ជាតិ
សង្គមជាតិ
លោក ជា សុផារ៉ា ឱ្យ​ពលរដ្ឋ​សង់​សំណង់​ខុសច្បាប់​ស្ម័គ្រចិត្ត​រុះរើ​ខ្លួនឯង​
17, Aug 2022 , 3:59 pm        
រូបភាព
លោក ជា សុផារ៉ា ក្នុងពិធីបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។
លោក ជា សុផារ៉ា ក្នុងពិធីបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។
​សៀមរាប​៖ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​តម្រង់ទិស​ដោះ​ស្រាយ​បញ្ហា​សំណង់​ខុសច្បាប់​ក្នុង​តំបន់​អង្គរ បានលើកឡើង​ច្បាស់ៗ​ពី​វិធានការ និង​ការអនុវត្ត​របស់លោក ក្នុងការ​ដោះស្រាយ​បញ្ហា​សំណង់​ខុសច្បាប់ ដើម្បី​ការពារ​តម្លៃ​ជាស​កល​នៃ​រមណីយដ្ឋាន​អង្គរ​។ លោក​រដ្ឋមន្ត្រី ក៏បាន​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ ដែល​សង់​សំណង់​ខុសច្បាប់​ទាំងអស់ គួរ​ស្ម័គ្រចិត្ត​រុះរើ​ដោយ​ខ្លួនឯង​។​


​តាម​របាយការណ៍ បច្ចុប្បន្ន​មាន​សំណង់​ខុសច្បាប់ ជាង​៨​ពាន់​ករណី នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ក្នុងនោះ​ត្រឹម​រយៈពេល​៦​ខែ​ដើមឆ្នាំ ២០២២​នេះ សំណង់​ខុសច្បាប់ កើតមាន​ចំនួន​ជាង​២​ពាន់​ករណី​។ នេះ​ជា​បញ្ហា​មួយ​ដែល​រដ្ឋមន្ត្រី ជា សុផារ៉ា លើកឡើងថា ជា​រឿង​គួរឱ្យ​ខ្មាសអៀន​បំផុត និង​មិន​គួរឱ្យ​កើតមាន​ទាល់តែសោះ​។​


 លោក ជា សុផារ៉ា ក្នុង​ពិធី​បើក​យុទ្ធនា​ការចុះវាស់វែង កំណត់​និយាម​កា​ក្បាលដី និង​អត្តសញ្ញាណ​អ្នកកាន់កាប់​ដី និង​សំណង់​ខុសច្បាប់ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ នា​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២២​។​


ជាមួយគ្នានេះ រដ្ឋមន្ត្រី​រៀបចំ​ដែនដី ក៏បាន​លើក​ករណី​លេច​ធ្លាយ​លិខិត របស់​រដ្ឋបាលខេត្ត ចុះ​ថ្ងៃទី​២៧ ខែមិថុនា ដោយ​ស្នើ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ផ្អាក​ការរុះរើ​សំណង់​ខុសច្បាប់  ដែល​បង្ក​ឱ្យ​សំណង់​ខុសច្បាប់ កើត​ថ្មី​ចំនួន ៣៩៨​ករណី​។ លោក ជា សុផារ៉ា ឱ្យ​អភិបាលខេត្ត ទៀ សីហា ប្រញាប់​និរាករណ៍​លិខិត​នេះ​ឱ្យបាន​លឿន​បំផុត និង​ត្រូវ​ទទួលខុសត្រូវ​ករណី​នេះ​។ 
 
 «​លិខិត​លេខ ៤១២ គឺ​លុច​ចោល​ឯកឧត្តម (​អភិបាលខេត្ត​សៀមរាប​) មិនអាច​ទុក​ទេ ទុក​ស្មើនឹង​លើកទឹកចិត្ត ហើយ​ជាក់ស្ដែង​បានធ្វើឱ្យ​សំណង់​នេះ​មាន​ការរីក​រាលដាល និង​មិនអាច​គ្រប់គ្រង​បាន​។ ហើយ​គិត ប៉ា​ប៉ុណ្ណឹង​ទៅ​ស្រាប់​តែមាន​ចលនា មាន​បាតុកម្ម ពូថៅ កាំបិត តវ៉ា​លិច​កើត ប៉ះ​ត្រង់ណា​យើង​ចាប់​នៅ​ហ្នឹងៗ ពីមុន​កាំភ្លើង​ពេញ​ភ្នំពេញ ប្រមូល​ច្រក​បាវ​បាន ឥឡូវនេះ​ប្រហែលជា​អ្នក​ដែល​ក្លាហាន​មិនទាន់មាន​ទេៗ​។ ខ្ញុំ​មកឈរ​ប្រឈមមុខ​នៅក្នុង​ការដោះស្រាយ​គ្រប់​រូបភាព​នៅក្នុង​ខេត្តសៀមរាប ហ្នឹង​ប្រកាស​ឱ្យ​ហើយ​»​។ នេះ​ជាការ​អះអាង​របស់លោក ជា សុផារ៉ា ក្នុង​ពិធី​ប្រកាស​បើក​យុទ្ធនា​ការចុះវាស់វែង កំណត់​និយាម​កា​ក្បាលដី និង​អត្តសញ្ញាណ​អ្នកកាន់កាប់​ដី និង​សំណង់​ខុសច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃទៀត ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។​
 
​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី ជា សុផារ៉ា សុំឱ្យ​ពលរដ្ឋ ដែល​ទើប​សាងសង់​សំណង់​ថ្មីៗ ដោយមាន​ការសម្របសម្រួល​ពី​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ស្ម័គ្រចិត្ត​រុះរើ​ដោយ​ខ្លួនឯង និង​ដោយ​សន្ដិវិធី​។​
 


 
 ក្រុមការងារ​ចម្រុះ​ចូលរួម​យុទ្ធនា​ការចុះវាស់វែង កំណត់​និយាម​កា​ក្បាលដី និង​អត្តសញ្ញាណ​អ្នកកាន់កាប់​ដី និង​សំណង់​ខុសច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។​

ចំពោះមុខ​មន្ត្រី និង​ក្រុមការងារ​ចម្រុះ​ជិត​៨០០​នាក់ នៅ​សាលសន្និសីទ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក ជា សុផារ៉ា បញ្ជាក់ថា រមណី​ដ្ឋា​ន​អង្គរ​ជា​ទ្រព្យសម្បត្តិ​សាធារណ​របស់​រដ្ឋ និង​ដែល​រក​ចំណូល​ចូលជាតិ​ប្រមាណ​១០០​លាន​ដុល្លារ​ជាប្រចាំ​ឆ្នាំ ដូច្នេះ​ចាំបាច់​ត្រូវការ​ការពារ​ឱ្យ​ខាន​តែ​បាន មិន​អាចឱ្យ​សំណង់​ខុសច្បាប់​បំផ្លាញ​តំបន់​បេតិកភណ្ឌ​ទាំង​នេះឡើយ​។ ពី​ឆ្នាំ​២០១៧ មក កម្ពុជា​ធ្លាប់​ទទួលបាន​លិខិត​ព្រមាន​២​លើក​មក​ហើយពី​មជ្ឈមណ្ឌល​បេតិកភណ្ឌ​អង្គការ​យូណេស្កូ ទាក់ទង​នឹង​បញ្ហា​សំណង់​ខុសច្បាប់​នេះ​។ តាមរយៈ​ក្រុមការងារ​ថ្នាក់ជាតិ​តម្រង់ទិស​ដោះស្រាយ​បញ្ហា​សំណង់​ខុសច្បាប់​នៅពេលនេះ លោក ជា សុផារ៉ា មាន​សុ​ទិ​ដ្ឋ​និយម​ថា នឹង​បញ្ជៀ​ស​មិន​ឱ្យមាន​លិខិត​ជា​លើក​ទី​៣​ឡើយ​។​


សូមបញ្ជាក់ថា យុទ្ធនា​ការចុះវាស់វែង កំណត់​និយាម​កា​ក្បាលដី និង​អត្តសញ្ញាណ​អ្នកកាន់កាប់​ដី និង​សំណង់​ខុសច្បាប់​នេះ មាន​រយៈពេល​១៥​ថ្ងៃ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៨ ខែសីហា តទៅ​។ ក្រុមការងារ​សរុប​ចំនួន ៣២​ក្រុម មកពី​ក្រសួង ការិយាល័យ​ជំនាញ ស្ថាប័ន​ជំនាញ និង​មន្ទីរ​រៀបចំ​ដែនដី​ខេត្តកំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង និង​បន្ទាយមានជ័យ សរុប​ជិត​៨០០​នាក់​។ ក្រុមការងារ​នេះ នឹង​បែងចែក​ការងារ​ចុះ​គ្រប់​ខ្នង​ផ្ទះ និង​ទីតាំង​ដី​ទាំង​៥ ក្រុង​-​ស្រុក ដែល​ស្ថិតនៅ​តំបន់​រមណីយដ្ឋាន​អង្គរ មាន​ក្រុង​សៀមរាប ស្រុក​បន្ទាយស្រី ស្រុក​ពួក ស្រុក​ប្រាសាទបាគង និង​ស្រុក​អង្គរធំ ដែល​សរុប​មាន ១១២​ភូមិ​៕
 

Tag:
 ជា សុផារ៉ា
  សំណង់ខុសច្បាប់ក្នុងតំបន់អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com