ជាតិ
សម្ដេច ហ៊ុន សែន៖ ត្រូវធ្វើមន្ត្រីជើង២ កុំធ្វើមន្ត្រីជើង១០ ,ត្រូវរត់រកការងារ កុំរង់ចាំការងាររត់មករកយើង
02, Aug 2022 , 11:35 am        
រូបភាព
សម្ដេច ហ៊ុន សែន បានក្រើនរំឭកមន្ត្រីរាជការឱ្យខិតខំបម្រើផលប្រយោជន៍ និងដោះស្រាយបញ្ហាពលរដ្ឋតាមមូលដ្ឋាន ឱ្យបានត្រឹមត្រូវ។ សារក្រើនរំឭកដោយប្រយោលនេះ ត្រូវបានរំលេចឡើងនៅលើហ្វេសប៊ុកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាព្រឹកថ្ងៃទី២ សីហានេះ។

 
«ត្រូវធ្វើមន្ត្រីជើងពីរ មិនត្រូវធ្វើមន្ត្រីជើង១០នោះឡើយ និងត្រូវរត់ទៅរកការងារធ្វើ កុំរង់ចាំការងាររត់មករកយើង»។ នេះជាសាររបស់សម្ដេច ហ៊ុន សែន ដែលបានផ្ដាំមន្ត្រីទាំងអស់ថា ស្តាប់មតិយោបល់ សំណូមពរ និងបញ្ហារបស់ប្រជាជន ដើម្បីទទួលយកមកដោះស្រាយ ទើបអាចរៀបចំគោលនយោបាយបានត្រឹមត្រូវ។
 
ប្រមុខរដ្ឋាភិបាល បានឆ្លៀតរំឭកអនុស្សាវរីយ៍ខ្លួន អមជាមួយរូបថតដែលបានចុះជួបប្រជាពលរដ្ឋ ធ្វើវេទិកាទីសាធារណៈតាមភ្លឺស្រែនាអំឡុងទស្សវត្សរ៍ ១៩៩០ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ លើបញ្ហាទឹក ,ការប្រើប្រាស់ពូជ ដី ជី ថ្នាំសម្លាប់សត្វល្អិត , ការបែងងចែកតំបន់ដាំដុះ ,ការចិញ្ចឹមសត្វ និងត្រីជាដើម។
 
នាយករដ្ឋមន្ត្រី បានបន្ថែមដូច្នេះ៖ «ការឆ្លងឆ្លើយរវាងប្រជាជននិងនាយករដ្ឋមន្ត្រី បានធ្វើឱ្យវេទិការមានជោគជ័យ ដែលយើងបានដោះស្រាយសំណូមពររបស់ប្រជាជន មិនត្រឹមតែវិស័យកសិកម្មប៉ុណ្ណោះទេ ។តែយើងបានដោះស្រាយសាលារៀន ផ្លូវ ស្ពាន ស្រះទឹក អណ្តូងទឹក វត្តអារាម។ល។បានយ៉ាងច្រើនទៀតផង»។​ 
 
បើតាមសម្ដេច ហ៊ុន សែន វេទិកាតាមវាលស្រែធ្វើមិនតិចជាង១០ដងនោះទេ មុននឹងសម្រេចគោលនយោបាយសន្តិស្បៀង ដោយជោគជ័យនេះ ។ វេទិកាតាមភ្លឺស្រែនេះ ភាគច្រើននៅខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ពោសាត់ និងកំពង់ធំ។ តាមរយៈគោលនយោបាយនេះ កម្ពុជា ក្លាយទៅជាប្រទេសផ្គត់ផ្គង់ស្រូវអង្ករមួយផងដែរ ក្នុងតំបន់អាស៊ីនេះ។
 
«ពីប្រទេសដែលខ្វះស្រូវប្រមាណ១លានតោននាទសវត្សរ៍១៩៩០និងដើមឆ្នាំ២០០០ ពេលនេះយើងសល់ស្រូវជាង៦លានតោនជាមួយដំណាំកសិកម្មផ្សេងទៀត មានការរីកចំរើនយ៉ាងខ្លាំងដែលធ្វើឱ្យយើងដោះស្រាយបានតម្រូវការក្នុងស្រុក និងការនាំចេញផងដែរ»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលជំរុញបន្ថែមឱ្យមន្ត្រីចុះដោះស្រាយបញ្ហាពលរដ្ឋ។
 
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆមាសទី១ឆ្នាំ២០២២នេះ កម្ពុជា បាននាំចេញអង្ករជាង ៣២ម៉ឺនតោនទៅកាន់សហភាពអឺរ៉ុប ចិន អាស៊ាន និងប្រទេសគោលដៅ២៣ទៀត កើនឡើង១៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ចំណែក ការនាំចេញស្រូវមានជាង ១៧៣ម៉ឺនតោន ទៅកាន់វៀតណាម កើនឡើង២ភាគរយ នឹងរយៈពេលដូចគ្នាឆ្នាំ២០២១៕
 
 
 
 
 
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com