អន្តរជាតិ
នាយករដ្ឋមន្ត្រីជប៉ុន សន្យាដាក់ចេញវិធានការ​ ដើម្បី​ដោះស្រាយ​ការ​ឡើង​ថ្លៃ​ប្រេង និង​អាហារ
12, Aug 2022 , 8:29 pm        
រូបភាព
នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា។ រូបភាព៖ AFP
នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា។ រូបភាព៖ AFP
នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា នៅថ្ងៃទី១២ ខែសីហា បានសន្យាថា លោកនឹង ដឹកនាំរដ្ឋាភិបាលបង្កើតវិធានការបន្ថែមទៀត ដើម្បីទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ចដោយសារតែការកើនឡើងតម្លៃប្រភពថាមពល និងអាហារ។

 
ក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី១២ ខែសីហា ប្រមុខរដ្ឋាភិបាលជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានថ្លែងថា លោកនឹងចេញក្រឹត្យមួយ នៅកិច្ចប្រជុំក្នុងថ្ងៃទី១៥ ខែសីហា ដែលពិភាក្សាគ្នាអំពីវិធានការ ដើម្បីជួយឱ្យអ្នកលក់ដូរ និងគ្រួសារទូទៅអាចរាប់រងលើចំណាយរស់នៅរបស់ពួកគេ ។
 
«ខ្ញុំ​នឹង​បញ្ជា​ឱ្យ​ចាត់វិធានការ​បន្ថែម​ដោយ​ផ្តោត​លើ​តម្លៃ​ថាមពល និង​អាហារដែល​ជាមូលហេតុធ្វើឱ្យមាន​ការកើនឡើង​អតិផរណា​នាពេល​ថ្មីៗ​នេះ​»។ លោកគីស៊ីដាបានប្រាប់អ្នកសារព័ត៌មានបែបនេះ  ដោយបន្តថា រដ្ឋាភិបាលរបស់លោកត្រៀមខ្លួនជាស្រេច ដើម្បីចាត់វិធានការ ប្រសិនបើអតិផរណានៅក្នុងប្រទេសបន្តកើនឡើង។ 
 
ការដោះស្រាយជាមួយនឹងការកើនឡើងតម្លៃការចំណាយលើការរស់នៅបានក្លាយជា អាទិភាពគោលនយោបាយកំពូលមួយរបស់លោកគីស៊ីដា ដើម្បីធានាថាសេដ្ឋកិច្ចរបស់ជប៉ុន អាចងើបឡើងវិញក្រោយពីការខូចខាតនៃជំងឺរាតត្បាតកូវីដ-១៩។ ប៉ុន្តែបញ្ហានៅតែបន្តមានដោយអតិផរណាបានកើនលើសពីគោលដៅ២ភាគរយក្នុងបីខែជាប់ៗគ្នា តាំងពីខែមិថុនាមក ដោយសារតែការកើនឡើងតម្លៃប្រេងឥន្ទនៈ និងតម្លៃវត្ថុធាតុដើមជាសកល។
 
គួររំលឹកថា កាលពីថ្ងៃទី១០ ខែសីហា នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ បានលើកឡើងក្នុងសន្និសីទកាសែតមួយផ្សេងថា រដ្ឋាភិបាលនឹងទាញយកប្រាក់បំរុងទុកមួយចំនួនសម្រាប់ការចំណាយលើ ជំហានដោះស្រាយបញ្ហានាពេលខាងមុខ៕
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com