ជាតិ
CATA ប្រកាសជ្រើសរើសសិក្ខាកាមចូលរៀនវគ្គរំលឹកឡើងវិញ លើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច
25, Jul 2022 , 8:29 am        
រូបភាព
ប្រធានសមាគមទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន ពេលផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ពីគម្រោងវគ្គបណ្ដុះបណ្ដាល នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។
ប្រធានសមាគមទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន ពេលផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ពីគម្រោងវគ្គបណ្ដុះបណ្ដាល នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។
សៀមរាប៖ សមាគមទេសចរណ៍កម្ពុជា ហៅកាត់ថា CATA ប្រកាសជ្រើសរើសសិក្ខាកាមដែលជាប្រតិបត្តិករ មគ្គុទេ្ទសក៍ និងអ្នកបម្រើការលើវិស័យសណ្ឋាគារជាង១ពាន់នាក់ ដើម្បីចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការរំលឹកឡើងវិញនូវជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ដែលធ្វើឡើងនៅខេត្តសៀមរាប។

 
ប្រធានសមាគមទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលខាងលើ ចែកជា៣ផ្នែកផ្សេងគ្នា ទី១ ផ្នែកទីភ្នាក់ងារទេសចរណ៍ ទី២ផ្នែកមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់ភាសា និងទី៣ ផ្នែកបដិសណ្ឋារកិច្ច មានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងស្ប៉ា។ វគ្គទាំង៣នេះ នឹងទទួលសិក្ខាកាមសរុប ១,១២៤នាក់ ដែលពួកគេអាចដាក់ពាក្យមកកាន់សមាគមទេសចរណ៍កម្ពុជាបាន។ 
 
CATA បានទទួលហិរញ្ញប្បទានពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដែលចំណុះឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងទំហំទឹកប្រាក់ជិត៥០ម៉ឺនដុល្លារ ដើម្បីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការការរំលឹកឡើងវិញនូវជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច។ ជំនាញទាំងនេះ ត្រូវបានគេមើលឃើញថា មានធ្លាក់ចុះលើការផ្តល់សេវាកម្មដល់ភ្ញៀវទេសចរ។ ការធ្លាក់ចុះនេះ ដោយសារការផ្អាក និងឈប់ពីការងារជំនាញរបស់ខ្លួន ក្នុងកំឡុងពេលវិបត្តិជំងឺកូវីដ១៩ជាង២ឆ្នាំមកនេះ។ បុគ្គលិកទាំងនោះបានងាកទៅប្រកបការងារផ្សេងៗក្រៅពីជំនាញរបស់ខ្លួន ហើយខ្លះក៏បានត្រឡប់មកវិញ ខ្លះទៀតក៏មិនត្រឡប់វិញដែរពេលកម្ពុជាប្រកាសបើកប្រទេសឡើងវិញ ដែលធ្វើឱ្យមានការបារម្ភចំពោះកង្វះកម្លាំងពលកម្មផ្នែកទេសចរណ៍។ 


អ្នកចូលរួមក្នុងពិធីផ្សព្វផ្សាយវគ្គបណ្ដុះបណ្ដាលពីការរំលឹកឡើងវិញនូវជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច។ 

លោកស្រី ឆាយ ស៊ីវលីន លើកឡើងថា៖«ឥឡូវយើងចាប់ផ្តើមទទួលទេសចរបណ្ដើរៗវិញហើយ ក្នុងន័យនេះយើងឃើញថា នៅពេលដែលការងារត្រឡប់មកវិញ នៅពេលដែលភ្ញៀវចាប់ផ្តើមត្រឡប់មកវិញ គឺយើងកំពុងតែជួបប្រឈម គឺបញ្ហាធនធានមនុស្ស អ៊ីចឹងហើយបានជាយើងសុំគម្រោងហិរញ្ញប្បទានរបស់ក្រសួងសេដ្ឋកិច្ចតាមរយៈ SDF យកមកបណ្ដុះបណ្ដាលលើជំនាញដែលមានស្រាប់ ហើយនឹងបណ្ដុះបណ្ដាលលើអក្ខរកម្មទេសចរណ៍ផងដែរ»។
 
ក្នុងពិធីផ្សព្វផ្សាយគម្រោងខាងលើដែលរៀបចំនៅភោជនីយដ្ឋានផាឡេត អង្គរ នាថ្ងៃទី២២ ខែកក្កដា ដោយមានការចូលរួមពីប្រតិបត្តិករទេសចរណ៍ប្រមាណ៥០នាក់ លោកស្រី ឆាយ ស៊ីវលីន បញ្ជាក់ថា នេះជាគម្រោងសាកល្បង ហើយប្រសិនបើវាជោគជ័យ នោះCATA នឹងដាក់សំណើរទៅក្រសួងសេដ្ឋកិច្ច ដើម្បីសុំហិរញ្ញប្បទានបន្តរៀបចំវគ្គបណ្ដុះបណ្ដាលខ្លីនេះបន្ថែម។  លោកស្រីរំពឹងថា ប្រតិបត្តិករ មគ្គុទ្ទេសក៍ និងបុគ្គលិកផ្នែកទេសចរណ៍ទាំងអស់នឹងចូលរួម គាំទ្រ ដើម្បីពង្រឹងសមត្ថកិច្ចលើជំនាញផ្ទាល់ខ្លួនឡើងវិញ ជំរុញឱ្យវិស័យទេសចរណ៍កម្ពុជាមានភាពល្អប្រសើរដូចគ្រាមុន។
 


បុគ្គលិកផ្នែកបម្រើភេសជ្ជៈនៅភោជនីយដ្ឋានផាឡេតអង្គរ
 
រាជរដ្ឋាភិបាលតាមរយៈសេក្ដីណែនាំអំពីវិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍ ចុះថ្ងៃទី១៥ ខែកក្កដា ក៏ជំរុញឱ្យមានការពង្រឹងជំនាញបុគ្គលិកក្នុងវិស័យនេះដែរ។ ចំណុចទី៣ នៃសេចក្ដីណែនាំខាងលើមានខ្លឹមសារថា៖« ជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍ រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញជូនដល់បុគ្គលិករបស់ខ្លួនដោយខ្លួនឯង និងមានលទ្ធភាពស្នើសុំការគាំទ្រហិរញ្ញប្បទា ពីសំណាក់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់»។ 
 
សូមបញ្ជាក់ថា សមាគមទេសចរណ៍កម្ពុជានឹងចាប់ផ្តើមទទួលចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៥ ខែសីហា។ ការបរិច្ឆេទចូលរៀន ចាប់ពីថ្ងៃទី២២ ខែសីហា រហូតដល់ថ្ងៃទី២២ ខែតុលា។ វគ្គបណ្ដុះបណ្ដាលនីមួយៗមានចែកវគ្គ និងក្រុមផ្សេងៗ មានពេលព្រឹក និងរសៀល ពីថ្ងៃចន្ទ ដល់សុក្រ ដែលមួយវគ្គមានរយៈពេលចាប់ពី៥ថ្ងៃ (សម្រាប់ផ្នែកទីភ្នាក់ងារទេសចរណ៍ និងមគ្គុទ្ទេសក៍) និងជាង២០ថ្ងៃ (ផ្នែកបដិសណ្ឋារកិច្ច) ដែលធ្វើឡើងនៅសណ្ឋាគារស្ដារីអង្គរ៕
 


 
 
 
 

Tag:
 CATA
  ទេសចរណ៍
  ឆាយ ស៊ីវលីន
© រក្សាសិទ្ធិដោយ thmeythmey.com