ជាតិ
សង្គមជាតិ
ម្ដាយ និងកូន ស្លាប់ក្នុងទឹកត្រពាំងស្លាកែត សមត្ថកិច្ចកំពុងការស្រាវជ្រាវ
24, Jul 2022 , 3:59 pm        
រូបភាព
សាកសពជនរងគ្រោះ ក្រោយស្រង់ចេញពីត្រពាំង។ រូបភាព៖ ហ្វេសប៊ុក ពូម៉ៅអ្នកខេត្តសៀមរាប
សាកសពជនរងគ្រោះ ក្រោយស្រង់ចេញពីត្រពាំង។ រូបភាព៖ ហ្វេសប៊ុក ពូម៉ៅអ្នកខេត្តសៀមរាប
សៀមរាប៖ កម្លាំងប៉ុស្ដិ៍នគរបាលសង្កាត់ទឹកវិល កំពុងបន្តស្រាវជ្រាវ ករណីស្រ្តីវ័យក្មេងម្នាក់ និងកូនម្នាក់ ស្លាប់ក្នុងទឹកត្រពាំងស្លាកែត ក្នុងភូមិប្រយុទ្ធ សង្កាត់ទឹកវិល ក្រុងសៀមរាប ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់។

 
នាយប៉ុស្ដិ៍ស្ដីទីសង្កាត់ទឹកវិល លោក មឿន សុថៃ ប្រាប់សារព័ត៌មានថ្មីៗថា ស្រ្ដីជនរងគ្រោះអាយុ៣០ឆ្នាំ រួមនិងកូនម្នាក់អាយុ៩ឆ្នាំ និងម៉ូតូមួយគ្រឿងផង ត្រូវបានរាវរកឃើញក្នុងទឹកត្រពាំងស្លាកែត ដែលស្ថិតនៅភូមិប្រយុទ្ធ សង្កាត់ទឹកវិល។  លោកបន្តថា ហេតុការណ៍ខាងលើនេះកើតឡើងអំឡុងម៉ោង១០ព្រឹក ថ្ងៃទី២៤ ខែកក្កដា ដោយបង្កឱ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋក្នុងភូមិ។ 
 
លោកនាយប៉ុស្ដិ៍បន្ថែមថា ស្រ្ដីរងគ្រោះ បានដឹកកូនពីរនាក់ទៅកន្លែងកើតហេតុ និងបានធ្លាក់ក្នុងទឹកត្រពាំងនោះដោយពុំទាន់មូលហេតុ។ កូនម្នាក់ បានស្រវាឡើងគោកបាន និងបានទៅផ្ទះប្រាប់ហេតុការណ៍ដល់ឪពុក។ លោក មឿន សុថៃ បញ្ជាក់ថា ជនរងគ្រោះមិនមានស្លាកស្លាមជាប់លើខ្លួនទេ ចំណែកកូនដែលគេចផុតពីគ្រោះថ្នាក់ ក៏សមត្ថកិច្ចមិនទាន់បានសួរចម្លើយដែរ ដោយគេមានភាពភ័យខ្លាច ស្លន់ស្លោខ្លាំង និងគេងសម្រាកនៅផ្ទះ។ 
 
យ៉ាងណា តាមចម្លើយម្ដាយជនរងគ្រោះ ជនរងគ្រោះឈ្មោះ ភឿង ជីអឺ ធ្លាប់ត្រូវបានឪពុកម្ដាយនាំទៅពិគ្រោះជាមួយគ្រូពេទ្យផ្នែកសសៃប្រសាទ និងទទួលបានថ្នាំរំងាប់អារម្មណ៍មកលេបផងដែរ។ ជនរងគ្រោះធ្លាប់បានទៅអង្គុយលេងនៅត្រពាំងខាងលើ ដោយមានអាការៈភ្លឹកៗ។ លោកនាយប៉ុស្ដិ៍ស្ដីទីទឹកវិលប្រាប់ទៀតថា៖« ឮថា មិនសូវត្រូវជាមួយប្ដីគាត់ នេះតាមសម្ដីម្ដាយ យើងមិនដឹងថា ហេតុអ្វីគាត់ជិះទៅផ្លូវនោះ [ត្រពាំងស្លាកែត] ព្រោះផ្ទះនៅលិចឯណោះទេ តែជិះទៅខាងកើត»។
 
សមត្ថកិច្ចបានប្រគល់សាកសពទៅគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីហើយ តែនៅបន្តរកមូលហេតុទៀត ដើម្បីឱ្យប្រាកដពីការស្លាប់ខាងលើនេះ៕
 


 ពលរដ្ឋផ្អើលមើលហេតុការណ៍ខាងលើ។ រូបភាព៖ ហ្វេសប៊ុក ពូម៉ៅអ្នកខេត្តសៀមរាប
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com