលអែលសាល់វ៉ាឌ័របន្តលូកដៃការតែងតាំងប្រធានសហព័ន្ធបាល់ទាត់ថ្មី
× សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ចេញសេចក្តីព្រមានដាក់ទណ្ឌកម្ម និងព្យួរសហព័ន្ធបាល់ទាត់អែលសាល់វ៉ាឌ័រ (FESFUT) ប្រសិនបើរដ្ឋាភិបាលប្រទេសនេះ ហ៊ានដកប្រធានសហព័ន្ធពេលបច្ចុប្បន្នចេញ និងតែងតាំងមន្ត្រីថ្មីដែលរើសដោយដៃខ្លួនឯង។ នេះបើតាមការផ្សាយទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃទី២១ ខែកក្កដា។
រឿងហេតុនាំឱ្យ FIFA ព្រមានដាក់ទណ្ឌកម្មលើស្ថាប័នកីឡាប្រទេសអែលសាល់វ៉ាឌ័របែបនេះ ដោយសារ កាលពីសប្តាហ៍មុន ក្រុមមន្ត្រីនៃ FESFUT ចំនួន៧នាក់ ត្រូវបានព្យួរភារកិច្ចការងារពីសំណាក់តុលាការក្នុងស្រុក។ ក្រុមមន្រី្តទាំង ៧នាក់ ដែលត្រូវបានព្យួរការងារនោះរួមមានប្រធាន FESFUT លោក Hugo Carrillo។ ក្រុមមន្ត្រីទាំងនោះ ត្រូវបានតុលាការចោទប្រកាន់ពីបទមិនគោរពតាមគោលការណ៍ឱ្យកែសម្រួលច្បាប់លក្ខន្តិកៈថ្មីរបស់ FESFUT ។
មិនត្រឹមតែប៉ុណ្ណោះតុលាការ ក៏បានអនុម័តផ្តល់សិទ្ធិដល់ស្ថាប័នកីឡាមួយដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល (INDES) ឱ្យចាត់ចែងតែងតាំងមន្ត្រីខ្លួនណាម្នាក់ទៅគ្រប់គ្រង FESFUT ហើយរៀបចំកែប្រែច្បាបថ្មីឱ្យស្របតាមច្បាប់របសរដ្ឋាភិបាលអែលសាល់វ៉ាឌ័រដែលទើបចែងថ្មីនោះ។
លិខិត FIFA មួយច្បាប់ដែលចេញផ្សាយដោយ FESFUT ថ្ងៃទី២០ ខែកក្កដា បានលើកឡើងថាកា រតែងតាំងមន្ត្រីថ្មីនោះ គឺស្ថិតនៅក្រៅរចនាសម្ព័ន្ធច្បាប់ និងបទប្បញ្ញាត្តិដែលអាចអនុវត្តបានចំពោះសហប័ន្ធ។ លិខិតនោះបានបញ្ជាក់ពីការទទួលស្គាល់តែមន្ត្រីដែលគេកំពុងព្យួរតែប៉ុណ្ណោះ។
«FIFA និង CONCACAF បានយល់ដឹងពីអង្គហេតុដែលបានកើតឡើងទាំងអស់នោះ ហើយរឿងនោះមានការជ្រៀតជ្រែកហួសហេតុក្នុងកិច្ចការរបស់សហព័ន្ធ និងបានរំលោភកាតព្វកិច្ចដែលបានដាក់លើ FESFUT នៅក្នុងលក្ខន្តិកៈរបស់ FIFA។»
FIFA បានអះអាងបន្ថែមថា ប្រសិនបើគណៈកម្មាធិការដែលបានតែងតាំងដោយ INDES នោះមិនព្រមដកខ្លួនពីតំណែងឱ្យបានមុនថ្ងៃទី២៥ ខែកក្កដា នោះករណីខាងលើនឹងបញ្ជូនទៅកាន់ក្រុមប្រឹក្សា FIFA ដែលនឹងសម្រេចចិត្តព្យួរសហព័ន្ធអែលសាល់វ៉ាឌ័រ (FESFUT) ទាំងស្រុង។
ក្រោយការប្រកាសរបស់ FIFA មិនបានប៉ុន្មាននាទីប្រធានរបស់ INDES លោក Yamil Bukele បានបដិសេធចំពោះការចោទប្រកាន់របស់ FIFA ហើយលោកថា នឹងការពារមិនឱ្យមានការដាក់ទណ្ឌកម្មពី FIFA ឡើយ។
ជាវិធានការ FESFUT អាចបាត់បង់សិទ្ធិជាសមាជិករបស់ FIFA ហើយនឹងមិនទទួលបានការអនុញ្ញាតឱ្យចូលរួមប្រកួតក្នុងពានរង្វាន់អន្តរជាតិនានាដូចជាពានរង្វាន់ League of Nations, CONCACAF Gold Cup និងការប្រកួត World Cup ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com