ជាតិ
សេដ្ឋកិច្ច
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច៖ រដ្ឋនឹងបោះមូលបត្របំណុល៣០០លានដុល្លារ​ នៅខែកញ្ញា​
03, Aug 2022 , 7:59 pm        
រូបភាព
លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កំពុងថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី« សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២សីហា។ រូបថត៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កំពុងថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី« សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២សីហា។ រូបថត៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
រដ្ឋាភិបាល ត្រៀមបោះលក់មូលបត្របំណុលក្នុងទំហំទឹកប្រាក់១,២ទ្រីលានរៀល(៣០០លានដុល្លារ) នៅក្នុងឆ្នាំ២០២២ ដើម្បីកៀរគរទុនវិនិយោគពីផ្សារមូលបត្រ​មកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ បើតាមលោក មាស សុខសេនសាន នាំពាក្យក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ឧបករណ៍ហិរញ្ញវត្ថុមួយនេះ រដ្ឋអាចនឹងបោះផ្សាយនាខែកញ្ញា បន្ទាប់ពីនីតិវិធី និងកត្តាបច្ចេកទេសផ្សេងៗត្រូវបានរៀបចំរួចរាល់។

 
តាមការគ្រោងទុក​ រដ្ឋនឹងខ្ចីលុយ៣០០លានដុល្លារពីវិនិយោគិនក្នុងស្រុក តាមរយៈការបោះផ្សាយលក់មូលត្របំណុលនៅលើទីផ្សារមូលបត្រកម្ពុជា(CSX)នៅឆ្នាំ២០២២ ដែលមានធនាគារជាតិនៃកម្ពុជា(NBC) ជាភ្នាក់ងារបោះផ្សាយមូលបត្រនេះ។ បច្ចុប្បន្ន កត្តាបច្ចេកទេសនៃការបោះផ្សាយបោះសញ្ញាបណ្ណ ឬ បណ្ណបំណុលជាលើកដំបូងរបស់រដ្ឋាភិបាលនេះ ត្រូវបានរៀបចំជិតរួចរាល់អស់ហើយ ។ នេះជាបញ្ជាក់សារជាថ្មីរបស់លោក មាស សុខសេនសាន ​ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី« សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២សីហា។ 
 
អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញរូបនេះ​ បន្តថ្លែងមកកាន់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះ៖ «យើងសង្ឃឹមថា ឆាប់ៗនេះ[អាចបោះផ្សាយមូលបត្ររដ្ឋ]! អាចខែសីហា ឬខែកញ្ញា ប្រសិនបើជាកិច្ចការទាំងអស់វាត្រឹមត្រូវទៅអ្វីដែលយើងព្រាង ហើយកិច្ចការទាំងអស់នេះយើងបន្តខិតខំធ្វើយ៉ាងម៉េច ដើម្បីឱ្យការបោះផ្សាយមូលបត្ររដ្ឋនេះ នឹងអនុវត្តទៅបានដោយចំណេញទាំងអស់គ្នា»។ 
 
ការបោះផ្សាយមូលបត្ររដ្ឋ គឺជាការបំពេញនូវហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល
តាមរយៈការខ្ចីលុយពីអ្នកវិនិយោគក្នុងស្រុក ជំនួសឱ្យការខ្ចីលុយពីបរទេស។ បើតាមលោក ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋសម្រេចបោះលក់មូលបត្របំណុលនេះ មានគោលដៅពង្រឹងការគ្រប់គ្រងតម្រូវការសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជាពិសេសឆ្លើយតបនឹងតម្រូវការហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រួមទាំងគាំទ្រគម្រោងអទិភាព និងចាំបាច់ផ្សេងៗរបស់រដ្ឋាភិបាល។ លើសនេះ​ ការបោះផ្សាយមូលបត្របំណុល  ក៏ដើម្បីអភិវឌ្ឍទីផ្សារមូលបត្រ និងហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែប្រសើរផងដែរ ក្រោយដំណើរការអស់១០ឆ្នាំមកនេះ។ 
 
លោក ប៉ែន ធីរុង្គ បន្តថ្លែង ​ក្នុង​សន្និសីទ​ជាតិ​ស្តីពី​ទីផ្សារ​មូលបត្រ​កម្ពុជា«មួយ​ទសវត្សរ៍​នៃ​ការអភិវឌ្ឍ​ទីផ្សារ​មូលបត្រ​កម្ពុជា និង​ដំណើរ​ឆ្ពោះ​ទៅមុខ​» កាលពី​ថ្ងៃទី​ ១៦ឧសភាថា​៖ «ចំណូលបានពីការបោះផ្សាយមូលបត្របំណុលហ្នឹង! យើងគ្រោងចាយ[ផ្តល់ហិរញ្ញប្បទាន]ទៅលើឱ្យធនាគាSME, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងគ្រោងផ្តល់ហិរញ្ញប្បទានក្នុងវិស័យសេដ្ឋកិច្ចឌីជីថល...ជាដើម»។
 
សម្រាប់ឧបករណ៍ហិរញ្ញវត្ថុថ្មីនេះ លោក អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ក្តីរំពឹងថា នឹងទទួលបានការពេញនិយមសម្រាប់ការជួញដូរនៅក្នុងផ្សារមូលបត្រកម្ពុជា ​និងផ្តល់នូវទិន្នន័យ Benchmark សម្រាប់​ការជួញដូរ​មូលបត្រ​សាជីវកម្ម និង​ការវិភាគ​ហិរញ្ញវត្ថុ​នានា ​ដូច​ត្រូវបាន​អនុវត្ត​នៅក្នុង​ប្រទេស​ដែលមាន​វិស័យ​មូលបត្រ​រីកចម្រើន​។
 
សូមជម្រាបថា​ ផ្សារមូលបត្រ​កម្ពុជា​(CSX) ត្រូវបានបើក​ឱ្យដំណើរការ​ជួញដូរ​មូលបត្រ​នៅ​ថ្ងៃទី​ ១៨ ខែមេសា ឆ្នាំ​២០១២។ រយៈពេល១០ឆ្នាំនៃការបង្កើតផ្សារមូលបត្រកម្ពុជានេះ គឺមានក្រុមហ៊ុនចំនួន១៦បានចុះបញ្ជី។ ក្នុងនោះមាន៩ក្រុមហ៊ុន ចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និង៦ក្រុមហ៊ុនទៀតចុះបញ្ជីបោះលក់មូលបត្របំណុល ឬ សញ្ញបណ្ណ ដែលមានកៀរគរទុនវិនិយោគពីទីផ្សារនេះ​បានប្រមាណ ២៨១លានដុល្លារ៕ 
 

Tag:
 មូលបត្របំណុល
  លោក មាស សុខសេនសាន
© រក្សាសិទ្ធិដោយ thmeythmey.com