ជាតិ
រដ្ឋាភិបាលបង្កើតក្រុមការងារដោះស្រាយសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ ក្រុមការងារអាជ្ញាធរជាតិអប្សរា ចុះរុះរើសំណង់ខុសច្បាប់ក្នុងតំបន់អង្គរនាពេលកន្លងមក។ រូបភាពពីអាជ្ញាធរជាតិអប្សរា
× សៀមរាប៖ រាជរដ្ឋាភិបាល បានសម្រេចបង្កើត និងតែងតាំងសមាសភាពក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
សមាសភាពក្រុមការងារខាងលើមាន១៣រូប ក្នុងនោះ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន។ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប ជាអនុប្រធាន និងលោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអនុប្រធានអចិន្រ្តៃយ៍។
លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងពិធីសម្ពោធសួនរុក្ខជាតិអង្គរ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។ រូបភាព៖ អាជ្ញាធរជាតិអប្សរា
ក្រៅពីនេះ ក៏មានសភាពភាពជាសមាជិកចូលរួមពីមន្រ្តីតាមក្រសួងពាក់ព័ន្ធដទៃទៀត នៅថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង មានក្រសួងរៀបចំដែនដី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការជាដើម។ នេះបើតាមសេចក្ដីសម្រេចចុះថ្ងៃទី២០ ខែកក្កដា ដែលមានចុះហត្ថលេខាដោយសម្ដេច ហ៊ុន សែន។
សារព័ត៌មានថ្មីៗ មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានទេនៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះ។ គេដឹងថា សំណង់ខុសច្បាប់បានផ្ទុះឡើងសាជាថ្មីនៅរយៈពេលចុងក្រោយនេះ ពិសេសកំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៦ និងមុនពេលបោះឆ្នោតជាតិនៅឆ្នាំក្រោយ។ រដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា តាមរយៈគណៈកម្មាធិការចម្រុះរុះរើសំណង់ខុសច្បាប់ បានបង្ហាញទង្វើមិនចុះសម្រុងគ្នាលើការងាររួមនេះ។ យ៉ាងណា លោក ទៀ សីហា បានចេញមុខបញ្ជាក់ថា សំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ នឹងត្រូវរុះរើទាំងអស់ ដោយពុំមានការយោគយល់ឡើយ៕
Tag:
ក្រុមការងារដោះស្រាយសំណង់ខុសច្បាប់
ជា សុផារ៉ា
រមណីយដ្ឋានអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com