អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក អាល់បានីស ចោទ​លោក មូរីសុនថា បានកាន់តំណែងផ្សេងជាសម្ងាត់ពេលជានាយករដ្ឋមន្ត្រី​
16, Aug 2022 , 9:29 am        
រូបភាព
លោកនាយករដ្ឋមន្រ្តីអូស្ត្រាលី លោកអាន់ថូនី អាល់បានីស (ខាងស្តាំ) និង លោកស្កុត មូរីសុន អតីតនាយករដ្ឋមន្រ្តីអូស្រ្តាលី។ រូបភាព៖ AFP
លោកនាយករដ្ឋមន្រ្តីអូស្ត្រាលី លោកអាន់ថូនី អាល់បានីស (ខាងស្តាំ) និង លោកស្កុត មូរីសុន អតីតនាយករដ្ឋមន្រ្តីអូស្រ្តាលី។ រូបភាព៖ AFP
 នាយករដ្ឋមន្រ្តីបច្ចុប្បន្ន​អូស្ត្រាលី លោកអាន់ថូនី អាល់បានីស នៅថ្ងៃទី១៥ ខែសីហា បានអះអាងថា លោក ស្កុត មូរីសុន អតីតនាយករដ្ឋមន្រ្តីអូស្ត្រាលី បានកាន់តំណែងផ្សេងដោយសម្ងាត់ ក្នុងពេលលោកដឹកនាំរដ្ឋាភិបាល។ ទាក់ទិននឹងបញ្ហានេះ លោកអាល់បានីស កំពុងស្វះស្វែងរកការស៊ើបអង្កើតលើរឿងមួយនោះ។

 
តាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក លោកស្កុត មូរីសុន នាយករដ្ឋមន្រ្តីអូស្រ្តាលីនៅចន្លោះឆ្នាំ ២០១៨ ដល់២០២២ ត្រូវបានតែងតាំងជារដ្ឋមន្រ្តីសុខាភិបាល ជាមួយលោក Greg Hunt ដើម្បីបញ្ចៀសការប្រមូលផ្តុំអំណាច ស្របពេលមានជំងឺឆ្លង។ ក្រោយមកទៀត លោកត្រូវបានតែងតាំងជារដ្ឋមន្រ្តីហិរញ្ញវត្ថុ និងធនធាន។ យ៉ាងណាមិញ ការតែងតាំងនេះ មិនមានពិធីស្បថចូលកាន់តំណែងផ្លូវការឡើយ។  
 
ជុំវិញបញ្ហានេះ លោក អាន់ថូនី អាល់បានីស នាយករដ្ឋមន្រ្តីអូស្ត្រាលី បានអះអាងថា វាជារឿងមិនធ្លាប់កើតមាន ដែលសមាជិកគណៈរដ្ឋមន្រ្តីសំខាន់ៗ ក្នុងអំឡុងពេលនោះ មិនបានដឹងពីការតែងតាំង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។​
 
«នេះជាការប្រមូលផ្តុំអំណាចដោយអតីតនាយករដ្ឋមន្រ្តីអូស្រ្តាលី (មូរីសុន)»។ លោក អាល់បានីស បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា លោកកំពុងស្វះស្វែងរកការផ្តល់ផ្នែកច្បាប់ពីសំណាក់អគ្គរាជអាជ្ញាអូស្រ្តាលីជុំវិញបញ្ហាខាងលើ។ ប្រមុខរដ្ឋាភិបាលអូស្រ្តាលីរូបនេះ បានបន្តថា វាមិនមែនជាករណីក្លឹបបាល់ឱបក្នុងស្រុកឡើយ ប៉ុន្តែវាជារដ្ឋាភិបាលអូស្រ្តាលី ដែលមិនបានប្រាប់ឱ្យប្រជាជនដឹងពីការកាន់តំណែង។
 
យ៉ាងណាមិញ អគ្គទេសាភិបាលអូស្ត្រាលី លោក David Hurley បានអះអាងថា ការកាន់តំណែងរបស់លោកមូរីសុន គឺផ្អែកតាមរដ្ឋធម្មនុញ្ញអូស្រ្តាលី។ តាមសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យរបស់អគ្គទេសាភិបាលអូស្ត្រាលី បានអះអាងថា វាជារឿងសាមញ្ញសម្រាប់រដ្ឋមន្រ្តី ដែលត្រូវបានតែងតាំងឱ្យគ្រប់គ្រងក្រសួង លើសពីការទទួលខុសត្រូវរបស់ខ្លួន ហើយពិធីស្បថចូលកាន់តំណែង មិនមែនជារឿងចាំបាច់ឡើយ។ អគ្គទេសាភិបាលអូស្រា្តលី គឺតំណាងឱ្យមហាក្សត្រនៅអូស្រ្តាលី នៅក្នុងពិធីស្បថកាន់តំណែង៕
 
 

Tag:
 អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com