ជាតិ
សេដ្ឋកិច្ច
អាជ្ញាធរខេត្តព្រះសីហនុ​កំពុង​ដោះស្រាយ​បញ្ហាសំណង់​អគារជាង១០០០កន្លែង ដែលជាប់គាំង
27, Jul 2022 , 11:09 am        
រូបភាព
ខេត្ត​ព្រះសីហនុមានសំណង់អគារ រហូតជាង១០០០កន្លែងកំពុងជាប់គាំងការសាងសង់ ខណៈអាជ្ញាធរកំពុងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហានេះ។  លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានបញ្ជាក់ថា ភាពជាប់គាំងនៃសំណង់ទាំងនោះ គឺ​ជាផ្នែកមួយដែលប៉ះពាល់ដល់ការអនុវត្តផែនការមេរបស់កម្ពុជាក្នុងការអភិវឌ្ឍខេត្តតំបន់សមុទ្រមួយ​នេះ​ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

 
បច្ចុប្បន្ន រដ្ឋបាលខេត្តព្រះសីហនុ កំពុងសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,​ អ្នកជំនាញផ្នែកអចលនទ្រព្យ, វិស័យធនាគារ, វិស័យឯកជន រួមទាំងភាគីពាក់ព័ន្ធផ្សេងៗទៀត ដើម្បីដោះស្រាយបញ្ហាជាប់គាំងនៃសំណង់អគារនៅក្រុងព្រះសីហនុ​ដែលមានរហូតដល់ ១ ១៥០កន្លែង ឱ្យបានឆាប់រហ័ស។ នេះជាការលើកឡើងរបស់លោក ឡុង ឌីម៉ង់ ដោយបាននិយាយដូច្នេះ៖ « បើសិនជាការងារហ្នឹងនៅអូសបន្លាយយូរ! វា​អាចប៉ះពាល់ដល់ការអនុវត្ត[ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង]»។​ 
 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកស្តាប់បទសម្ភាសរវាងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ជាមួយកញ្ញា អ៊ូ សុខមាននៃសារព័ត៌មានថ្មីៗតាមទូរសព្ទ ខាងក្រោម៖​




បើតាមលោក ឡុង ឌីម៉ង់ បច្ចុប្បន្នតាមប្លង់គោលនៃការអភិវឌ្ឍខេត្តព្រះសីហនុទាំងមូលឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង, ឱ្យក្លាយជាទីក្រុងមជ្ឈមណ្ឌលពាណិជ្ជកម្មហិរញ្ញវត្ថុ, មជ្ឈមណ្ឌលឧស្សាហកម្ម​បច្ចេកវិទ្យាថ្មី​នោះ អាចមានការលំបាកខ្លះក្នុងការអនុវត្ត ព្រោះតែភាពជាប់គាំងនៃសំណង់អគារដែលនៅរាយប៉ាយគ្រប់កន្លែងទាំងអស់នេះ។
 


លោក ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យខេត្តព្រះសីហនុ។ រូបថត៖ ហ្វេសបុក លោក ឡុង ឌីម៉ង់

«សំណង់អគារមិនទាន់ធ្វើហើយនៅច្រើនស្អេកស្កះបែបនេះ​ វាស្មើនឹងអស្ថិរភាពមួយចំនួន ស្របពេលដែលស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ផ្សេងៗយើងល្អណាស់»។ លោក ឡុង ឌីម៉ង​ ថ្លែងនេះបែបមកកាន់សារព័ត៌មានថ្មីៗតាមទូរសព្ទនារសៀលថ្ងៃទី២៦កក្កដា។ អភិបាលរង និងជាអ្នកនាំពាក្យខេត្តព្រះសីហនុរូបនេះបានបញ្ជាក់បន្ថែមយ៉ាងដូច្នេះ៖ «​ រូបភាពនេះ ជះឥទ្ធិពលឱ្យមើលឃើញថា វាហាក់ដូចជាអស្ថិរភាពផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មទៅវិញ។ អ៊ីចឹងបានជាយើងគិតថា!​ ដើម្បីទាក់ទាញអ្នកវិនិយោគឱ្យចូលមក វាទាល់តែមានកិច្ចការងារខ្លះយើងត្រូវសម្អាតឱ្យហើយដែរ។ នេះជាកិច្ចការដែលយើងចាត់ទុកជាផ្នែកមួយនៃអទិភាពរបស់យើង»។​ 
 
អត្ថបទទាក់ទង

អគារជាង១០០០កន្លែងនៅក្រុងព្រះសីហនុ ដែលកំពុងជាប់គាំងការសាងសង់មកទល់សព្វថ្ងៃនេះ គឺមកពីការបិទហ្គេមអនឡាញ និងវិបត្តិកូវីដ-១៩ នារយៈពេល៣ឆ្នាំចុងក្រោយនេះ។ អគារដែលនៅជាប់គាំងទាំងនោះ​ ភាគច្រើនមានម្ចាស់ទីតាំង ជាជនជាតិខ្មែរ រីឯគម្រោងសំណងអគារនានា គឺជាការវិនិយោគផ្ទាល់របស់ជនជាតិចិន។ បើតាមលោក ឡុង ឌីម៉ង់ បច្ចុប្បន្ន វិបត្តិនេះ​​ហាក់មានសញ្ញាវិជ្ជមានមួយចំនួនក្នុងការដោះស្រាយហើយ ដែលសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានស្នើសុំគោលការណ៍លើកទឹកចិត្តមួយចំនួនពីរាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ។
 

អគារ ១ ១៥០កន្លែងនៅខេត្តព្រះសីហនុ កំពុងជាប់គាំងការសាងសង់មកទល់បច្ចុប្បន្ន

ខេត្តព្រះសីហនុ ត្រូវបានរដ្ឋាភិបាលដាក់ផែនការអភិវឌ្ឍតំបន់សមុទ្រមួយនេះ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដើម្បីឈានឱ្យក្លាយជាក្បាលម៉ាស៊ីនថ្មីមួយ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។ការអភិវឌ្ឍខេត្តនេះ គឺជាចំណែកមួយយ៉ាងធំ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។
 
ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យនេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានប្រសាសន៍ថា៖ «ផែនការមេនេះ បានកំណត់គោលដៅអភិវឌ្ឍប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចមួយដ៏សំខាន់ នៅអាស៊ីអាគ្នេយ៍ ដោយប្រើប្រាស់នូវបច្ចេកវិទ្យា​ និងបំពាក់បរិក្ខាវ័យឆ្លាត ហើយជាតំបន់ឧស្សាហកម្មខ្ពស់ដែលចូលរួមបម្រើឱ្យខ្សែច្រវ៉ាក់ផលិតកម្មក្នុងតំបន់ និងសាកលលោក ស្របទៅតាមទិសដៅនៃការអភិវឌ្ឍបៃតងប្រកបដោយចីរភាព។ ជាពិសេស ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ក្នុងការផ្តល់ការងារជូនពលរដ្ឋ​ ប្រមូលចំណូលជូនរដ្ឋាភិបាល និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទាំងមូល»៕ 
 
 
 
 

Tag:
 អគារជាង១០០០កន្លែង
  លោក ឡុង ឌីម៉ង់​
  ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com