អន្តរជាតិ
អាល្លឺម៉ង់ បញ្ជូនយន្តហោះចម្បាំងចូលរួមសមយុទ្ធយោធាជាមួយអូស្រ្តាលី
17, Aug 2022 , 10:29 pm        
រូបភាព
យន្តហោះចម្បាំងអាល្លឺម៉ង់ Eurofighter កំពុងចាក់សាំងបន្ថែម ក្នុងពេលធ្វើដំណើរទៅសិង្ហបុរី។ រូបភាពយកពី Twitter របស់ទ័ពអាកាសអាល្លឺម៉ង់
យន្តហោះចម្បាំងអាល្លឺម៉ង់ Eurofighter កំពុងចាក់សាំងបន្ថែម ក្នុងពេលធ្វើដំណើរទៅសិង្ហបុរី។ រូបភាពយកពី Twitter របស់ទ័ពអាកាសអាល្លឺម៉ង់
យន្តហោះចម្បាំងអាល្លឺម៉ង់ចំនួន ៦គ្រឿង បានចុះចតនៅសិង្ហបុរីហើយ ក្នុងថ្ងៃទី១៦ ខែសីហា បន្ទាប់ពីហោះបានចម្ងាយប្រមាណ១២៨០០គីឡូម៉ែត្រក្នុងរយៈពេល២៤ម៉ោង ដោយចេញពីមូលដ្ឋាននៅអាល្លឺម៉ង់។ យន្តហោះទាំងនេះ ត្រូវបន្តទៅអូស្រ្តាលីទៀត ដើម្បីចូលរួមក្នុងសមយុទ្ធ Pitch Black ដែលមានប្រទេសចំនួន ១៦ទៀតចូលរួម។

 
ស្របពេលចិន និងអាម៉េរិក កំពុងមានភាពតានតឹងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក អាល្លឺម៉ង់ បានបញ្ជូនយន្តហោះចម្បាំងចំនួន ៦គ្រឿង រួមទាំងយន្តហោះដឹកជញ្ជូនចំនួន៤ និងយន្តហោះសម្រាប់ចាក់សាំងចំនួន ៣គ្រឿងទៅធ្វើ។ យន្តហោះទាំងនេះ បានហោះចេញពីមូលដ្ឋានយោធា Neuburg នៅថ្ងៃទី១៥ ខែសីហា មកសិង្ហបុរី ដើម្បីចូលរួមក្នុងសមយុទ្ធយោធា Pitch Black នៅអូស្រ្តាលី ដែលចាប់ផ្តើមពីថ្ងៃទី១៩ ខែសីហា ដល់ថ្ងៃទី៨ ខែកញ្ញា។ 
 
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី១៥ ខែសីហា លោកស្រី Christine Lambrecht រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ បានបញ្ជាក់ថា បើទោះមានសង្រ្គាមនៅអ៊ុយក្រែនក៏ដោយ ប៉ុន្តែបេសកកម្មរបស់យន្តហោះចម្បាំងអាល្លឺម៉ង់ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក មិនត្រូវបានបំភ្លេចឡើយ។
 
«យើងឈរនៅខាងភាគី ដែលគាំទ្រប្រជាធិបតេយ្យ សេរីភាព និងសន្តិសុខ និងមានឆន្ទៈក្នុងការចូលរួមចំណែកលើបញ្ហាទាំងនេះ»។ ប្រមុខការពារជាតិអាល្លឺម៉ង់ បានសង្កត់ធ្ងន់បែបនេះ។ 
 
មុនទៅដល់សិង្ហបុរី យន្តហោះចម្បាំង Eurofighter បានចូលចតនៅមូលដ្ឋានមួយក្បែរទីក្រុង អាប៊ុយដាប៊ី អេមីរ៉ាត់អារ៉ាប់រួម ដើម្បីចាក់សាំងបន្ថែម ក៏ដូចជាត្រួតពិនិត្យគ្រឿងម៉ាស៊ីន និងបច្ចេកទេស។ ក្នុងពេលត្រួតពិនិត្យនោះ យន្តហោះចម្បាំងចំនួន ពីរគ្រឿងមានបញ្ហាបច្ចេកទេស ដោយមួយគ្រឿងអាចជួសជុលបាន ប៉ុន្តែមួយទៀត មិនអាចជួសជុលបានឡើយ។ យ៉ាងណាមិញ កម្លាំងទ័ពអាកាសអាល្លឺម៉ង់ Luftwaffe បានបញ្ជូនក្រុមបច្ចេកទេសទៅជួសជុលយន្តហោះចម្បាំងនោះហើយ ដើម្បីអាចចូលរួម ក្នុងសមយុទ្ធនៅអូស្រ្តាលី។ 
 
សមយុទ្ធយោធា Pitch Black មានការចូលរួមពីសំណាក់ប្រទេសចំនួន ១៧ ដូចជាបារាំង អង់គ្លេស ហូឡង់ អាម៉េរិក នូវែលសេឡង់ កូរ៉េខាងត្បូង អេមីរ៉ាត់អារ៉ាប់រួម ឥណ្ឌា ជប៉ុន និងថៃជាដើម។ តាមការបញ្ជាក់របស់កម្លាំងទ័ពអាកាសរបស់អូស្រ្តាលី សមយុទ្ធត្រូវបានធ្វើឡើង ដើម្បីសាកល្បង និងកែលម្អស​មត្ថភាពរួមគ្នារវាងកម្លាំងទ័ពអាកាសមកពីប្រទេសជាច្រើន។ 
 
បន្ទាប់ពីសមយុទ្ធនៅអូស្រ្តាលី យន្តហោះចម្បាំងអាល្លឺម៉ង់ នឹងបន្តទៅជប៉ុន និងកូរ៉េខាងត្បូង មុនត្រលប់ទៅអាល្លឺម៉ង់វិញ៕
 

Tag:
 អាល្លឺម៉ង់
  សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com