អត្ថបទពាណិជ្ជកម្ម
មូលនិធិកូកា-កូឡា គាំទ្រ មូលនិធិ Planet Water ​ក្នុងការនាំយក​ទឹក​ស្អាត​ដល់សិស្ស និងពលរដ្ឋនៅមណ្ឌលគិរី
16, Aug 2022 , 3:30 pm        
រូបភាព
 ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២៖ កិច្ចសហការ​ជា​មួយ​មូលនិធិ Planet Water បាននាំមកនូវការតម្លើងប៉ម​ចម្រោះ​ទឹកស្អាត AquaTower និងម៉ាស៊ីនអនាម័យ AquaSan ទី៤១ នៅ​វិទ្យាល័យ ហ៊ុនសែន កែវសីមា ខេត្តមណ្ឌលគិរី ដោយបានផ្តល់ជូន​​សហគមន៍នូវ​ប្រព័ន្ធ​ចម្រោះ​ទឹក​ស្អាត និងម៉ាស៊ីនអនាម័យ ព្រមទាំង​កម្មវិធីអប់រំសុខភាពអនាម័យ។ ​នេះក៏សូមថ្លែងអំណរគុណដល់ការឧបត្ថម្ភ​គាំទ្រពី​មូលនិធិកូកា-កូឡា​​ (The Coca-Cola Foundation)។

មូលនិធិកូកា-កូឡា គឺ​ជា​ស្ថាប័ន​សប្បុរសធម៌​សាកល​​របស់​ក្រុមហ៊ុនកូកា-កូឡា ដែលបាន​ផ្តល់​ជំនួយ​ដល់មូលនិធិ Planet Water ដើម្បី​ដាក់​ពង្រាយ​ប៉ម​ចម្រោះ​ទឹកស្អាតAquaTowers និងម៉ាស៊ីនអនាម័យAquaSans ទាំងនេះ​ក្នុងព្រះរាជាណាចក្រ​កម្ពុជា។
 
លោក​ស្រី Saadia Madsbjerg ប្រធាន​មូលនិធិកូកា-កូឡា មាន​ប្រសាសន៍​ថា៖ «មូលនិធិកូកា-កូឡា មាន​ប្រវត្តិ​យូរ​អង្វែងមក​ហើយ​នៅទូទាំងពិភពលោក ក្នុងការគាំទ្រ​​គម្រោងនានា​ លើកិច្ច​ការពារ ​និងផ្តល់​លទ្ធភាព​ទទួល​បានធនធានទឹកស្អាតសម្រាប់ប្រើប្រាស់។ នៅប្រទេស​កម្ពុជាវិញ យើង​មាន​មោទនភាព​ដែល​ការឧបត្ថម្ភ​គាំទ្រ​របស់​យើង​ដល់​មូ​លនិធិ Planet Water នឹង​អាច​ផ្តល់​លទ្ធភាព​ទទួល​បាន​ទឹក​ពិសា​​ប្រកប​ដោយ​សុវត្ថិភាព​និងឥត​គិត​ថ្លៃសម្រាប់ប្រជាសហគមន៍។ គម្រោងនេះនឹង​គ្របដណ្តប់នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​គិតត្រឹមបំណាច់​ឆ្នាំ​២០២២នេះ»។ 
  

បច្ចេក​វិទ្យា​ប៉ម​ចម្រោះ​ទឹក​ស្អាត AquaTower របស់​មូលនិធិ Planet Water មានសមត្ថភាពកម្ចាត់​បាក់តេរី ប្រូតូហ្សូអា វីរុស ភ្នាក់ងារ​បង្ករោគ និង​សារធាតុ​កខ្វក់​ផ្សេង​ទៀត​ដែល​ធំ​ជាង ០,០១ មីក្រូន ហើយ​ផ្តល់​ឱ្យ​កុមារ និងប្រជា​​សហគមន៍នូវ​ទឹក​ស្អាត​សម្រាប់​បរិភោគប្រកបដោយសុវត្ថិភាព។ ចាប់​តាំង​ពី​ឆ្នាំ២០១៦មក តាម​រយៈ​ការ​គាំទ្រ​ពី​មូលនិធិកូកា-កូឡា មូលនិធិ Planet Water បាន​សាង​សង់ប៉ម​ចម្រោះ​ទឹកស្អាត AquaTowers ចំនួន៤០ និង​ផ្តល់អត្ថ​​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ជាង ៧១,៤០០​នាក់ ក្នុង​ខេត្ត​ចំនួន ២៤ នៅ​ទូទាំង​ប្រទេស​កម្ពុជា។ គិត​ត្រឹមថ្ងៃនេះ យើងបានតម្លើង និងសម្ភោធដាក់ឱ្យប្រើប្រាស់ប៉ម​ចម្រោះ​ទឹក​ស្អាត AquaTowers ចំនួន​៤១ នៅ​គ្រប់​ខេត្ត​ទាំង​អស់នៅ​ទូទាំង​​​ប្រទេសកម្ពុជាដោយ​ផ្តល់ជូន​​សហគមន៍នូវប្រព័ន្ធចម្រោះ​ទឹក​ស្អាត និងកម្មវិធីអប់រំសុខភាពអនាម័យ។


 
ក្រៅ​ពី​​ទឹក​ស្អាត​សម្រាប់​បរិភោគ គម្រោង AquaTower ក៏​​ផ្តល់​​ជូន​​សាលារៀន និង​​សហគមន៍​​ជនបទ​​នូវ​​​កន្លែង​លាង​​សម្អាត​​ដៃ និង​​អនាម័យ​​ផង​​ដែរ។ កន្លែង​​លាង​​ដៃ​​ត្រូវ​បាន​​បំពាក់​ទៅ​នឹងតួ​ប៉ម​​ចម្រោះ​ទឹកស្អាត ​AquaTower នីមួយៗ ហើយ​​បម្រើ​​ជា​​ធនធាន​​អនាម័យ​​សំខាន់​មួយ​ដល់​​សាលា​រៀន ដោយ​កន្លែង​លាង​ដៃ​នីមួយៗ​មាន​ផ្តល់​ជូន​​​ឧបករណ៍ដាក់​​​​សាប៊ូលាងដៃ និង​បដា​ផ្ទាំង​ផ្សព្វ​ផ្សាយ​​អម​ដោយ សារ​​​​​យល់ដឹង​អំពីការ​លាង​ដៃ និង​ការ​អនុវត្ត​ល្អ​បំផុតសម្រាប់អ្នកប្រើប្រាស់ប៉មនេះ។
 
គម្រោង​នេះ​ក៏មាន​​កម្មវិធី​អប់រំ​អនាម័យដោយអនុវត្តជាក់ស្តែងដល់សិស្សានុសិស្សផងដែរ។ កម្មវិធីនៅ​តាម​សាលារៀន និង​សហគមន៍ទាំង​នេះ​ត្រូវបាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង​អប់រំ និង​ផ្តល់សិទ្ធិអំណាច​ដល់​កុមារ និង​អ្នក​ថែទាំ​កុមារ ក្នុងការ​ផ្លាស់ប្តូរគោលគំនិត និង​អាកប្បកិរិយាចំពោះសុខភាព​ទឹក ​និង​អនាម័យ។
 
ថ្លែងក្នុងពិធីសម្ពោធ ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិកាក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «វិស័យឯកជនបានរួមចំណែកជាច្រើនដល់ ដំណើរកិច្ចគាំពារបរិស្ថាន របស់ក្រសួងបរិស្ថាន។ តាងនាមក្រសួងបរិស្ថាន ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ដែលបានផ្ដល់នូវប៉មចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យដល់ វិទ្យាល័យ ហ៊ុនសែន កែវសីមា តាមរយៈមូលនិធិកូកា-កូឡា»។
 


លោក Mark Steele ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​របស់​មូលនិធិ Planet Water បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំសូមថ្លែង​អំណរ​គុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​ការ​គាំទ្រដែល​យើង​បាន​ទទួល និង​បន្ត​ទទួលបាន​ពី​អ្នកឧបត្ថម្ភ និង​ដៃគូសា​ជីវកម្ម​របស់​យើង រួម​ទាំង​មូលនិធិកូកា-កូឡាផង​ដែរ»។ លោក​បន្ថែមថា៖ «ឥទ្ធិពល​​ដែល​យើង​កំពុង​បង្កើត មិន​អាច​វាស់​បាន​ដោយ​តួលេខ​នោះ​ទេ តែតាម​រយៈ​ការ​នាំយក​ទឹក​ស្អាត​ទៅ​កាន់​សហគមន៍​ដែល​ខ្វះ​ខាត ពួក​យើង​កំពុង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​​នូវ​សុខភាព និង​គុណភាព​ជីវិត​សម្រាប់​បុគ្គល​រាប់​ពាន់​នាក់ ដែល​ឥឡូវ​នេះ​ពួកគាត់អាច​បង្វែរ​​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ខ្លួន​ទៅកាន់​ទិដ្ឋភាព​ផ្សេង​ទៀត​នៃ​ជីវិត​​ ជំនួស​ឱ្យ​ការ​នៅតែ​បន្ត​បារម្ភ​អំពី​​​បញ្ហា​ប្រឈម​នេះ»។
 






សូមជម្រាបជូនផងដែរថាចាប់​តាំង​ពី​ឆ្នាំ​២០១០មក មូលនិធិកូកា-កូឡា បាន​បរិច្ចាគថវិកា​ជាង១៣​លាន​ដុល្លារ ​ដល់​កិច្ចសហប្រតិបត្តិការ​ទឹកនានា​​នៅ​ក្នុងបណ្តា​ប្រទេសនានា​នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​៕
 


(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com