កីឡាជាតិ
ជាតិ
អង្គរវត្ត អាចក្លាយជាទីតាំងគំរូសម្រាប់ពិធីសុំភ្លើងគប់ ដែលផ្ដល់ពីអាទិទេពកីឡា
16, Aug 2022 , 9:59 pm        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ក្នុងកិច្ចប្រជុំពិភាក្សា ជាមួយសហព័ន្ធកីឡាជាតិ និងផ្នែកពាក់ព័ន្ធ សម្រាប់វិញ្ញាសាប្រកួត ស៊ីហ្គេមលើកទី៣២។ រូបពី CAMSOC
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ក្នុងកិច្ចប្រជុំពិភាក្សា ជាមួយសហព័ន្ធកីឡាជាតិ និងផ្នែកពាក់ព័ន្ធ សម្រាប់វិញ្ញាសាប្រកួត ស៊ីហ្គេមលើកទី៣២។ រូបពី CAMSOC
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) នឹងយកទីតាំងប្រាសាទអង្គរវត្ត ជាកន្លែងសុំភ្លើងអាទិទេពកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា។  ការយកទីតាំងនេះ ដោយសម្លឹងឃើញលក្ខណៈពិសេស នៃប្រាសាទអង្គរវត្ដ ជាបេះដូងនៃកម្ពុជា។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា ប្រសិនជាប្រទេសក្នុងតំបន់ ឃើញនូវភាពចាំបាច់ ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ដោយត្រូវមកយកភ្លើងគប់នៅប្រាសាទអង្គរវត្ត ដូចនេះ កម្ពុជា នឹងក្លាយជាប្រទេសដែលផ្ដួចផ្ដើមគំនិតដ៏ល្អមួយ។


 
លោក វ៉ាត់ ចំរើន បញ្ជាក់ថា ពិធីសុំភ្លើងអាទិទេពកីឡា នឹងធ្វើនៅប្រសាទអង្គរវត្ត ដែលជាទីតាំងដ៏ពិសិដ្ឋ និងជាទីតាំង ដំណាងឲ្យព្រលឹងជាតិ។ អគ្គលេខាធិការ CAMSOC រូបនេះ បានពន្យល់ប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាម ​អំពីប្រវត្តិនៃការសុំភ្លើងអាទិទេពកីឡា ដែលដូចគ្នាទៅនិងការសុំភ្លើងអាទិទេពកីឡាអូឡាំពិក នៅភ្នំអូឡាំព្យាដ កាលពី ២០០០ឆ្នាំ មុនគ្រិស្តសករាជ។ 
 
ការសុំភ្លើងអាទិទេពកីឡាអូឡាំពិក គឺធ្វើរៀងរាល់៤ឆ្នាំម្ដង សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក។ ប្រជាជនក្រិច ចាត់ទុកទីភ្នំនោះ ជាកន្លែងស័ក្ដិសិទ្ធិ សម្រាប់គោរពបូជា ដូចគ្នាជាមួយ ប្រាសាទអង្គរវត្តរបស់កម្ពុជា ដែលចាត់ទុកថាកន្លែងគោរព និងដ៌ពិសិដ្ឋ។ ពិធីទេវរាជ ត្រូវបានធ្វើឡើងមុន នឹងយកភ្លើងនេះចុះមក ដោយបើកការប្រកួតកីឡានៅលើភ្នំអូឡាំព្យាដ ដែលជាកីឡាអូឡាំពិកសម័យបុរាណ។ ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា នឹងធ្វើតាមលំនាំនោះដែរ។ 
 
មូលហេតុ ដែលភ្លើងនេះ ដាក់ឈ្មោះជាភ្លើងអាទិទេពកីឡា ព្រោះជាភ្លើង ដែលដុតដោយកម្ដៅព្រះអាទិត្យ។ លោក វ៉ាត់ ចំរើន ពន្យល់បន្ថែមថា ភ្លើងនេះ គឺយកដោយចំណាំងផ្លាតពីព្រះអាទិត្យ ហើយបញ្ចូលទៅក្នុងឧបករណ៍ ដោយបង្កើតជាភ្លើងចេញពីព្រះអាទិត្យ។ ភ្លើងនេះ នឹងត្រូវដង្ហែដាក់ជាភ្លើងគប់ ដើម្បីដង្ហែគ្រប់ប្រទេសក្នុងតំបន់អាស៊ាន រួចនាំមកកម្ពុជាវិញ ដោយត្រូវដង្ហែជុំវិញបឹងទន្លេសាប។ បន្ទាប់មកទៀត ភ្លើងនេះ ដង្ហែចូលក្នុងពិធីបើកស៊ីហ្គេម ដែលធ្វើនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។
 
«ស៊ីហ្គេម នៅកម្ពុជា នឹងធ្វើឲ្យមានអត្ថន័យជ្រាលជ្រៅ ដូចការប្រកួតកីឡាអូឡាំពិក។»។ អគ្គលេខាធិការរូបនេះ បានប្រាប់បែបនេះ។
 
លោក វ៉ាត់ ចំរើន បន្ថែមថា ពិធីសុំភ្លើងអាទិទេពនេះ គឺធ្វើសម្រាប់ស៊ីហ្គេមនៅកម្ពុជា តែប្រសិនជាប្រទេសផ្សេងទៀត យល់ថាពិធីនេះ មានអត្ថន័យ ហើយគិតថាតំបន់អង្គរជាកន្លែង ពិសេសក្នុងការធ្វើពិធីនេះ ប្រទេសទាំងនោះ អាចមកសុំភ្លើងអាទិទេពកីឡា នៅកម្ពុជាបាន។
 
គួររំលឹកផងដែរ CAMSOC នឹងរៀបចំស៊ីហ្គេមនៅកម្ពុជា ឲ្យដើរតាមគន្លងស្ដង់ដារកីឡារឡើងវិញ ដោយសំអាងថា ស៊ីហ្គេម២លើកចុងក្រោយ ក្រោមបរិបទកូវីដ-១៩ មិនមានស្តង់ដារពេញលេញទេ។ នេះគឺជាចំណុចសំខាន់មួយ ក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះស៊ីហ្គេម ដែលត្រូវរៀបចំតាមស្ដង់ដារ ពិសេសអនុវត្តតាមធម្មនុញ្ញរបស់ស៊ីហ្គេម ដែលគោរពទៅតាមធម្មនុញ្ញរបស់អូឡាំពិក៕
 

Tag:
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com