អន្តរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូង សន្យាកែលម្អទំនាក់ទំនងជាមួយជប៉ុនជាថ្មី
15, Aug 2022 , 10:07 am        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល។ រូបភាព៖ AFP
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល។ រូបភាព៖ AFP
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល នៅថ្ងៃទី១៥ ខែសីហា បានសន្យាកែលម្អទំនាក់ទំនងជាមួយជប៉ុនជាថ្មី ស្របពេលប្រទេសជិតខាងទាំងពីរកំពុងមានទំនាស់លើសេចក្តីសម្រេចរបស់តុលាការជុំវិញការចាប់បង្ខំនៅក្នុងសម័យសង្រ្គាម។ បើតាមមេដឹកនាំរូបនេះ ជប៉ុន និងកូរ៉េខាងត្បូង ត្រូវតែចូលរួមថែរក្សាសន្តិភាព និងវិបុលភាពនៅក្នុងសហគមន៍អន្តរជាតិ។

 
ទំនាក់ទំនងក្រុងសេអ៊ូល និងក្រុងតូក្យូ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារប្រទេសទាំងពីរ បានឈ្លោះគ្នាជុំវិញការទាមទារសំណងជុំវិញការចាប់បង្ខំកម្លាំងពលកម្មនាសម័យសង្រ្គាមនៅចន្លោះឆ្នាំ ១៩៤០ ដល់១៩៤៥ និងការរឹតត្បិតលើការនាំចេញធាតុកម្រជាដើម។ ក្នុងទិវាសេរីភាព នៅ៧៧ឆ្នាំ បន្ទាប់ពីកូរ៉េទទួលបានឯករាជ្យភាពពីការដឹកនាំរបស់ជប៉ុនក្នុងចន្លោះឆ្នាំ១៩១០ ដល់១៩៤៥ លោកយូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង ជាថ្មីម្តងទៀត បានទទូចឱ្យជប៉ុនដោះស្រាយជម្លោះប្រវត្តិសាស្រ្តរវាងគ្នា។ 
 
«នៅពេលទំនាក់ទំនងជប៉ុន-កូរ៉េ ប្តូរទៅមានអនាគតរួមគ្នា ដោយផ្អែកលើតម្លៃសកលរួម វានឹងជួយយើងដោះស្រាយបញ្ហាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ»។ លោក យូន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ប្រទេសទាំងពីរ ត្រូវតែកែលម្អទំនាក់ទំនងឱ្យបានឆាប់រហ័ស តាមរយៈសេចក្តីប្រកាសរួមឆ្នាំ១៩៩៨ Dae jung Obuchi។ សេចក្តីប្រកាសនេះ បានស្នើឱ្យមានគម្រោងមួយសម្រាប់អនាគតដ៏ទូលំទូលាយនៃទំនាក់ទំនងប្រទេសជិតខាងទាំងពីរ។ 
 
បន្ថែមនេះ ប្រធានាធិបតីកូរ៉េខាងត្បូង បានបន្តថា នៅក្នុងអតីតកាល កូរ៉េខាងត្បូង បានពុះពាររំដោះខ្លួន ពីចក្រពត្តិជប៉ុន ប៉ុន្តែថ្ងៃនេះ ជប៉ុនជាដៃគូរបស់កូរ៉េខាងត្បូង ស្របពេលប្រទេសទាំងពីរកំពុងប្រឈមការគំរាមកំហែងដល់សេរីភាពប្រជាជនសកល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
កន្លងមក មេដឹកនាំកូរ៉េខាងត្បូងរូបនេះ បានអំពាវនាវឱ្យជប៉ុនកែលម្អទំនាក់ទំនងទ្វេភាគីជាច្រើនលើកតាមរយៈកិច្ចសហការលើសេដ្ឋកិច្ច សន្តិសុខ សង្គម និងវប្បធម៌ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក។ 
 
បន្ថែមពីនេះ ក្នុងសុន្ទរកថាដដែល ប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានដាក់ចេញគម្រោងជួយកែលម្អសេដ្ឋកិច្ចកូរ៉េខាងជើងផង ក្នុងករណីក្រុងព្យុងយ៉ាង ចាត់វិធានការរំសាយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ លោកយូន ក៏បានសន្យាជួយពង្រីកផលិតផលកសិកម្ម ធ្វើទំនើបកម្មមន្ទីរពេទ្យ រចនាសម្ព័ន្ធវេជ្ជសាស្រ្ត និងអនុវត្តការវិនិយោគអន្តរជាតិសម្រាប់កូរ៉េខាងជើងផង៕ 
 

Tag:
 កូរ៉េខាងត្បូង
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com