កីឡាជាតិ
ជាតិ
តើអគ្គិសនីកម្ពុជា អាចជាក្រុមលីគ២ តែមួយដែលឡើងទៅ វគ្គ៨ក្រុមចុងក្រោយ?
17, Aug 2022 , 11:33 am        
រូបភាព
អគ្គិសនីឈ្នះគិរីវង់សុខសែនជ័យ ៣-២ កាលពីជើងទីមួយ។ រូបថត EDC FC
អគ្គិសនីឈ្នះគិរីវង់សុខសែនជ័យ ៣-២ កាលពីជើងទីមួយ។ រូបថត EDC FC
អគ្គិសនីកម្ពុជា គឺជាក្រុមតែមួយពីខេមបូឌានលីគ២​ដែលបានយកឈ្នះ ក្រុមលីគកំពូល គិរីវង់សុខសែនជ័យ ក្នុងជំនួបជើងទី១ ក្នុងលទ្ធផល៣-២ កាលពីថ្ងៃទី៣ ខែសីហា នៃការប្រកួតពានសម្ដេច ហ៊ុន សែន លើកទី១៦ វគ្គជម្រុះថ្នាក់ជាតិ។ លោក ទុំ សារ៉ាយ គ្រូបង្វឹកក្រុមអគ្គីសនីកម្ពុជា បារម្ភពីការប្រកួតជំនួបជើងទី២ នៅទឹកដីគិរីវង់សុខសែនជ័យ នៅថ្ងៃទី១៧ ខែសីហា វេលាម៉ោង ៣:៣០ រសៀល។



ជ័យជម្នះ៣-២ ក្នុងជំនួបជើងទី១មិនបានធ្វើឲ្យក្រុមលីគ២នេះ មានភាពកក់ក្ដៅ នឹងទៅវគ្គបន្ទាប់ទេ។
 
ការប្រកួតក្នុងទីលានបាល់ទាត់របស់គិរីវង់សុខសែនជ័យ ធ្វើឲ្យគ្រូបង្វឹកអគ្គីសនីព្រួយបារម្ភ ខ្លាចកូនក្រុមធ្វើមិនបានល្អ។ ម្យ៉ាងវិញទៀត កីឡាកររបស់អគ្គិសនីអាចពិបាកព្រោះ មិនបានហ្វឹកហាត់លើទីលានរបស់គិរីវង់មុនពេលប្រកួត។ 
 
«យើង មិនបានហាត់នៅលើទីលានគាត់ហើយត្រូវប្រកួតលើទឹកដីគាត់វិញ។ ដូចនេះលទ្ធផល ឈ្នះ៣-២ គឺមិនទៀតទេ ប្រសិនជាកីឡាករយើងរៀបចំមិនបានល្អ ហើយខាងគាត់រៀបចំបានល្អជាងយើង នោះ យើងនឹងមានការលំបាកជាមិនខាន។»។ លោក ទុំ សារ៉ាយបានប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាមបែបនេះ។
 
បច្ចេកទេស និងទម្រង់ប្រកួតមិនបានធ្វើឲ្យក្រុមភ្ញៀវនេះ ព្រួយបារម្ភទេ ព្រោះក្រុមទាំង២ បានយល់ពីគ្នាទៅវិញទៅមកនៅជើងទី១រួចមកហើយ។ លោក ទុំ សារ៉ាយ បានសង្កត់ធ្ងន់ថា៖«ការប្រកួតពេលនេះសំខាន់បំផុតគឺស្មារតីប្រកួតជាក្រុម និងឆន្ទៈរបស់កីឡាករម្នាក់ៗ ប្រកួតអស់ពីសមត្ថភាពនិងប្រុងប្រយ័ត្នបំផុត។»។
 
ដោយឡែកការត្រៀមខ្លួន ជួបក្រុមភ្ញៀវយ៉ាងណានោះ សារព័ត៌មានថ្មីៗ មិនអាចទាក់ទង់ទៅគ្រូបង្វឹករបស់គិរីវង់សុខសែនជ័យបានទេ។
 
នៅក្នុងពេលទន្ទឹមគ្នានេះ អង្គរថាយហ្គឺរត្រូវស្វាគមន៍ ក្រុមកោះកុង អេហ្វស៊ី នៅកីឡដ្ឋានហនុមាន។ ក្នុងថ្ងៃជាមួយគ្នានេះវេលាម៉ោង ៦:៣០ ល្ងាច ភ្នំពេញក្រោន ប៉ះ ព្រៃវែង អេហ្វស៊ី នៅកីឡដ្ឋាន Smart RSN ខណៈពេលកងយោធពលខេមរភូមិន្ទ ប្រកួតជាមួយ នគរបាលជាតិ។ ជំនួបជើងទី១ ក្រុមលីគកំពូល ខាងលើនេះឈ្នះទាំងអស់ លើកលែងតែ គិរីវង់សុខសែនជ័យ ដែលចាញ់៕
 
 
 

Tag:
 បាល់ទាត់
  Hun Sen Cup
  ពានសម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com