អន្តរជាតិ
ប្រមុខការពារជាតិអង់គ្លេសថា រុស្ស៊ីចាប់ផ្ដើមចាញ់សង្គ្រាមនៅអ៊ុយក្រែន
12, Aug 2022 , 10:29 pm        
រូបភាព
រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace ។ រូបភាព៖ AFP
រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace ។ រូបភាព៖ AFP
រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace នៅថ្ងៃទី១១ ខែសីហា បានយល់ឃើញថា រុស្ស៊ីទំនងជាមិនជោគ​ជ័យក្នុងសង្គ្រាមអ៊ុយក្រែនទេ ស្របពេលប្រទេសលោកខាងលិចបានសន្យាផ្តល់ជំនួយ ១,៥៥​ពាន់លានដុល្លារ បន្ថែមទៀត ដើម្បីជួយយោធាអ៊ុយក្រែនប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី។

 
ថ្លែងក្នុងសន្និសីទក្រុងកូប៉ិនហាក លោក Ben Wallace រដ្ឋមន្ត្រីការពារជាតិអង់គ្លេសបាន​រៀបរាប់ពីស្ថាន​ភាពរអាក់រអួល​របស់រុស្ស៊ីក្រោយលុកលុយអ៊ុយក្រែន ហើយកំពុងចាប់ផ្ដើមថយកម្លាំងបណ្ដើរៗ។ ស្របគ្នានេះ ប្រទេស​ចំនួន ២៦ បានប្ដេជ្ញារួមគ្នាផ្ដល់ជំនួយហិរញ្ញវត្ថុ ​និងយោធាបន្ថែមទៀត ដើម្បីជួយយោធា​អ៊ុយក្រែន។
 
តាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera ជំនួយសរុបមានចំនួន ១,៥៥ពាន់លាន​ដុល្លារ។ ជំនួយហិរញ្ញវត្ថុទាំងនេះ ទុកសម្រាប់ផ្គត់ផ្គង់អាវុធដែលមានស្រាប់ មីស៊ីល គ្រាប់កាំភ្លើង បង្កើនផលិតកម្មអាវុធសម្រាប់អ៊ុយក្រែន ពង្រឹងការហ្វឹកហាត់ទាហានអ៊ុយក្រែន ហើយជួយដល់ការបោស​សម្អាតមីននៅអ៊ុយក្រែន។
 
«ការប្ដេជ្ញាត្រូវបានបង្កើតឡើង ដើម្បីជួយឱ្យអ៊ុយក្រែនឈ្នះ ដើម្បីជួយអ៊ុយក្រែនក្រោកឈរ​ឡើងសម្រាប់អធិបតេយ្យភាពរបស់ខ្លួន និងដើម្បីធានាថាមហិច្ឆតារបស់លោកប្រធានាធិប​តី វ្ល៉ាឌីមៀ ពូទីន បរាជ័យក្នុងសង្គ្រាមអ៊ុយក្រែនដែលរុស្ស៊ីគួរតែទទួលបាន»។ លោក Wallance លើកឡើងបែបនេះ ក្នុងសន្និសីទនៅដាណឺម៉ាក ដែលរៀបចំដោយ​ប្រទេស ៣ រួមមាន អង់គ្លេស អ៊ុយក្រែន និងដាណឺ​ម៉ាក។
 
ការប្តេជ្ញាចិត្តរួមគ្នាជួយអ៊ុយក្រែននេះ កើតឡើងបន្ទាប់ពីរដ្ឋាភិបាលក្រុងកៀវ អំពាវនាវម្តង​ហើយម្តងទៀតទៅបណ្ដាប្រទេសលោកខាងលិចឱ្យបញ្ជូនអាវុធបន្ថែមទៀត រួមទាំងកាំភ្លើង​ធំរយៈចម្ងាយឆ្ងាយផងដែរ ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។
  
ចំណែករដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov ដែលមានវត្តមាននៅក្នុង​កិច្ចប្រជុំដដែលនោះផងដែរ បានថ្លែងអំណរគុណដល់សម្ព័ន្ធមិត្តអឺរ៉ុប ដែលជាដៃគូអាចទុក​ចិត្តបាន។ លោក Reznikov បានសរសេរលើបណ្ដាញសង្គមTwitter ថាអ៊ុយក្រែនមានទ័ពដ៏​ខ្លាំង និងមានដៃគូទុកចិត្តជាច្រើន ហើយនេះគឺជាហេតុផលដែល​នឹងនាំឱ្យអ៊ុយក្រែន​ឈ្នះសង្គ្រាម។ 
 
កន្លងមក អ៊ុយក្រែនទទួលបានជំនួយអាវុធពីបណ្ដាប្រទេសលោកខាងលិចយ៉ាងច្រើនលានដុល្លារ ហើយកាលពីដើមខែសីហានេះ អ៊ុយក្រែនបានអះអាងថាខ្លួនបានទទួលអាវុធធុនធ្ងន់ពី​អាល្លឺម៉ង់​ និងអាម៉េរិក។ អង់គ្លេសក៏បានបរិច្ចាគប្រព័ន្ធសព្វាវុធទំនើបៗ ហើយសន្យាផ្ដល់លុយ ៣០៩លានដុល្លារ រួមទាំងរ៉ុក្កែត និងមីស៊ីល M31A1 ដែលអាចបាញ់បានចម្ងាយ ៨០គីឡូម៉ែត្រ។
 
យ៉ាងណាមិញ ការផ្ដល់ជំនួយអាវុធទៅឱ្យអ៊ុយក្រែនធ្វើឱ្យរុស្ស៊ីចោទលោកខាងលិចថាបង្ក​ជម្លោះឱ្យកាន់តែតានតឹងឡើង ខណៈការធ្វើប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅអ៊ុយ​ក្រែនគ្រាន់តែមានបំណង ការពារសន្តិសុខរបស់រុស្ស៊ីប្រឆាំងនឹងការពង្រីកឥទ្ធិពលរបស់​អង្គការណាតូប៉ុណ្ណោះ។ ឯអ៊ុយក្រែន និងសម្ពន្ធមិត្តវិញក៏បានចោទប្រកាន់រុស្ស៊ីថាកំពុងធ្វើ​សង្គ្រាមចក្រពត្តិដែលចង់ពង្រីកអំណាច និងទឹកដី៕
 

Tag:
 អង់គ្លេស
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com