ជាតិ
សង្គមជាតិ
សៀមរាប៖ ពលរដ្ឋភូមិភ្ញាជ័យ សុំឱ្យអាជ្ញាធរពន្លឿនការដោះស្រាយរឿងទឹកលិចផ្ទះ
16, Aug 2022 , 6:59 pm        
រូបភាព
សៀមរាប៖ ផ្ទះលក់ទំនិញរបស់អ្នកស្រី ណារី ដែលស្ថិតនៅភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ បានលិចទឹកប្រមាណ៣ថ្ងៃមកហើយ ដោយសារភ្ញៀងបន្តធ្លាក់។ អ្នកស្រី ណារី ប្រាប់សារព័ត៌មានថ្មីៗថា អ្នកស្រី បានរៀបចំជាធ្នើរកល់ទំនិញឱ្យផុតពីទឹក ដែលមានជម្រៅត្រឹមជង្គង់។ តាមការបញ្ជាក់ពីពលរដ្ឋរូបនេះ ទឹកចាប់ផ្តើមជ្រាបចូលផ្ទះ នៅពេលមានភ្លៀងធ្លាក់ម្ដងៗ ដោយសារអត់មានប្រព័ន្ធបង្ហូរទឹកចេញ ហើយផ្ទះពលរដ្ឋខ្លះធ្វើបិទផ្លូវ ឬមិនបានដាក់ប្រព័ន្ធលូជាដើម។



 
អាជ្ញាធរ បានចុះមកមើលស្ថានភាពលិចនេះដែរ ប៉ុន្តែមិនទាន់មានដំណោះស្រាយអ្វីឡើយ ដែលធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋមានភាពលំបាក។ ត្រង់ចំណុចនេះ អ្នកស្រី ណារី ប្រាប់ថា ការលក់ដូររបស់អ្នកស្រីត្រូវខាតបង់ជាងពាក់កណ្ដាល ព្រោះអត់ភ្ញៀវចូលទិញទំនិញ។

បន្ថែមពីនេះ គ្រួសារអ្នកស្រីត្រូវចំណាយលើថ្លៃប្រេង និងទឹកម៉ាស៊ីន ដើម្បីបូមទឹកចេញពីក្នុងផ្ទះផងដែរ។ អ្នកស្រីសំណូមរពរឱ្យអាជ្ញាធរ ពន្លឿនការដោះស្រាយជូនពលរដ្ឋឱ្យបានឆាប់ៗ តាមដែលអាចធ្វើទៅបាន។ 


 
ចៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប លោក ហ៊ា ហាវ បានឱ្យដឹងថា បញ្ហានេះអាជ្ញាធរបានខ្នះខ្នែងជួយដោះស្រាយដែរ ហើយលោកសន្យាថា នៅឆ្នាំក្រោយ នឹងជួយស្ដារប្រឡាយតាមដងផ្លូវ ដើម្បីបន្ធូរចរន្តទឹកឱ្យហូរបានលឿន។ តាមលោក ហ៊ា ហាវ ផ្ទះពលរដ្ឋប្រមាណ ៥០ខ្នង ក្នុងភូមិភ្ញាជ័យ ដែលជន់លិចដូច្នេះ។ 
 
យ៉ាងណា លោកចៅសង្កាត់បញ្ជាក់ថា បញ្ហានេះមិនអាចបន្ទោសតែអាជ្ញាធរម្ខាងបានទេ ពលរដ្ឋក៏មានចំណែកខុសដែរ។ ខុសព្រោះមិនបានរាយការណ៍ករណីក្រុមហ៊ុនចាក់ដី ឬម្ចាស់ដីខ្លះ ដែលលុបប្រព័ន្ធបង្ហូរទឹក ធ្វើឱ្យទឹកលិចយ៉ាងដូច្នេះ៕




សូមទស្សនា ស្ថានភាពទឹកភ្លៀងលិចផ្ទះពលរដ្ឋនៅភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដូចតទៅនេះ៖ 


 
 

Tag:
 ជំនន់ទឹកភ្លៀង
  ភូមិភ្ញាជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com