កីឡាជាតិ
ជាតិ
លោក មិត្ត សំអែល អតីតកីឡាករបាល់ទាត់ គ្រូបង្វឹក និងជាអតីតមន្ត្រីទ័ពអាកាស ​ទទួលមរណភាព
17, Aug 2022 , 10:39 am        
រូបភាព
mith samel
mith samel
ដោយ៖ហៀក ឆក
 
លោក មិត្ត សំអែល អតីត​ខ្សែប្រយុទ្ធ​ជម្រើស គ្រូបង្វឹក និងជាអ្នករួមចំណែក​អភិវឌ្ឍន៍​បាល់ទាត់ ក្រោយសម័យ​សង្គ្រាម បានទទួលមរណភាព ក្នុងអាយុ៨៤​ឆ្នាំ ដោយរោគាពាធ​កាលពី​ថ្ងៃទី​១៦ ខែ​សីហា។ លោកក៏ជាឪពុកបង្កើត​របស់អតីតខ្សែប្រយុទ្ធ​ល្បីល្បាញ សំអែល ណាសា ផងដែរ។ ក្រៅពី​លោកក៏ធ្លាប់ជាមន្ត្រី​បម្រើ​ការ​នៅ​មូលដ្ឋានទ័ពអាកាសពោធិ៍ចិន​តុង ថែមទៀត​ផង។




លោក មិត្ត សំអែល(ស្តាំ) គ្រូបង្វឹកក្រុមបាល់ទាត់គ្រុឌបៃតង។ រូបពី Rith Dika
 
«ជាអតីតគ្រូបង្ហាត់ក្លឹបបាល់ទាត់គ្រុឌបៃតង ចាប់ពីឆ្នាំ១៩៩៧-២០០៧ ដែលបច្ចុប្បន្នក្លឹបបានប្តូរឈ្មោះមកជា ក្លឹបកីឡាបាល់ទាត់ ព្រះខ័នរាជ ស្វាយរៀង។ បេសកកម្មបាល់ទាត់ស្ទើរពេញមួយជីវិតមុននឹងចាប់ផ្តើមជាគ្រូ លោកក៏ជាអតីតកីឡាករជម្រើសជាតិក្នុងទស្សវត្សរ៍៦០-៧០ និងបានបណ្តុះបណ្តាលដល់ថ្នាលយុវជនជាច្រើនក្រោយ​របប​ខ្មែរក្រហម»។ ក្លិប​ព្រះខ័នរាជស្វាយ​រៀង បាន​​រំលឹកត្រួសៗពី​គុណ​បំណាច់​របស់​លោក មិត្ត សំអែល​ នៅក្នុងទំព័រ​ហ្វេសប៊ុក​របស់ខ្លួន។
 
​បើ​តាម​ជីវប្រវត្តិ​សង្ខេប​របស់​លោក មិត្ត សំអែល ដែលចុះផ្សាយដំបូងនៅ​គេហទំព័រ​សប្បាយ កាលពីខែ​តុលា ឆ្នាំ​២០១៤ លោកស្ថិតក្នុងចំណោមស្ថាបនិក​​ដែល​បាន​រៀបចំ​ក្រុមបាល់ទាត់យុវជន​ឡើង​វិញ ក្រោយ​សម័យ​សង្គ្រាម។
 
លោក មិត្ត សំអែល កើតនៅ​ឆ្នាំ១៩៤០ នៅស្រុកពញាឮ ខេត្តកណ្តាល ហើយ​មាន​និស្ស័យ​ជាមួយ​កីឡា​បាល់ទាត់​តាំងពីក្មេង។ ចំណង​អាពាហ៍ពិពាហ៍ជាមួយ​អ្នកស្រី លី សាវី បង្កើតបានកូន​ប្រុស​៤នាក់ ដែល​ក្នុងនោះ​មានអតីតខ្សែប្រយុទ្ធជម្រើសជាតិ សំអែល ណាសា ពីឆ្នាំ២០០០ ដល់២០១១ ជាកូន​ពៅ។
​បើតាមការចុះផ្សាយ​របស់​សារព័ត៌មានសប្បាយដដែល លោក មិត្ត សំអែល ក៏​មាន​ប្រវត្តិការងារ​នៅមូលដ្ឋានទ័ពអាកាសចរពោធិ៍ចិន​តុង​ផងដែរនៅមុន​របប​ប៉ុល ពត ហើយ​លោកមានតួនាទីជាភ្នាក់ងារ​ការិយាល័យទី២ សេនាធិការ​ទ័ព​អាកាស​ខ្មែរ​ប្រចាំ​ការ​នៅ​អាកាសយានដ្ឋាន​ស៊ីវិល​យោធា​ពោធិចិនតុង ពី​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ១៩៧៥៕


លោក មិត្ត សំអែល ជាមួយកូនសិស្សក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។ រូបពី Rith Dika 



 
លោក មិត្ត សំអែល(ស្តាំ) គ្រូបង្វឹកក្រុមបាល់ទាត់គ្រុឌបៃតង។ រូបពី Rith Dika 
 
 

Tag:
 បាល់ទាត់
 មិត្ត សំអែល
© រក្សាសិទ្ធិដោយ thmeythmey.com