ជាតិ
លោក ជេត ជាលី៖ នៅវៀតណាមក៏មានសាកលវិទ្យាល័យ និងសាលាបង្រៀន​ភាសាខ្មែរ​ផងដែរ
17, Aug 2022 , 5:09 pm        
រូបភាព
លោក ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
លោក ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ភ្នំពេញ​៖ ​មតិមួយចំនួន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​បង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ ដោយ​មានដេប៉ាតឺម៉ង់សិក្សាភាសា​វៀតណាមនៅក្នុងនោះ។ ក្នុងសន្និសីទសារព័ត៌មានមួយ​កាលពី​ថ្ងៃ​ទី១៦ ខែសីហា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា​ បាន​បញ្ជាក់ថា ការសម្រេចនេះ កើត​ចេញពី​កិច្ចសហប្រតិបត្តិការរវាង​ប្រទេសទាំងពីរ។ មតិរិះគន់​ បាន​លើកឡើង​ថា នៅវៀតណាមក៏ត្រូវមាន​ការសិក្សាភាសាខ្មែរ​វិញផងដែរ បើជាគម្រោង​នៃកិច្ចសហការ។ លោក ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាភូមិន្ទភ្នំពេញ បាន​ឆ្លើយតបសារព័ត៌មានថ្មីៗ ទាក់ទងនឹងករណីនេះថា វៀតណាម​ក៏​មាន​សាលាបង្រៀន​ភាសាខ្មែរ​ផងដែរ​ ហើយមាន​ច្រើន​កន្លែង​ថែមទៀតផង។

 
 
ការ​បង្កើត​ដេប៉ាតឺម៉ង់​សិក្សា​ភាសាវៀតណាម ត្រូវបាន​អ្នក​ប្រើ​ប្រាស់បណ្តាញសង្គមមួយចំនួន​វាយ​តម្លៃថា វៀតណាម​កំពុង​តែពង្រីកឥទ្ធិពល​របស់​ខ្លួន​នៅ​កម្ពុជា អ្នកខ្លះ​ផ្តល់​យោបល់ថា គួរតែមាន​ការ​បង្កើត​សាលា ឬដេប៉ាតឺម៉ង់ភាសាខ្មែរនៅ​វៀតណាម ជាពិសេសនៅ​បណ្តាខេត្ត​ខ្មែរកម្ពុជាក្រោម។
 
លោក ជេត ជាលី សាកលវិទ្យា​ធិការ​ នៃ​សាកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ដែល​កំពុងស្ថិត​នៅ​វិទ្យាស្ថានសិក្សាអាស៊ីអគ្នេយ៍ ក្នុង​ប្រទេស​សិង្ហបុរី បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ  តាម​បណ្ដាញ​សង្គម​តេឡេក្រាម​ថា ក្នុង​ប្រទេស​វៀត​ណាម ក៏​​មាន​សាលា​បង្រៀន​ភាសា​ខ្មែរ​ដែរ​ ជាពិសេសនៅ​សាកលវិទ្យាល័យ Tra Vinh University ជាដើម។


សាកលវិទ្យាល័យ Tra Vinh University ដែលមាន_កម្មវិធីបង្រៀនភាសាខ្មែរ
 
បើតាម​លោក​សាកលវិទ្យាធិការ សាលាវៀតណាម​ផ្សេងទៀតដែលមាន​កម្មវិធី​សិក្សា​ភាសាខ្មែរ មានដូចជា សាលាសកលជនជាតិអន្តេវាសិកស្រុកថ្កូវ, សាលាសកលជនជាតិអន្តេវាសិកស្រុកចូវថាញ់, សាលាសកលជនជាតិអន្តេវាសិកស្រុកកាងឡុង, សាលាសកលជនជាតិអន្តេវាសិក, វិទ្យាល័យខេត្ត​ត្រាវិញ, សាលាសកលជនជាតិ​អន្តេវាសិកស្រុកតីវកឺន, សាលាសកលជនជាតិអន្តេវាសិក ខេត្ត​អាន​យ៉ាង, សាលាសកលជន​ជាតិ​អន្តេវាសិក ខេត្ត​កៀនយ៉ាង, សាលាសកលជន​ជាតិ​អន្តេវាសិកហ្វិញគឿង និង​សាលាសកលជន​ជាតិ​អន្តេវាសិកវិញចូវ ជាដើម​។
 
ពាក់​ព័ន្ធ​​នឹង​ការ​ប្រតិកម្ម​ខាង​លើ លោក ជេត ជាលី បាន​ទទូច​ឱ្យ​ប្រជាជន​ខ្មែរ ប្ដូរ​ឥរិយាបទ និង​ផ្នត់​គំនិត​ ស្អប់​គេ​ហើយ​រត់​គេច​ចេញ​​។ លោក​ថាមនុស្ស​ឬ​ប្រទេសដែល​ខ្លាំង​ គឺ​គេ​​ដឹង​រឿងគ្មាន​ចន្លោះ​ឬ​ដឹង​ស៊ីជម្រៅ​ ពី​ប្រទេស​ដទៃ​ទៀត​​។
 
សាកលវិទ្យា​ធិការ​ នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​រូប​នេះ បាន​លើក​ប្រទេស​សិង្ហបុរី មក​ជា​ឧទាហរណ៍​​។ លោក​ថា​ប្រទេស​នេះ បាន​សិក្សា​យ៉ាង​ស៊ី​ជម្រៅ​ពី​​បណ្ដា​ប្រទេស​នានា​ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ទើប​បាន​ជា​ប្រទេស​នេះ ក្លាយ​ជា​ប្រទេស​ខ្លាំង​​។ 
 
លោក ជេត ជាលី ពន្យល់​បន្ថែម​៖«​​ទោះស្អប់ឬស្រឡាញ់​អ្នកណា ក៏យើងត្រូវស្គាល់គេឲ្យច្បាស់​។ ស្អប់​គេ​ហើយ​ព្យាយាម​រត់​គេច ឬ​ព្យាយាម​បិទ​ខ្លួន ដោយ​មិន​ខំ​ពង្រីក​ចំណេះ​ដឹង ​​នោះ​វា​មិន​មែន​ជា​ដំណោះ​ស្រាយ​ទេ​។ ខ្ញុំសង្ឃឹមថាសាលានៅស្រុកយើង នឹងអាចបង្រៀនដល់កូនខ្មែរនូវអ្វីៗច្រើនជាងនេះ​។ នៅមានជំនាញនិងភាសាច្រើនទៀត ដែលយើងត្រូវចេះសម្រាប់ជាប្រយោជន៍ប្រទេសយើង​។ ពិភពលោកបច្ចុប្បន្នមិនមែនជាពិភពលោកដែលកាត់ផ្តាច់ពីគ្នាដូចមុនទេ។ ការកាត់ផ្តាច់ចំណងទាក់ទង មិនមែនជាដំណោះស្រាយល្អសម្រាប់ស្ថានភាពបច្ចុប្បន្នទេ»។ 
 
ទោះ​ជា​យ៉ាង​ណា លោក ជេត ជាលី ក៏​ចង់​ឱ្យ​សាធារណជន​ខ្មែរ​យល់​ថា ការ​រៀនភាសាវៀតណាម គឺខុសពីការ​រៀនជាភាសាវៀតណាម។ មាន​ន័យ​ថា​ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ យក​ភាសាខ្មែរ​ជា​យាន គឺ​​បង្រៀនជំនាញនានាជាភាសាខ្មែរ មិនមែនបង្រៀនជាភាសាវៀតណាមឡើយ​។ ហើយ​ភាសាវៀតណាម ជាជំនាញមួយក្នុងចំណោមជំនាញជិត​​៤០​ ដែលមាននៅក្នុង​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​​​។
 
សូម​បញ្ជាក់​ថា សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នឹង​បង្កើត​​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ​ និង​គោល​នយោបាយ​សាធារណៈ (វ.ស.ន.ប) Institute for International Studies and Public Policy (IISPP)។ វ.ស.ន.ប. មាន​ដេប៉ាតឺម៉ង់​ចំនួន​៤ សម្រាប់​បណ្ដុះ​បណ្ដាល​កម្រិត​បរិញ្ញាបត្រ​ និង​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ ហើយ​ក្នុង​នោះ​មាន​ដេប៉ាតឺម៉ង​សិក្សា​វៀតណាម​​១ និង​មាន​មជ្ឈមណ្ឌល​ចំនួន​៣ សម្រាប់​ស្រាវ​ជ្រាវ​ និង​បណ្ដុះ​បណ្ដា​ល​វគ្គ​ខ្លី​ៗ។
 
ដេប៉ាតឺម៉ង់ទាំង៤ និងមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍៖
១.ដេប៉ាតឺម៉ង់​ទំនាក់​ទំនង​អន្តរជាតិ ដែល​មាន​ជំនាញ​ទំនាក់​ទំនង​អន្តរជាតិ​ ដោយ​បណ្ដុះ​បណ្ដាល​កម្រិត​បរិញ្ញាបត្រ​ ឈ្មោះ​គុណ​វុឌ្ឍគឺ​ បរិញ្ញាបត្រសិល្បៈ ទំនាញ​ទំនាក់​ទំនង​អន្តរជាតិ​។ មុខ​ជំនាញ​កិច្ច​ការ​អន្តរជាតិ​ បណ្ដុះ​បណ្ដាល​កម្រិត​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ ឈ្មោះ​គុណវុឌ្ឍគឺ ​បរិញ្ញាបត្រ​ជាន់​ខ្ពស់​វិទ្យា​សាស្ត្រ​ជំនាញ​កិច្ច​ការ​អន្តរជាតិ​។ 
២.ដេប៉ាតឺម៉ង់​សេដ្ឋកិច្ច​អន្តរជាតិ​ មុខ​ជំនាញ​សេដ្ឋ​កិច្ច​អន្តរជាតិ​ ​បណ្ដុះ​បណ្ដាល​កម្រិត​បរិញ្ញាបត្រ​ ឈ្មោះ​គុណវុឌ្ឍគឺ ​បរិញ្ញាបត្រ​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​ ជំនាញ​សេដ្ឋ​កិច្ច​អន្តរជាតិ​។ មុខ​ជំនាញ​សេដ្ឋ​កិច្ច​ឌីជីថល បណ្ដុះ​បណ្ដាល​កម្រិត​បរិញ្ញាបត្រ​ ឈ្មោះ​គុណវុឌ្ឍគឺ បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​សេដ្ឋ​កិច្ច​ ជំនាញ​សេដ្ឋ​កិច្ចឌីជីថល​។ មុខ​ជំនាញ​សេដ្ឋ​កិច្ច​គ្រប់​គ្រង​ បណ្ដុះ​បណ្ដាល​កម្រិត​បរិញ្ញាបត្រ​ ឈ្មោះ​គុណវុឌ្ឍគឺ បរិញ្ញាបត្រ​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​ ជំនាញ​សេដ្ឋ​កិច្ច​គ្រប់​គ្រង​។ 


សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (រូប_ពី_ហ្វេសប៊ុក Chealy Chet)
 
មុខ​ជំនាញ​សេដ្ឋកិច្ច​វិភាគ និង​គ្រប់​គ្រង​ហានិភ័យ​ បណ្ដុះ​បណ្ដា​ល​កម្រិត​បរិញ្ញាបត្រ​ ឈ្មោះ​គុណវុឌ្ឍគឺ បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ ជំនាញ​សេដ្ឋកិច្ច​វិភាគ​ និង​គ្រប់​គ្រង​ហានិភ័យ​។ មុខ​ជំនា​ញ​សេដ្ឋ​កិច្ច​នយោបាយ​អន្តរជាតិ បណ្ដុះ​បណ្ដាល​កម្រិត​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ ឈ្មោះ​គុណវុឌ្ឍគឺ បរិញ្ញាបត្រ​ជាន់​ខ្ពស់​វិទ្យា​សាស្ត្រ​ ជំនាញ​សេដ្ឋ​កិច្ច​នយោបាយ​អន្តរជាតិ​។ 
 
៣.ដេប៉ាតឺម៉ង់​វិទ្យាសាស្ត្រ​នយោបាយ​ និង​គោល​នយោបាយ​សាធារណៈ មុខ​ជំនាញ​វិទ្យា​សាស្ត្រ​នយោបាយ​ និង​រដ្ឋ​បាល​សាធារណៈ​ បណ្ដុះ​បណ្ដាល​កម្រិត​បរិញ្ញាបត្រ​ ឈ្មោះ​គុណវុឌ្ឍគឺ បរិញ្ញាបត្រ​ សិល្បៈ​ ជំនាញ​វិទ្យា​សាស្ត្រ​នយោបាយ​ និង​រដ្ឋ​បាល​សាធារណៈ​។ មុខ​ជំនាញ​គោល​នយោបាយ​សាធារណៈ​ បណ្ដុះ​បណ្ដាល​កម្រិត​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ ឈ្មោះ​គុណ​វុឌ្ឍ​គឺ បរិញ្ញាបត្រ​ជាន់​ខ្ពស់​ ជំនាញ​គោលនយោបាយ​សាធារណៈ​។ 
 
៤. ដេប៉ាតឺម៉ង់​សិក្សា​វៀត​ណាម​ មុខ​ជំនាញ​សិក្សា​វៀត​ណាម​ បណ្ដុះ​បណ្ដាល​កម្រិត​បរិញ្ញាបត្រ​ ឈ្មោះ​គុណវុឌ្ឍ​គឺ បរិញ្ញាបត្រ​សិល្បៈ​ សិក្សា​វៀត​ណាម​។ មុខ​ជំនាញ​ការ​បក​ប្រែភាសាវៀតណាម​ បណ្ដុះ​បណ្ដា​ល​កម្រិត​បរិញ្ញាបត្រ​ ឈ្មោះ​គុណវុឌ្ឍ​គឺ បរិញ្ញាបត្រ​សិល្បៈ​ ភាសាវៀត​ណាម​សម្រាប់​ការ​បក​ប្រែ​។​ មុខ​ជំនាញ​ភាសាវៀតណាម​ សម្រាប់​ទំនាក់​ទំនង​ធុរកិច្ច​ ​បណ្ដុះ​បណ្ដាល​កម្រិត​បរិញ្ញាបត្រ​ ឈ្មោះ​គុណវុឌ្ឍ​គឺ បរិញ្ញាបត្រ​សិល្បៈ​ ភាសាវៀតណាម​ សម្រាប់​ទំនាក់​ទំនង​ធុរកិច្ច​។ 
៥. មជ្ឈមណ្ឌល​សិក្សា​អាស៊ី​អាគ្នេយ៍​ សម្រាប់​ស្រាវ​ជ្រាវ​ និង​បណ្ដុះ​បណ្ដាល​វគ្គខ្លីៗ​។ ៦ មជ្ឈមណ្ឌល​ខេមរសិក្សា​ សម្រាប់​ស្រាវ​ជ្រាវ​ និង​បណ្ដុះ​បណ្ដាល​វគ្គ​ខ្លីៗ។ ៧ មជ្ឈមណ្ឌល​កម្ពុជា​ សម្រាប់​ស្រាវ​ជ្រាវ​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១ សម្រាប់​ស្រាវ​ជ្រាវ​ និង​បណ្ដុះ​បណ្ដាល​វគ្គ​ខ្លីៗ​។ 
 
តាម​រយៈ​ការ​ប្រតិកម្ម​ និង​ការ​មិន​ពេញ​ចិត្ត​ខាង​លើ លោក ជេត ជាលី ចង់​ឱ្យ​ប្រជា​ជន​ខ្មែររៀន​បើក​ចិត្ត​​ឱ្យ​ទូលាយ ហើយ​ខំ​សិក្សា​រៀន​សូត្រ​ឱ្យ​ស៊ីជម្រៅពី​ប្រទេស​នានា​​ ព្រោះ​ការ​បិទ​ខ្លួនឯង​​ មិន​មែន​ជា​ដំណោះ​ស្រាយ​ឡើយ​៕ ​
 
 

Tag:
 អក្សរសាស្ត្រ​
  ភាសា​
  សាលា​
  ការ​អប់រំ​
  ដេប៉ាដឺម៉ងភាសា
© រក្សាសិទ្ធិដោយ thmeythmey.com