ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អេង ឆៃអ៊ាង ថា ដោយសាររឿងនយោបាយ លោក មិនអាចមកចូលរួម​បុណ្យសពឪពុក
15, Aug 2022 , 11:33 am        
រូបភាព
លោក អេង ឆៃអ៊ាង ស្រោចទឹកជូនលោកឪពុក កាលពីលោកមិនទាន់ចាក់ចេញពីកម្ពុជា។ រូបពីគណនីហ្វេសប៊ុករបស់លោក
លោក អេង ឆៃអ៊ាង ស្រោចទឹកជូនលោកឪពុក កាលពីលោកមិនទាន់ចាក់ចេញពីកម្ពុជា។ រូបពីគណនីហ្វេសប៊ុករបស់លោក
លោក អេង ឆៃអ៊ាង អនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ បានជូនដំណឹងជាសាធារណៈលើគណនីហ្វេសប៊ុក នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ អំពីមរណភាពលោកឪពុកបង្កើតរបស់លោក។ ប៉ុន្តែ លោក អេង ឆៃអ៊ាង ដែលកំពុងរស់នៅឯក្រៅប្រទេស ពុំអាចធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមពិធីបុណ្យសពលោកឪពុកនោះទេ។

 
លោក អេង ឆៃអ៊ាង បានសរសេរដូច្នេះថា៖«ដោយសាររឿងនយោបាយ បានធ្វើឲ្យរូបកូនមិនអាចទៅមើលមុខលោកឪពុកដោយផ្ទាល់ ហើយនិងជូនដំណើរលោកឪពុកជាចុងក្រោយឡើយ។ សូមវិញ្ញាណក្ខន្ធលោកឪពុក បានរួចចាកផុតពីឋានទុក្ខ និងបានទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។ 
 
តាមរយៈសំណេរលើបណ្តាញសង្គម លោក អេង ឆៃអ៊ាង បានបង្ហាញការគោរព និងការដឹងគុណចំពោះភរិយារបស់ខ្លួន ដែលបានមើលថែលោកឪពុករបស់លោកយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដោយគ្មានការត្អូញត្អែរ ទោះបីជួបការលំបាក និងហត់នឿយបែបណាក៏ដោយ។
 
លោក អេង ឆៃអ៊ាង ក៏ដូចអ្នកនយោបាយប្រឆាំងដទៃទៀតដែរ បានចាកចេញពីកម្ពុជា ដោយសារមានក្តីក្តាំនៅតុលាការ។ បទចោទធំៗ ដែលតុលាការកម្ពុជា ចោទប្រកាន់លើលោក មានជាអាទិ៍ បទឧបឃាត និងបទរួមគំនិតក្បត់ជាតិ។ បទឧបឃាត សំដៅលើការរៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ឯបទរួមគំនិតក្បត់ជាតិ សំដៅលើការចូលរួមគាំទ្រ និងអនុវត្តគម្រោងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ ដូច្នេះ លោក ត្រូវចោទពីបទចូលរួមរៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលផង រួមទាំងត្រូវចោទពីបទចូលរួមគាំទ្រ និងអនុវត្តគម្រោងនេះផង៕ 
 

Tag:
 អេង ឆៃអ៊ាង
© រក្សាសិទ្ធិដោយ thmeythmey.com