កីឡាអន្តរជាតិ
អន្តរជាតិ
អែលសាល់វ៉ាឌ័រផ្អាកតែងតាំងគណៈកម្មាធិការបាលទាត់ថ្មី ក្រោយ FIFA ព្រមាន
× វិទ្យាស្ថានបាល់ទាត់ជាតិរបស់អែលសាល់វ៉ាឌ័រ (INDES) ថ្ងៃទី២៣ ខែកក្កដា បានផ្អាកការតែងតាំងគណៈកម្មាធិការ និងប្រធានសហព័ន្ធបាល់ទាត់ថ្មី ដែលទំនងជាការបញ្ចៀសទំនាស់ជាមួយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ដែលព្រមានដាក់ទណ្ឌកម្ម។
កាលពីសប្តាហ៍មុន តុលាការក្នុងស្រុកមួយដែលមានទំនាក់ទំនងជាមួយ INDES បានសម្រេចព្យួរតួនាទីរបស់មន្ត្រីសហព័ន្ធបាល់ទាត់អែលសាល់វ៉ាឌ័រ (FESFUT) ៧រូប ដោយរួមមានប្រធានសហព័ន្ធមួយរូប ដោយចោទប្រកាន់ថាមិនព្រមកែប្រែច្បាប់តាមលក្ខន្តិកៈថ្មីដែលរដ្ឋាភិបាលអែលសាល់វ៉ាឌ័រតម្រូវ។ INDES ទទួលបានសិទ្ធិអនុញ្ញាតពីតុលាការនោះ ឱ្យតែងតាំងគណៈកម្មាធិការ និងប្រធានសហព័ន្ធបាល់ទាត់ថ្មីដើម្បីរៀបចំការងារកែតម្រូវច្បាប់ថ្មីនេះ។
យ៉ាងណាមិញ FIFA ចោទថា អ្វីដែលកើតឡើង មានការលូកដៃពីរដ្ឋាភិបាលខ្លាំងពេក និងជាការរំលោភបំពានកាតព្វកិច្ចដែលសហព័ន្ធបាល់ពិភពលោកមួយនេះបានដាក់លើ FESFUT។
កាលពីថ្ងៃទី២០ ខែកក្កដា FIFA បានព្រមានបញ្ជូនករណីនេះទៅក្រុមប្រឹក្សា FIFA ឱ្យសម្រេចដាក់ទណ្ឌកម្ម បើមិនបញ្ឈប់ទង្វើទាំងអស់នេះនៅត្រឹមថ្ងៃទី២៥ ខែកក្កដា។
បន្ទាប់ពីរងការព្រមាន ហើយខិតជិតដល់ថ្ងៃដែល FIFA បានកំណត់ INDES ក៏បានសម្រេចផ្អាកការតែងតាំងនោះ ស្របទៅតាមការស្នើសុំពីសំណាក់ក្រុមកីឡាករ អាជ្ញាកណ្តាល និងក្លិបនៅក្នុងស្រុក។
ក្រុមកីឡាករ អាជ្ញាកណ្តាលនិងក្លិបទាំងនោះក៏ស្នើឱ្យមានការរៀបចំធ្វើសមាជពិសេសមួយដើម្បីជ្រើសរើស គណៈកម្មាធិការ និងប្រធានសហព័ន្ធបាល់ទាត់ថ្មីឱ្យស្របតាមច្បាប់ដែល FIFA កំណត់៕
© រក្សាសិទ្ធិដោយ thmeythmey.com