កីឡាជាតិ
ជាតិ
ប្រដាល់ IFMA៖ ឃួន ឡាំងកូស៊ីន ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោយឈ្នះកីឡាករថៃ Hacen Wani
15, Aug 2022 , 6:06 pm        
រូបភាព
ឃួន ឡាំងកូស៊ីន បង្គោលក្រហម ប្រកួតជាមួយកីឡាករថៃ Hacen Wani បង្គោលខៀវ។ រូប Capture IFMA
ឃួន ឡាំងកូស៊ីន បង្គោលក្រហម ប្រកួតជាមួយកីឡាករថៃ Hacen Wani បង្គោលខៀវ។ រូប Capture IFMA
ដោយ៖ហៀក ឆក
 
កីឡាករប្រដាល់កម្ពុជា ឃួន ឡាំងកូស៊ីន ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោយឈ្នះកីឡាករថៃ Hacen Wani ដោយពិន្ទុ និងកីឡាករកម្ពុជា ៥រូបផ្សេងទៀតឡើងទៅកាន់វគ្គបន្តពានរង្វាន់ IFMA World Grand Slam 2022 នៅ​ក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្នុងព្រឹត្តិការណ៍ International Federation of Mauythai Association ។

 
ការប្រកួតរវាងកីឡាករកម្ពុជាបង្គោលក្រហម ឃួន ឡាំងកូស៊ីន និងកីឡាករថៃបង្គោលខៀវ Hacen Wani លើប្រភេទទម្ងន់ ៥៧គីឡូក្រាម គូនេះប្រើពេលការវាយទាត់ប្តូរកណ្តាប់ដៃគ្នាពិតជាមិនធ្វើឲ្យអ្នកទស្សនាខកចិត្តនោះទេ។  ឆ្លងកាត់ការប្រកួតទាំង ៣ទឹកបង្គោលក្រហម ឈ្នះបង្គោលខៀវដោយពិន្ទុ។ បន្ទាប់ពីឈ្នះ Wani ឡាំងកូស៊ីន នឹងត្រូវជួបកីឡាករដែលមកពីក្លិប Kabiz របស់ម៉ាឡេស៊ី Mohamade Omer នាថ្ងៃទី១៦ ខែសីហា។
 
ជាមួយគ្នានេះដែរ កីឡាករកម្ពុជា ៥រូបឡើងទៅវគ្គបន្តក្រោយផ្តួលគូតស៊ូត្រឹមទឹក២។ បង្គោលក្រហម ភុន ពិសិត ប្តូរកែងលេងកណ្តាប់ដៃវាយកីឡាករម៉ាឡេស៊ីបង្គោលខៀវ Khairul Azmin ឲ្យសន្លប់ត្រឹមទឹក១ គូនេះលើប្រភេទទម្ងន់ ៤៨គីឡូក្រាម។ ហ៊ឹម គឹមរៀង បង្គោលក្រហម ឈ្នះម្ចាស់ផ្ទះម៉ាឡេស៊ី Emir Azul បង្គោលខៀវ ក្រោយរូបគេវាយកែងឲ្យសន្លប់ក្នុងទឹក២ លើប្រភេទទម្ងន់ ៥៤គីឡូក្រាម។ 
 
កីឡាករ ឈឿង ល្វៃ បង្គោលខៀវវាយលើប្រភេទទម្ងន់ ៧១គីឡូក្រាម យកឈ្នះ បង្គោលក្រហម Togbakoly Gamou ជនជាតិហ្គ៊ំប៊ី ដោយវាយឲ្យសន្លប់ក្នុងទឹក២ គូបន្ទាប់ រិន ដេវីត បង្គោលខៀវ វាយលើប្រភេទទម្ងន់ ៦០គីឡូក្រាម យកឈ្នះបង្គោលក្រហម Hafis Harsan ដោយប្រើពេលត្រឹម២នាទីជាងវាយ Hasan ឲ្យបោះបង់ការប្រកួតក្នុងទឹក១។ គូពិសេសលើប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម កីឡាករ សាន រ៉ាគីម បង្គោលខៀវ ទាត់បំបែកកង់ជើងក្រោម កីឡាករម៉ាឡេស៊ី Salah Abdo Ali ឲ្យបោះបង់ត្រឹមទឹក២។ ចំណែកកីឡាការិនី ឆា ចាន់ ដេង ចាញ់ពិន្ទុលើកីឡាការិនីម៉ាឡេស៊ី Foulodi លើប្រភេទទម្ងន់ ៤៥គីឡូក្រាម៕
 
 
 
 

Tag:
 ប្រដាល់
 IFMA
© រក្សាសិទ្ធិដោយ thmeythmey.com