កីឡាជាតិ
ជាតិ
ពានសម្ដេច ហ៊ុន សែន ថ្នាក់ជាតិ៖ ក្រុមលីគកំពូលចំនួន៤ កក់កៅអីទៅវគ្គបន្ទាប់
11, Aug 2022 , 3:03 pm        
រូបភាព
បឹងកេត ជួបជាមួយ ISIដង្កោសែនជ័យ ក្នុងជំនួបជើងទី១។ រូបពីពានសម្ដេច ហ៊ុន សែន
បឹងកេត ជួបជាមួយ ISIដង្កោសែនជ័យ ក្នុងជំនួបជើងទី១។ រូបពីពានសម្ដេច ហ៊ុន សែន
៤ក្រុមមកពីលីគ១កម្ពុជា ត្រូវទៅវគ្គបន្ទាប់ ក្រោយយកឈ្នះក្រុមលីគ២ នៅជំនួបជើងទី២  ក្នុងពានរង្វាន់សម្ដេច ហ៊ុន សែន លើកទី១៦ (ជម្រុះថ្នាក់ជាតិ) កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។ ៤ក្រុមនោះ រួមមាន ព្រះខ័នរាជ ស្វាយរៀង, វិសាខា, ណាហ្គាវើលដ៍ និងបឹងកេត។ ជំនួបបឹងកេត និង ISI ដង្កោសែនជ័យ ប្រកបដោយ Fair Play ធ្វើឲ្យអ្នកគាំទ្រសរសើរ។

 
ការប្រកួតរវាងបឹងកេត នឹង ISI ដង្កោសែនជ័យ មានភាពតានតឹង ព្រោះក្រុមមកពីលីគ២នេះ មិនបណ្ដោយឲ្យបឹងកេត ដាក់សម្ពាធលើក្រុមដោយងាយៗទេ។ នៅដើមតង់ទី១ បឹងកេត មានឱកាសរកគ្រាប់បាល់ខ្លះដែរ តែធ្វើមិនបានល្អ។ នៅនាទី៣០ បឹងកេត ជោគជ័យលើការដាក់សម្ពាធដល់ក្រុមភ្ញៀវ ដោយកីឡាករ ឱ ភារុណ រកបានគ្រាប់បាល់ទី១ បន្ទាប់ពី សៀង ចន្ធា ជាមិត្តរួមក្រុមបញ្ជូនបាល់ឲ្យ។ បញ្ចប់តង់ទី១ បឹងកេត នាំមុខលទ្ធផល ១-០។
 
លុះចូលដល់ដើមតង់ទី២ ISI ដង្កោសែនជ័យ បានព្យាយាមរកគ្រាប់បាល់ ដោយទាត់បាល់ពិន័យ ជិតតំបន់ប្រយុទ្ធ តែត្រូវបានអ្នកចាំទី ហ៊ុល គីមហ៊ុយ សង្គ្រោះបាន។ ចូលដល់នាទី៥៣ សាន គីមហេង រកគ្រាប់បាល់ទី២ឲ្យបឹងកេត បន្ទាប់ពី កីឡាករ ឱ ភារុណ បញ្ជូនបាល់នៅមុខទីរបស់ ISI ដង្កោសែនជ័យ។ ចូលដល់នាទី៧៦ កីឡាករ អាល់ តហៀត របស់ក្រុមភ្ញៀវ បានបញ្ជូនបាល់យ៉ាងល្អ ដល់កីឡករ សាន ចំរុង រួចបានបញ្ចប់ទីដោយជោគជ័យ នាំឲ្យលទ្ធផល២-១។ 


 បឹងកេត ជួបជាមួយ ISI ដង្កោសែនជ័យ ក្នុងជំនួបជើងទី១ រូបពីពានសម្ដេច ហ៊ុន សែន

២នាទីបន្ទាប់ពីគ្រាប់បាល់ទី១ របស់ ISI ដង្កោសែនជ័យ មានការប៉ះទង្គិចគ្នា ហើយកីឡាករ សៅ វៃហ្វី របស់បឹងកេត ដួលក្នុងទីលានប្រកួត ។ ដូចនេះ កីឡាករក្រុមភ្ញៀវ បានទាត់បាល់ចេញ ដើម្បីលេង Fair Play។ នាទី៨០ កីឡាករ ពុំ បារាំង របស់បឹងកេត រកបាន១គ្រាប់ទៀត ឲ្យក្រុមនាំមុខ៣-១។ ប៉ុន្ដែ គ្រាប់បាល់ ដែលរកបានដោយកីឡាកររូបនេះ មិនមានចេតនាស៊ុតបញ្ចូលទីទេ ព្រោះជាគោលបំណងចង់បញ្ជូនឲ្យអ្នកចាំទីរបស់ ISI ដង្កោសែនជ័យ តែអ្នកចាំទីឡើងផុត បណ្ដាលឲ្យបាល់ចូលទី។

នៅនាទីដដែល ម្ចាស់ផ្ទះបឹងកេត បើកឲ្យក្រុមភ្ញៀវរកបានមួយគ្រាប់វិញ ដោយមិនមានការរារាំងការស៊ុតបញ្ចូលទីឡើយ។ គ្រាប់បាល់នោះ រកបានដោយកីឡាករ នីន ម៉ាលីសក្ដិ។ គ្រាប់បាល់ Fair Play នេះ បង្ហាញពីការគោរព និងឲ្យតម្លៃគ្នាទៅវិញទៅមក នៃវិស័យបាល់ទាត់។ អ្នកគាំទ្រជាច្រើនក្នុងកីឡដ្ឋាន Cambodian Airway បានបង្ហាញនូវការពេញចិត្តចំពោះទង្វើក្រុមទាំង២នេះ។ លទ្ធផលបញ្ចប់ការប្រកួត ម្ចាស់ផ្ទះ យកឈ្នះក្រុមភ្ញៀវ ក្នុងលទ្ធផល ៣-២។
 


បឹងកេត ជួបជាមួយ ISIដង្កោសែនជ័យ ក្នុងជំនួបជើងទី២ រូបពីពានសម្ដេច ហ៊ុន សែន

ទន្ទឹមគ្នានេះ ម្ចាស់ផ្ទះ វិសាខា បានយកឈ្នះ ក្រុមសៀមរាប អេហ្វស៊ី នៅកីឡដ្ឋានព្រីនស៍ក្នុងលទ្ធផល៣-២ ។ចំណែក ណាហ្គាវើលដ៏ ស្មើជាមួយ អាស៊ីអឺរ៉ុបយូណាយធីត ក្នុងលទ្ធផល ០-០ ។ តែដោយសារជើងទី១ ណាហ្គាវើលដ៏ បានយកឈ្នះ អាស៊ីអឺរ៉ុបយូណាយធីត ៤-០ ដូច្នេះក្រុមលីគកំពូលនេះ ត្រូវទៅវគ្គបន្ទាប់។ ដោយឡែកព្រះខ័នរាជ ស្វាយរៀង បានយកឈ្នះ ក្រុមភ្ញៀវ សូលទីឡូអង្គរ ក្នុងលទ្ធផល៤-០ នៅកីឡដ្ឋានខេត្តស្វាយរៀង។ 
 
បឹងកេត, ព្រះខ័នរាជ ស្វាយរៀង, វិសាខា និងណាហ្គាវើលដ៍ កក់កៅអីវគ្គបន្ត ដោយរង់ចាំមើល ការប្រកួត៤គូផ្សេងទៀតនៅថ្ងៃទី១៧ ខែសីហា ។ ក្នុងនោះ អង្គរថាយហ្គឺ ប៉ះ កោះកុង, ភ្នំពេញក្រោន ជួបជាមួយ ព្រៃវែង, កងយោធពលខេមរភូមិន្ទ ប្រកួតជាមួយ នគរបាលជាតិ, គិរីវង់សុខសែនជ័យ ប៉ះ អគ្គីសនីកម្ពុជា៕
 

Tag:
 បាល់ទាត់
  ពានសម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com