ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា បន្តជួយគាំទ្រទីម័រខាងកើត ដើម្បីបានចូលក្នុងគ្រួសារអាស៊ាន
01, Aug 2022 , 11:09 am        
រូបភាព
រូបសម្តេច ហ៊ុន សែន ពីទំព័រហ្វេសប៊ុករបស់សម្តេច, រូបលោក Taur Matan Ruak ពី AFP
រូបសម្តេច ហ៊ុន សែន ពីទំព័រហ្វេសប៊ុករបស់សម្តេច, រូបលោក Taur Matan Ruak ពី AFP
ដោយ: ថ្មីៗ
នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន និងនាយករដ្ឋមន្រ្តីទីម័រខាងកើត លោក តួ ម៉ាតាន់ រ៉ូក (Taur Matan Ruak) បានផ្ញើសារជូនគ្នាទៅវិញទៅមក ដើម្បីអបអរសាទរខួប២០ឆ្នាំគត់នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ទីម័រខាងកើត។

 
«ខ្ញុំ សូមបញ្ជាក់ជាថ្មីអំពីការគាំទ្រមិនងាករេរបស់កម្ពុជា ដល់ទីម័រខាងកើត ចំពោះការស្នើសុំចូលជាសមាជិកអាស៊ាន»។ នេះប្រសាសន៍របស់មេដឹកនាំកម្ពុជា ក្នុងលិខិត ចុះនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។ 
 
ចំណែកមេដឹកនាំទីម័រខាងកើត បានបញ្ជាក់ក្នុងលិខិត ដែលចុះកាលបរិច្ឆេទតាំងពីនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ថា៖«ខ្ញុំ ជឿថា ចំណងមិត្តភាពដ៏ល្អរបស់យើង នឹងបន្តទៅមុខជាច្រើនឆ្នាំទៀត»។  
 
សម្តេច ហ៊ុន សែន លើកឡើងថា កម្ពុជានិងទីម័រខាងកើត បានគាំទ្រគ្នាទៅវិញទៅមកលើបញ្ហានានា ដែលជាផលប្រយោជន៍រួម។ សម្តេច ប្តេជ្ញាថា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក តួ ម៉ាតាន់ រ៉ូក ដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនងកម្ពុជា-ទីម័រខាងកើត និងដើម្បីផលប្រយោជន៍នៃប្រជាជាតិទាំង២។ 
 
ដូចសម្តេច ហ៊ុន សែន ដែរ លោក តួ ម៉ាតាន់ រ៉ូក ជម្រាបថា លោក ប្តេជ្ញាពង្រឹងបន្ថែមនូវចំណងមិត្តភាពទ្វេភាគីដែលកំពង់មានស្រាប់ ហើយលោក នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការដោះស្រាយបញ្ហាសំខាន់ៗនានាទាំងក្នុងតំបន់និងក្នុងពិភពលោក។ 
 
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីបរទេសកម្ពុជា និងអ្នកស្រី អាដាល់ជីហ្សា អាល់ប៊ឺទីណា ហ្សាវៀ រ៉េស ម៉ាហ្គណូ (Adaljiza Albertina Xavier Reis Magno) រដ្ឋមន្រ្តីការបរទេសទីម័រខាងកើត ក៏បានផ្ញើលិខិតជូនគ្នាដែរ ដើម្បីអបអរសាទរខួប២០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំង២។ 
 
សូមរម្លឹកថា ទំនាក់ទំនងការទូតកម្ពុជា-ទីម័រខាងកើត ត្រូវបានបង្កើតឡើង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០២៕  
 

Tag:
 កម្ពុជា
  ទីម័រខាងកើត
  ខួប២០ឆ្នាំនៃទំនាក់ទំនងការទូត
© រក្សាសិទ្ធិដោយ thmeythmey.com