ជាតិ
អភិបាលខេត្តតាកែវចូល Comment ថា បញ្ហានៅភ្នំតាម៉ៅ មិនស្ថិតក្រោមការគ្រប់គ្រងរដ្ឋបាលខេត្តឡើយ
06, Aug 2022 , 2:11 pm        
រូបភាព
លោក អ៊ូច ភា អភិបាលខេត្តតាកែវ។ រូបភាពពី​ហ្វេសប៊ុក​រដ្ឋបាលខេត្តតាកែវ
លោក អ៊ូច ភា អភិបាលខេត្តតាកែវ។ រូបភាពពី​ហ្វេសប៊ុក​រដ្ឋបាលខេត្តតាកែវ
ភ្នំពេញ៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ អះអាងថា បញ្ហាដីព្រៃឈើ និងសួនសត្វភ្នំតាម៉ៅ ស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់ដោយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនមែនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តតាកែវនោះទេ។ នេះជាសំណេរចូលរួមបញ្ចេញមតិ (Comment) របស់លោក អ៊ូច ភា អភិបាលខេត្តតាកែវ នៅក្នុងទំព័រហ្វេសប៊ុករបស់លោក តាន់ គីមសួរ កាលពីថ្ងៃទី៥ សីហា។

 
ដើមខែសីហានេះ នៅកម្ពុជា ជាពិសេសលើបណ្ដាញសង្គមបានងាកមកចាប់អារម្មណ៍លើបញ្ហាដីព្រៃឈើ នៅសួនសត្វភ្នំតាម៉ៅ ក្រោយចាប់ផ្ដើមឈូសឆាយព្រៃឈើ។ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានបញ្ចេញមតិមិនគាំទ្រចំពោះការអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ។
 
ជុំវិញការលើកឡើងរបស់សាធារណជននៅលើបណ្ដាញសង្គម បានធ្វើឱ្យរដ្ឋបាលព្រៃឈើចេញសេចក្ដីប្រកាសព័ត៌មានឆ្លើយតបចំពោះក្ដីបារម្ភរបស់សាធារណជន។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលព្រៃឈើកាលពីថ្ងៃទី៤ សីហា បញ្ជាក់ថា ការអភិវឌ្ឍតំបន់ភ្នំតាម៉ៅ ពុំបានប៉ះពាល់ដល់សត្វព្រៃក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅនោះទេ។ ផ្ទុយទៅវិញ ការអភិវឌ្ឍនេះ បានបន្ថែមការកែលម្អឧទ្យានសួនសត្វភ្នំតាម៉ៅឱ្យមានភាពប្រសើរឡើង មានប្រព័ន្ធផ្លូវ អគារ សួនច្បារ អាំងស្តុកទឹកជាដើម។


 
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ នៅថ្ងៃទី៥ សីហា លោក តាន់ គីមសួរ ដែលគេស្គាល់ថាជាអ្នកស្រឡាញ់បរិស្ថានមួយរូប បានបង្ហោះសារលើហ្វេសប៊ុកផេករបស់លោកដូច្នេះ៖ «អភិបាលខេត្តតាកែវស្ងាត់ឲ្យជ្រាប គាត់ឈឺឬយ៉ាងណា បងប្អូនមានដឹងដំណឹងពីគាត់ទេ? ភ្ញៀវមកលេងពេញផ្ទះហើយ តែអត់ឃើញម្ចាស់ផ្ទះចេញមកទទួលសោះ»។
 
ក្រោយសាររបស់លោក តាន់ គីមសួរ បង្ហោះលើបណ្ដាញសង្គម សួររកវត្តមានអភិបាលខេត្តតាកែវ សស្រាប់តែលោក អ៊ូច ភា អភិបាលខេត្តតាកែវ ចូលឆ្លើយតបចំពោះបញ្ហាដីព្រៃឈើ និងសួនសត្វភ្នំតាម៉ៅ។
 
«ខ្ញុំ អ៊ូច ភា អភិបាលខេត្ត តាកែវ សូមជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់មេត្តាជ្រាបថា បញ្ហាដីព្រៃឈើ និងសួនសត្វភ្នំតាម៉ៅ ស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់ដោយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនមែនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តតាកែវនោះទេ។ រាល់ការចាត់ចែងទាំងឡាយវាជាសិទ្ធិរបស់ក្រសួង ខេត្តមិនមានសិទ្ធនោះទេ»។ នេះជាការឆ្លើយតបរបស់អភិបាលខេត្តតាកែវ ដោយបញ្ជាក់ប្រាប់ពលរដ្ឋឈប់មានការយល់ច្រឡំចំពោះលោក។
 
លោកបានសរសេរបន្តថា៖ «សូមបងប្អូនជនរួមជាតិទាំងអស់កុំមានការយល់ច្រឡំលើរូបខ្ញុំ ។ ខ្ញុំនិយាយនេះកុំឲ្យបងប្អូន ចេះតែវាយប្រហារលើរូបខ្ញុំ ។ ម្សិលមិញខ្ញុំឃើញរដ្ឋបាលព្រៃឈើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចេញសេចក្តីបំភ្លឺដែរហើយ ខ្ញុំគិតថាបងប្អូនពិតជាយល់ ។ បើបងប្អូនចង់ដឹងការពិតត្រូវតែទៅពិនិត្យមើលសួនសត្វភ្នំតាម៉ៅដោយផ្ទាល់ ថាតើគេឈូសឆាយសួនសត្វនោះឬគេ កំពុងរក្សាការពារ»។
 
នៅថ្ងៃសៅរ៍ទី៦ សីហានេះ សារព័ត៌មានថ្មីៗ មិនអាចសុំការអត្ថាធិប្បាយបន្ថែមរបស់លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល។
 
អត្ថបទទាក់ទង
 
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញសេចក្តីជូនដំណឹង (សជណ) ស្តីពីការសម្រេចរបស់រដ្ឋាភិបាល ក្នុងការផ្តល់ដី៨០០ហិកតានៅតំបន់ភ្នំតាម៉ៅ ទៅឱ្យក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍ ហើយរដ្ឋាភិបាល បានទទួលមកវិញនូវដី១១២២ហិកតា នៅតំបន់ផ្សេង។
 
សជណនោះ ត្រូវបានបញ្ជូនទៅកាន់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និង លោក អ៊ូច ភា អភិបាលខេត្តតាកែវ។ ការចេញលិខិតពីសំណាក់លោក វេង សាខុន គឺជាការឆ្លើយតបនឹងសជណរបស់ទីស្តីការគណៈរដ្ឋមន្រ្តី៕
 

Tag:
 តាកែវ
  ភ្នំតាម៉ៅ
© រក្សាសិទ្ធិដោយ thmeythmey.com