ជាតិ
ក្រសួងទេសចរណ៍ បណ្ដុះបណ្ដាលគ្រូបង្គោលស្ដង់ដារថ្នាក់តំបន់សហគមន៍ទេសចរណ៍អាស៊ាន
30, Jul 2022 , 2:00 pm        
រូបភាព
ក្រុមគ្រូបង្គោលអាស៊ានទស្សនកិច្ចនៅសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ។ រូបភាព៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប
ក្រុមគ្រូបង្គោលអាស៊ានទស្សនកិច្ចនៅសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ។ រូបភាព៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប
សៀមរាប៖ គ្រូបង្គោលលើស្ដង់ដាថ្នាក់តំបន់សហគមន៍ទេសចរណ៍អាស៊ាន៥៤នាក់ មកពីប្រទេសអាស៊ាន ទទួលការបណ្ដុះបណ្ដាលពីក្រសួងទេសចរណ៍កម្ពុជា ដើម្បីពង្រឹងសមត្ថភាពលើការកំណត់ស្ដង់ដារ និងការគ្រប់គ្រងសហគមន៍ទេសចរណ៍អាស៊ាន។

 
ក្រសួងទេសចរណ៍កម្ពុជា ដោយបានការគាំទ្រពីលេខាធិការដ្ឋានអាស៊ាន បានធ្វើជាម្ចាស់ផ្ទះ រៀបចំបើកវគ្គបណ្ដុះបណ្ដាលថ្នាក់តំបន់ ជូនគ្រូបង្គោលស្តង់ដារសហគមន៍ទេសចរណ៍អាស៊ានលើកទី២ រយៈពេលពីរថ្ងៃ គឺថ្ងៃទី២៧ និង២៨ ខែកក្កដា នៅសណ្ឋាគារសុខាល័យ ខេត្តសៀមរាប។​​ សិក្ខាកាមមានចំនួន៥៤នាក់ មកពីប្រទេសទាំង១០នៃសមាជិកអាស៊ាន តែអវត្តមានប្រទេសសិង្ហបុរី ហ្វីលីពីន និងឥណ្ឌូនេស៊ី។ 
 
រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ហោ មុនីរ័ត្ន បានឱ្យដឹងថា វិបត្តិជំងឺកូវីដ-១៩ ធ្វើឱ្យពិភពលោកជួបវិបត្តិស្ទើរគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ក៏រងគ្រោះធ្ងន់ធ្ងរផងដែរ។ មនុស្សរាប់លាននាក់គ្មានការងារធ្វើ ការតភ្ជាប់ពិភពលោកត្រូវបានកាត់ផ្ដាច់ និងអនាគតមិនច្បាស់លាស់។ លោករដ្ឋលេខាធិការបន្ថែមថា ផែនការការងារកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន កម្មវិធីសិក្សាទូទៅអាស៊ាន សម្រាប់ការបណ្ដុះបណ្ដាល និងអប់រំស្តង់ដារគុណភាពអាស៊ានមួយចំនួន រួមទាំងស្តង់ដារទេសចរណ៍សហគមន៍អាស៊ានផង។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងបំណង​ចែករំលែកចំណេះដឹង បទពិសោធន៍ ទៅប្រតិបត្តិករពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍សហគមន៍ ក្នុងប្រទេសនីមួយៗ។ ហើយវាក៏ជាការប្ដេជ្ញាចិត្តមួយទៀត របស់ថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន ក្នុងការលើកកម្ពស់គុណភាពស្តង់ដារទេសចរណ៍សហគមន៍អាស៊ានផងដែរ។ លោក ហោ មុនីរ័ត្ន បន្ថែម។
 
ក្នុងវគ្គបណ្ដុះបណ្ដាលនេះ ក៏បាននាំសិក្ខាកាមទៅទស្សនកិច្ចនៅសហគមន៍ទេសចរណ៍បា​គងភូមិខ្ញុំផងដែរ ​ដើម្បីពិនិត្យមើលពីសកម្មភាពបម្រើសេវានៅទីនោះ ដូចជាភាពប្រា​ស្រ័យ​ទាក់ទង ជាមួយប្រជាសហគមន៍មូលដ្ឋាន។ 
 
សហគមន៍ទេសចរណ៍ គឺសំដៅដល់ទីតាំង​ ឬកន្លែងទាក់ទាញទេសចរ​ ដែលរៀបចំដោយសហគមន៍មូលដ្ឋានខ្លួនផ្ទាល់ ឬដោយមានកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាពរស់នៅ របស់សហគមន៍ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព៕
 

Tag:
 សហគមន៍ទេសចរណ៍អាស៊ាន
  វិស័យទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com