កីឡាជាតិ
ជាតិ
AFF U-16៖កម្ពុជា ហាលអាវ ក្រោយចាញ់មីយ៉ាន់ម៉ា ១-០
08, Aug 2022 , 5:12 pm        
រូបភាព
ដោយ៖ហៀក ឆក

កម្ពុជា អស់ឱកាសទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFF U-16 Championship2022 ក្រោយចាញ់ទីមីយ៉ាន់ម៉ា ១-០ វគ្គជម្រុះក្នុងពូល នាកីឡដ្ឋាន Sultan Agung Stadium ក្រុងBantul ប្រទេសឥណ្ឌូណេស៊ី។


នៅវគ្គទី១ ក្រុមយុវជនអាយុក្រោម១៦ ឆ្នាំមីយ៉ាន់ម៉ាបើកការវាយសម្រុកជាខ្លាំង ប៉ុនប៉ងស្វែងរកគ្រាប់បាល់ជាច្រើនដង តែត្រូវបានជួយសង្គ្រោះបានពីខ្សែការពារកណ្តាល អុក ដេវីន។ យ៉ាងណាក្រុមមីយ៉ាន់ម៉ា បន្ថែមការវាយលុកមកកម្ពុជា ជាបន្តបន្ទាប់ផងដែរ។ បញ្ចប់ក្នុងវគ្គទី១ ក្រុមទាំងពីររក្សាបានត្រឹមលទ្ធផល ០-០។ 
 
ទោះបីគ្មានគ្រាប់នៅវគ្គទី១នេះ តែសម្រាប់កម្ពុជាឃើញថាមានទម្រង់លេងល្អប្រសើរ ជាមួយនឹងប្រព័ន្ធលេង៤-៥-១ ក្រោមការដឹកនាំរបស់លោក Inoue Kazunori គ្រូបង្វឹកយុវជនអាយុក្រោម១៦ឆ្នាំកម្ពុជា។
 
ចូលដល់វគ្គទី២ នាទី៤៧ ខ្សែការពារកម្ពុជា អុក ដេវីន បង្កកំហុសទៅលើខ្សែប្រយុទ្ធមីយ៉ាន់ម៉ា Shine Aung ដោយអាជ្ញាកណ្តាលសម្រេចផ្តល់បាល់ពិន័យ១១ម៉ែត្រ ទៅមីយ៉ាន់ម៉ា ។ ខ្សែប្រយុទ្ធប្រធានក្រុម Lin Htet oo ជាអ្នកទាត់សម្រេចទី១គ្រាប់នាំមុខកម្ពុជា ១-០។ ការវាយសម្រុកនៅតែកើតមានឡើងរវាងក្រុមទាំងពីរ ប៉ុន្តែពុំមានសំណាងរកគ្រាប់បាល់បានឡើយ។
 
បញ្ចប់ការប្រកួតកម្ពុជា អស់ឱកាសឡើងទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងពានរង្វាន់បាល់ទាត់ AFF U-16 Championship 2022 នាប្រទេសឥណ្ឌូណេស៊ី។ ៣ប្រកួតនេះ កម្ពុជា ទទួលបាន៣ពិន្ទុ ដោយប្រកួតចាញ់ម៉ាឡេស៊ី ៣-០ ឈ្នះអូស្ត្រាលី ៤-២ និងចាញ់មីយ៉ាន់ម៉ា ១-០ ធ្លាក់ត្រឹមវគ្គជម្រុះពូល។
ជម្រើស១១ នាក់ដំបូងក្រុមយុវជនអាក្រោម១៦ឆ្នាំកម្ពុជា៖
 
 រុន ចុងមីង(អ្នកចាំទី) , អុក ដេវីន ,សឹង សំបូរឬទ្ធី, សុន ថាវីស៊ីវ, ខឿន គៀវវីរៈបុត្រ ,សុង រ៉ានុត, ទាំ មករា, ស៊ូ ម៉េងហុង, សួន មករា, អ៊ិត សូនី (ប្រធានក្រុម) និង វ៉ា ដេវីត។
កីឡាករបម្រុងមាន៖
 
សេង សុវណ្ណរ៉ា, សឿន ផានិត, រូ ស៊ីធន់, សុខ ស៊ីណេ, ធី វាសនា, ប៊ុន វិសាលី, ទ្រី ស៊ីណារិន្ទ ,ញ៉ង ពន្លក, សំអាត សូម៉ាលី ,នឿម សូនិក និង ទុំ សុផាត…៕
 

Tag:
 បាល់ទាត់
 AFF
© រក្សាសិទ្ធិដោយ thmeythmey.com