ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី រាយការណ៍ជូនមេដឹកនាំកម្ពុជា ជុំវិញជម្លោះជាមួយអ៊ុយក្រែន
04, Aug 2022 , 8:00 pm        
រូបភាព
ជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សឺជី ឡារ៉ូវ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ក្នុងវិមានសន្តិភាព នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។
ជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សឺជី ឡារ៉ូវ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ក្នុងវិមានសន្តិភាព នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។
ដោយ: ថ្មីៗ
ក្នុងជំនួបផ្ទាល់មុខ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ លោក សឺជី ឡារ៉ូវ (Sergey Lavrov) រដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានរាយការណ៍ជូនមេដឹកនាំកម្ពុជា សម្តេច ហ៊ុន សែន អំពីស្ថានភាពជម្លោះរុស្ស៊ី-អ៊ុយក្រែន និងបានបញ្ជាក់ពីជំហររបស់រុស្ស៊ី ជុំវិញជម្លោះនេះ។ ខ្លឹមសារនៃជំនួបនេះ ត្រូវបង្ហោះលើទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន។

 
សេចក្តីរាយការណ៍លម្អិតអំពីស្ថានភាពជម្លោះរុស្ស៊ី-អ៊ុយក្រែន ហើយរុស្ស៊ី បន្តរក្សាគោលជំហរយ៉ាងដូចម្តេច ក្នុងជម្លោះនេះ មិនត្រូវបានបង្ហាញលើទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តីកម្ពុជាឡើយ។ អត្ថបទព័ត៌មានលើទំព័រហ្វេសប៊ុក គ្រាន់តែរំលេចខ្លីថា ប្រមុខរដ្ឋាភិបាលកម្ពុជា អរគុណលោករដ្ឋមន្រ្តីការបរទេសរុស្ស៊ី ដែលបានរបាយការណ៍អំពីជំហររបស់រុស្ស៊ី ជុំវិញជម្លោះនៅអ៊ុយក្រែន។
 
គួររម្លឹកបន្តិចថា រុស្ស៊ី និងអ៊ុយក្រែន ចាប់ផ្តើមផ្ទុះសង្គ្រាមជាមួយគ្នា តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក ដោយមិនទាន់អាចរកផ្លូវបញ្ចប់បាននៅឡើយ។ ក្នុងសង្គ្រាមនេះ ត្រូវពិភពលោក ចាត់ទុកថា ជាការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន។ កម្ពុជា ក៏ស្ថិតក្នុងចំណោមប្រទេសជាច្រើនផ្សេងទៀតលើពិភពលោកដែរ ដែលចូលរួមថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ប៉ុន្តែ ទន្ទឹមនេះ មេដឹកនាំកម្ពុជា បានប្រកាសមិនគាំទ្រការដាក់ទណ្ឌកម្មលើរុស្ស៊ី ដ្បិតមេដឹកនាំកម្ពុជា មើលឃើញថា ការដាក់ទណ្ឌកម្មនេះ មិនមែនបង្កការលំបាកដល់រុស្ស៊ីតែម្នាក់នោះ តែប៉ះពាល់ជារួមដល់ទាំងអស់គ្នា។ 
 
ក្រៅពីជម្លោះរុស្ស៊ី-អ៊ុយក្រែន សម្តេច ហ៊ុន សែន និង លោក សឺជី ឡារ៉ូវ បានជជែកគ្នាពីកិច្ចការដទៃទៀត។ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី សង្កត់ធ្ងន់លើការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដែលមានស្រាប់ ហើយលោក ថែមទាំងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យនានា មានជាអាទិ៍ ទេសចរណ៍ និងវិនិយោគ។ ប្រមុខរដ្ឋាភិបាលកម្ពុជា ឯកភាពជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង២។ 
 
សម្តេចនាយករដ្ឋមន្រ្តី បន្ថែមថា ទំនាក់ទំនងកម្ពុជា-រុស្ស៊ី ជាទំនាក់ទំនងប្រវត្តិសាស្រ្ត ហើយកម្ពុជា តែងផ្ដល់សារសំខាន់យ៉ាងខ្លាំង ក្នុងការពង្រីកទំនាក់ទំនងជាមួយរុស្ស៊ី។ សម្តេច បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតីតសហភាពសូវៀត និងសហព័ន្ធរុស្ស៊ីនាពេលបច្ចុប្បន្ន ដែលផ្តល់ជំនួយជាច្រើនដល់កម្ពុជា ក្នុងគ្រាដ៏លំបាកនាពេលកន្លងមក។ 
 
«យើង មិនអាចបំភ្លេចបានឡើយ នូវកាយវិការប្រកបដោយមិត្តភាព និងសមានចិត្តក្នុងពេលដែលយើងត្រូវការចាំបាច់ ឧទាហរណ៍ដូចជា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានជួយសង្គ្រោះជីវិតមនុស្សជាច្រើននាក់ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបានបណ្ដុះបណ្ដាលនិស្សិតជាច្រើននាក់»។ នេះជាប្រសាសន៍របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលកំពុងកាន់តំណែងប្រធានអាស៊ាន ទៅកាន់រដ្ឋមន្រ្តីការបរទេសនៃប្រទេសដែលមានទឹកដីធំជាងលើពិភពលោក។ 
 
ជាមួយគ្នានេះ មេដឹកនាំកម្ពុជា ថែមទាំងអរគុណលោករដ្ឋមន្រ្តីការបរទេសរុស្ស៊ី ដែលមកកម្ពុជានាពេលនេះ ដោយនាំទាំងជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មកជាមួយផងដែរ។ លោក និងគណៈប្រតិភូ បានមកដល់កម្ពុជា កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន៕ 

Tag:
 កម្ពុជា-រុស្ស៊ី
  ហ៊ុន សែន
  Sergey Lavrov
  ជម្លោះរុស្ស៊ី-អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com