អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រោយបរាជ័យ២លើក លោក Prabowo ប្រកាសឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីជាលើកទី៣
14, Aug 2022 , 12:15 pm        
រូបភាព
លោក Prabowo Subianto រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ី។ រូបភាព៖ AFP
លោក Prabowo Subianto រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ី។ រូបភាព៖ AFP
រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ី លោក Prabowo Subianto នៅថ្ងៃទី១២ ខែសីហា បានទទួលសំណើរបស់បក្ស ក្នុងការតែងតាំងជាបេក្ខជនប្រជែងយកតំណែងប្រធានាធិបតី។ នេះជាការឈរឈ្មោះលើកទីបី របស់លោក Prabowo។

 
ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំរបស់បក្សGerindra នៅថ្ងៃទី១២ ខែសីហា លោក Prabowo Subianto រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ី និងធ្លាប់ជាកូនប្រសាររបស់លោកស៊ូហារតូ អតីតប្រធានាធិបតីឥណ្ឌូណេស៊ី បានប្រកាសថា លោកនឹងទទួលសំណើឈរឈ្មោះជាប្រធានាធិបតី បន្ទាប់ពីមានការគាំទ្រដ៏ច្រើនពីសំណាក់សមាជិកបក្ស។
 
«ខ្ញុំសូមប្រកាសជាមួយការទទួលខុសត្រូវដោយពេញលេញ ខ្ញុំទទួលសំណើឈរឈ្មោះជាបេក្ខជនប្រធាធិបតេយ្យឥណ្ឌូណេស៊ី»។ រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ី បានសង្កត់ធ្ងន់បែបនេះ។ នេះជាការឈរឈ្មោះលើកទី៣ របស់លោក Prabowo  ខណៈអ្នកតាមដាននយោបាយឥណ្ឌូណេស៊ីមួយចំនួន យល់ឃើញថា លោកមិនគួរឈរឈ្មោះទៀតឡើយ បន្ទាប់ពីចាញ់ការបោះឆ្នោតនៅក្នុងឆ្នាំ២០១៩ ទល់នឹងលោកចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី។ 
 
លោកវីដូដូ នឹងត្រូវផុតអាណត្តិជាប្រធានាធិបតីនៅក្នុងឆ្នាំ២០២៤ និងមិនអាចឈរឈ្មោះបានទៀតឡើយ ដោយសារការរឹតត្បិតរបស់រដ្ឋធម្មនុញ្ញ ដែលអនុញ្ញាតឱ្យអ្នកនយោបាយកាន់តំណែងជាប្រធានាធិបតី បានតែពីរអាណត្តិប៉ុណ្ណោះ។ 
 
កន្លងមក លោក ស៊ូហារតូ ដែលជាឪពុកក្មេក និងជាមេដឹកនាំឥណ្ឌូណេស៊ីចាប់ពីឆ្នាំ ១៩៦៨ ដល់ឆ្នាំ១៩៩៨។ កាលនោះ លោកស៊ូហារតូ ត្រូវបានចោទថា បានបំពានសិទ្ធិមនុស្ស រួមទាំងចាប់ខ្លួនសកម្មជនសិស្សសាលាផង។ យ៉ាងណាមិញ លោក Prabowo  បានអះអាងថា លោកមិនបានពាក់ព័ន្ធជាមួយឪពុកក្មេក​របស់ខ្លួនឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com