កីឡាជាតិ
ជាតិ
​ក្រុមកីឡាការិនីហុកគីកម្ពុជា ចាញ់ ថៃ តែត្រូវបន្តប្រកួតជាមួយឆាយនីសតៃប៉ិ ដណ្ដើមលេខ៥
12, Aug 2022 , 2:50 pm        
រូបភាព
ក្រុមកីឡាការិនីកម្ពុជា ប្រកួតជាមួយ ក្រុមកីឡាការិនីថៃ រូបពីAsia Hockey
ក្រុមកីឡាការិនីកម្ពុជា ប្រកួតជាមួយ ក្រុមកីឡាការិនីថៃ រូបពីAsia Hockey
ក្រុមកីឡាការិនីហុកគីកម្ពុជា បានចាញ់ ក្រុមថៃ ក្នុងលទ្ធផល៥-០ នៅថ្ងៃទី១១ ខែសីហា ក្នុងព្រឹត្តិការណ៍ Indoor Hockey Asia Cup 2022 នៅកីឡដ្ឋាន Huanmark ទីក្រុងបាងកក ប្រទេសថៃ។ ការបាត់បង់ឱកាសទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ធ្វើឲ្យកម្ពុជា ត្រូវជួប ចិនតៃប៉ិ ជាក្រុមលេខ៤ក្នុងពូលA ដើម្បីប្រជែង រកចំណាត់ថ្នាក់ លេខ៥ដល់៨។

 
ក្រុមថៃ មានកម្រិត ល្អជាងកម្ពុជា បើមើលតាមការប្រកួតនាថ្ងៃទី១១ ខែសីហានេះ។  TODKAEW Jiratchaya កីឡាការិនីថៃ រកបាន២គ្រាប់ផ្ទួនៗ នៅនាទី៨ និងនាទី៩ និង ១នាទីបន្ទាប់ កីឡាការីនី Sakulpithak Tikhamporn រកបាន១គ្រាប់ទៀត ឲ្យជម្រើសជាតិថៃ នាំមុខកម្ពុជា ក្នុងលទ្ធផល៣-០។ ក្រុមថៃ នៅតែបន្ដព្យាយាមរកពិន្ទុបន្ថែម បើទោះជាមាន៣គ្រាប់ក្នុងដៃ ក៏ដោយ។
 
លុះចូលដល់នាទី២០ កីឡាការិនី PATHUMPAIROT Chatchanan រកបានគ្រាប់ទី៤ ឲ្យក្រុមថៃ និងនៅនាទី២៤ មុននឹងកីឡាការិនី TODKAEW Jiratchaya រកបានគ្រាប់ទី៣របស់ខ្លួន ហើយក៏ជាគ្រាប់ទី៥ របស់ថៃផងដែរ។ បញ្ចប់ការប្រកួត ថៃ ឈ្នះ កម្ពុជា ក្នុងលទ្ធផល៥-០។
  

ក្រុមកីឡាការិនីកម្ពុជា ប្រកួតជាមួយ ក្រុមកីឡាការិនីថៃ រូបពី Asia Hockey

បើទោះជាមិនអាចប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រក៏ដោយ តែកម្ពុជា នៅមានឱកាសប្រកួតខ្វែង ដើម្បីរកចំណាត់ថ្នាក់លេខ៥។ នោះ មានន័យថា លេខ៣ពូល A ត្រូវប្រកួតជាមួយ លេខ៤ពូលB ហើយលេខ៣ ពូលB ប្រកួតជាមួយ លេខ៤ពូល A។ កម្ពុជា ឈរលេខ៣ ក្នុងពូល B ដូចនេះ ត្រូវជួបជាមួយ ឆាយនីសតៃប៉ិ លេខ៤ នៅក្នុងពូល A។ ការប្រកួត នឹងចាប់ផ្ដើមនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ នៅកីឡដ្ឋាន Huanmark។
 
គួរបញ្ជាក់ផងដែរថា​ ក្រុមកីឡាការិនីហុកគីកម្ពុជា បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នេះ ៣លើក ដោយគិតចាប់ពីឆ្នាំ២០១៥ មក។ ក្រុមនេះ ក៏ធ្លាប់ទទួលបានជ័យលាភី លេខ៥ ម្ដងរួចមកហើយ ក្នុងព្រឹត្តិការណ៍នេះ កាលពីឆ្នាំ២០១៥។ តើកម្ពុជា អាចទទួលជ័យលាភីលេខ៥នេះ ជាលើកទី២បានទេ ដោយត្រូវប្រជែងជាមួយ៣ប្រទេសផ្សេងទៀត ដូចជា សិង្ហបុរី, ឆាយនីសតៃប៉ិ និងអឺរ៉ង់?
 

Tag:
 កីឡាហុកគី
  Indoor Asian Hockey Cup
© រក្សាសិទ្ធិដោយ thmeythmey.com