អន្តរជាតិ
ប្រមុខUN អំពាវនាវឱ្យបង្កើតតំបន់គ្មានយោធា ក្រោយការ​វាយ​ប្រហារ​រោងចក្រ​នុយក្លេអ៊ែរនៅ​អ៊ុយក្រែន​ជាថ្មី
12, Aug 2022 , 3:33 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ក្រោយការបាញ់រោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែរ Zaporizhzhia នៅអ៊ុយក្រែនកើតឡើងជាច្រើនលើកច្រើនសារ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អង់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី១១ ខែសីហា បានស្នើឱ្យបង្កើតតំបន់គ្មានយោធានៅទីនោះ ដោយសារភ័យ​ខ្លាចពីគ្រោះមហន្ត​រាយ។

 
ប្រមុខអង្គការសហប្រជាជាតិ (UN) អង់តូនីញ៉ូ ហ្គូតេរ៉េស នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិ​សុខ នៅថ្ងៃទី១១ ខែសីហា បានអំពាវនាវឱ្យរុស្ស៊ី និងអ៊ុយក្រែនបញ្ឈប់ការប្រយុទ្ធគ្នានៅ​តំបន់​រោងចក្រថាម​ពលនុយក្លេអ៊ែរ Zaporizhzhia ដែលជារោងចក្រធំបំផុត​នៅតំបន់អឺរ៉ុប និង​បង្កើត​តំបន់គ្មានយោធា។ ការអំពាវនាវរបស់ប្រមុខ UN បែបនេះ ធ្វើឡើងបន្ទាប់ពីមានការបាញ់ប្រហារជាថ្មីលើរោងចក្រមួយនេះ ក្នុងថ្ងៃទី១១ ខែសីហា ហើយវាអាចបង្កឱ្យមានមហន្តរាយនុយក្លេ​អ៊ែរ ប្រសិនបើសារ​ធាតុវិទ្យុ​សកម្មបានធ្លាយចេញពីរោងចក្រ។ 
 
«ឧបករណ៍នេះ (គ្រាប់រ៉ុក្កែត) មិនត្រូវប្រើជាផ្នែកនៃប្រតិបត្តិការយោធាណាមួយឡើយ។ ផ្ទុយទៅវិញ កិច្ចព្រមព្រៀងបន្ទាន់ គឺត្រូវការជាចាំបាច់ដោយបង្កើតឱ្យមានបរិវេណសុវត្ថិភាព​នៃការគ្មានយោធា ដើម្បីធានាសុវត្ថិភាពនៃតំបន់នោះ»។ ប្រមុខអង្គការសហប្រជាជាតិ លោក ហ្គូតេរ៉េស លើក​ឡើងបែបនេះក្នុងសេចក្ដីថ្លែងការណ៍មួយ។
 
ក្នុងកិច្ចប្រជុំដដែល អាម៉េរិកបានគាំទ្រការអំពាវនាវរបស់ប្រមុខ UN ឱ្យមានតំបន់គ្មាន​យោធា និងបានជំរុញឱ្យទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ (IAEA) ចូលត្រួតពិនិត្យ​រោងចក្រនុយកក្លេអ៊ែរនោះផងដែរ។ 
 
រោងចក្រ Zaporizhzhia ដែលស្ថិតនៅក្រុង Enerhodar ភាគអាគ្នេយ៍អ៊ុយក្រែន ត្រូវបានវាយប្រហារ​លើកដំបូងនៅដើមខែមីនា ដោយរុស្ស៊ី បន្ទាប់ពីការឈ្លានពានក្នុងខែកុម្ភៈ ហើយក៏ធ្លាក់ចូល​ក្នុងដៃយោធារុស្ស៊ី ប៉ុន្តែរោងចក្រនេះនៅតែដំណើរការដោយកម្មករអ៊ុយក្រែនដដែល។
 
ទាក់ទិនបញ្ហានេះ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទាមទារឱ្យ​រុស្ស៊ីប្រគល់រោងចក្រ Zaporizhzhia ទៅឱ្យអ៊ុយក្រែនវិញ។ ក្រសួងការបរទេស​បារាំងក៏បានគាំទ្រ​ការទាមទាររបស់អ៊ុយក្រែនដែរ ដោយបាននិយាយទៀតថា ការគ្រប់គ្រង​រោងចក្រដោយរុស្ស៊ី នឹងនាំគ្រោះថ្នាក់ដល់ពិភលោក។ 
 
យ៉ាងណាមិញ អាជ្ញាធរដែលរុស្ស៊ីចាត់តាំងនៅតំបន់នោះអះអាងថា កងកម្លាំងអ៊ុយក្រែន​ក៏បានវាយប្រហាររោងចក្រ Zaporizhzhia ដោយគ្រាប់រ៉ុក្កែតជាច្រើនដែរ ដោយធ្វើឱ្យខូច​ខាតដល់អគាររដ្ឋបាល និងតំបន់ក្បែរនោះ។
 
គួរបញ្ជាក់ថា រដ្ឋាភិបាលរុស្ស៊ី និងអ៊ុយក្រែនបានចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញការវាយ​ប្រហាររោងចក្រ Zaporizhzhia ដែលអាចនាំឱ្យមានមហន្តរាយនុយក្លេអ៊ែរ ពេលសារធាតុ​វិទ្យុសកម្មធ្លាយចេញពីរោងចក្រ៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  UN
© រក្សាសិទ្ធិដោយ thmeythmey.com