ជាតិ
ថៃគ្រោងបើកវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកវិទ្យាបដិវត្តន៍ឧស្សាហកម្មកម្រិតខ្ពស់ នៅកម្ពុជា
14, Aug 2022 , 8:59 pm        
រូបភាព
រូបជុំគ្នា របស់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃជាមួយនឹងតំណាង សាជីវកម្ម SNC Former Public Company Ltd ក្នុងពេលដំណើរទស្សនាកិច្ច នាថ្ងៃទី១៣ សីហា។
រូបជុំគ្នា របស់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃជាមួយនឹងតំណាង សាជីវកម្ម SNC Former Public Company Ltd ក្នុងពេលដំណើរទស្សនាកិច្ច នាថ្ងៃទី១៣ សីហា។
ភ្នំពេញ៖ វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកវិទ្យាបដិវត្តន៍ឧស្សាហកម្មទី៤ នឹងត្រូវបានបង្កើតឡើងនៅកម្ពុជា ដោយសាជីវកម្មរបស់ថៃ SNC Former Public Company Ltd ។ ដំណើរការជាង២៨ឆ្នាំ សាជីវកម្ម SNC Former Public Company Ltd នឹងនាំយកជំនាញបច្ចេកទេស និងផលិតគ្រឿងអេឡិចត្រូនិកមកដល់យុវជនកម្ពុជា។

 

 
នាថ្ងៃទី១៣ សីហា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះបំពេញទស្សនកិច្ចសិក្សាខ្សែចង្វាក់របស់សាជីវកម្ម SNC Former Public Company Ltd ចំនួន៣២រោងចក្រ ដែលកំពុងធ្វើប្រតិបត្តិការធុរកិច្ចដោយប្រើប្រាស់រ៉ូបូតភាគច្រើន ដើម្បីផ្សព្វផ្សាយការទូតសេដ្ឋកិច្ច។ 


 
នាឱកាសនោះ លោកបណ្ឌិត Somchai Thaisa-nguanvorakul ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន សាជីវកម្ម SNC Former Public Company Ltd បានលើកឡើងពីគម្រោងបង្កើតវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកវិទ្យាបដិវត្តន៍ឧស្សាហកម្មទី៤ នៅកម្ពុជា។  គោលបំណងនៃការបង្កើតវិទ្យាស្ថាននេះ គឺដើម្បីបំពាក់បំប៉នជំនាញផលិតឧបករណ៍ និងគ្រឿងអេឡិចត្រូនិកដល់យុវជនកម្ពុជា សម្រាប់គាំទ្រការវិនិយោគនិងពង្រីកទីផ្សាររបស់ក្រុមហ៊ុននាពេលអនាគត។ 


 
លោកបណ្ឌិត Somchai Thaisa-nguanvorakul បានអះអាងថា៖« ក្រុមហ៊ុនធ្លាប់បានសិក្សាលើវិស័យជាច្រើននៅកម្ពុជា រាប់តាំងពីការគ្រប់គ្រងកាកសំណល់ រហូតដល់ថាមពលកកើតឡើងវិញ ហើយឥឡូវក៏មានបំណងបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាលក្ខណៈស្តង់ដារស្វ័យប្រវត្តិទំនើបមួយ» ។ 
 

 
ជាមួយគ្នានេះ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានគាំទ្រ ផែនការការបង្កើតវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកវិទ្យាកម្រិតខ្ពស់របស់ភាគីថៃ នៅកម្ពុជា។ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ រំពឹងថាគម្រោងនេះ អាចជួយអភិវឌ្ឍធនធានមនុស្ស និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស។
 


សាជីវកម្ម SNC Former Public Limited Company Ltd បង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៤។ បច្ចុប្បន្នសាជីវកម្មនេះ បានធ្វើប្រតិបត្តិការធុរកិច្ចដោយប្រើប្រាស់រ៉ូបូតភាគច្រើន ដើម្បីផលិតគ្រឿងបន្លាស់ម៉ាស៊ីនត្រជាក់សម្រាប់គេហដ្ឋាន រថយន្ត ទូទឹកកក និងទូរទស្សន៍ជាដើម៕ 
 

Tag:
 បច្ចេកវិទ្យា
 បដិវត្តន៍ឧស្សាហកម្មទី៤
© រក្សាសិទ្ធិដោយ thmeythmey.com