កីឡាជាតិ
ជាតិ
ទ្រីយ៉ាត្លុង៖៧វិញ្ញាសានឹងដាក់ក្នុងការប្រកួតស៊ីហ្គេមលើកទី៣២
17, Aug 2022 , 9:59 pm        
រូបភាព
លោក វ៉ាត់ ចំរើន (ឆ្វេងពាក់ម៉ាស់) ក្នុងកិច្ចប្រជុំការសម្រេចកំណត់វិញ្ញាក្នុងការប្រកួតស៊ីហ្គេម២០២៣ នៅកម្ពុជា។ រូបពី Vijitr Sitinawin
លោក វ៉ាត់ ចំរើន (ឆ្វេងពាក់ម៉ាស់) ក្នុងកិច្ចប្រជុំការសម្រេចកំណត់វិញ្ញាក្នុងការប្រកួតស៊ីហ្គេម២០២៣ នៅកម្ពុជា។ រូបពី Vijitr Sitinawin
ដោយ៖ហៀក ឆក 
 
សហព័ន្ធកីឡាទ្រីយ៉ាត្លុងអាស៊ីអាគ្នេយ៍បានសម្រេចដាក់៧វិញ្ញាសាក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំដោយផ្ទាល់ពីថ្នាក់ដឹកនាំរដ្ឋមន្រ្តីកីឡា នៅសាលប្រជុំគណៈកម្មាធិការអូឡាំពិក ទីក្រុងបាងកក ប្រទេសថៃ ដោយមានវត្តមានលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិCAMSOC ចូលរួម និងលោក Dato’ Seri Chaiyapak Siriwat អនុប្រធាន-ក្រុមប្រឹក្សាប្រតិបត្តិកីឡាអាស៊ីអាគ្នេយ៍។

 
កិច្ចប្រជុំដែលមានរយៈពេល២ថ្ងៃ គឺថ្ងៃទី១៥-១៦ ខែសីហា ត្រូវបានបញ្ចប់ក្រោមអធិបតីភាពលោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣(CAMSOC) ដែលលោកបានអញ្ជើញចូលរួមប្រជុំដោយផ្ទាល់នៅទីក្រុងបាងកកប្រទេសថៃ។
 
នៅក្នុងកិច្ចប្រជុំ លោក Dato’ Seri Chaiyapak Siriwat អនុប្រធាន-ក្រុមប្រឹក្សាប្រតិបត្តិកីឡាអាស៊ីអាគ្នេយ៍បានជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំរដ្ឋមន្រ្តីកីឡា ក្នុងការកំណត់វិញ្ញាសាកីឡាទ្រីយ៉ាត្លុងសម្រាប់ដាក់ក្នុងការប្រកួតស៊ីហ្គេមដែលធ្វើនៅកម្ពុជា មាន៩វិញ្ញាសា តែត្រូវបានបដិសេធដោយ លោក វ៉ាត់ ចំរើន។
 
បើតាមការបង្ហោះសារនៅគេហទំព័រហ្វេសប៊ុករបស់លោក Vijitr Sitinawin ប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងអាស៊ីបានបញ្ជាក់ថា៖«Uncle Oud បានស្នើសុំ ៩វិញ្ញាសាដែលមានក្រុម ទ្រីយ៉ាត្លុង(Relay Triathlon) និងក្រុម ឌូអាត្លុង(Relay Duathlon) តែត្រូវបានគណៈកម្មាធិការអូឡាំពិកកម្ពុជា កាត់ចេញ។ លោកបាននិយាយថា ស៊ីហ្គេមនៅកម្ពុជាបានបន្ថែម៣វិញ្ញាសាទៀត ក្នុង៧វិញ្ញាសាដែលត្រូវប្រកួត។ វាប្រសើរជាងវៀតណាម ដែលមានតែ៤ និងហ្វីលីពីនមានតែ៦វិញ្ញាសា»។
 
សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍បានសម្រេចដាក់ ៧វិញ្ញាលើប្រភេទកីឡាទ្រីយ៉ាត្លុង ក្នុងការប្រកួតស៊ីហ្គេមលើកទី៣២ ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះរួមមាន៖
១.វិញ្ញាសា អាគ័តត្លុង ឯកត្តជនបុរស ហែល៥០០ម៉ែត្រ រត់ចម្ងាយ ២.៥គីឡូម៉ែត្រ(Sprint Aquathlon Individual Men = Swim 500m run 2.5km)
២.វិញ្ញាសា អាគ័តត្លុង ឯកត្តជននារី ហែល៥០០ម៉ែត្រ រត់ចម្ងាយ២.៥គីឡូម៉ែត្រ(Sprint Aquathlon Individual Women= Swim 500m run 2.5km)
៣.វិញ្ញាសា ក្រុមអាគ័តត្លុង(បុរស២+នារី២) ហែល៥០០ម៉ែត្រ រត់ចម្ងាយ២.៥គីឡូម៉ែត្រ(Team Relay Aquathlon (2 men + 2 women)= Swim 500m run 2.5km)
៤.វិញ្ញាសា ឌូអាត្លុង ឯកត្តជនបុរស រត់ចម្ងាយ ៥គីឡូម៉ែត្រ ជិះកង់ ២០គីឡូម៉ែត្រ រត់ចម្ងាយ ២.៥គីឡូម៉ែត្រ(Sprint Duathlon Individual Men= Run 5km bike 20km run 2.5km)
៥.វិញ្ញាសា ឌូអាត្លុង ឯកត្តជននារី រត់ចម្ងាយ ៥គីឡូម៉ែត្រ ជិះកង់ ២០គីឡូម៉ែត្រ រត់ចម្ងាយ ២.៥គីឡូម៉ែត្រ(Sprint Duathlon Individual Women= Run 5km bike 20km run 2.5km)
៦.វិញ្ញាសា ទ្រីយ៉ាត្លុង ឯកត្តជនបុរស ហែល៧៥០ម៉ែត្រ ជិះកង់២០គីឡូម៉ែត្រ រត់ចម្ងាយ៥គីឡូម៉ែត្រ(Sprint Triathlon Individual Men= Swim 750m bike 20km run 5km)
៧.វិញ្ញាសាទ្រីយ៉ាត្លុង ឯកត្តជននារី ហែល៧៥០ម៉ែត្រ ជិះកង់២០គីឡូម៉ែត្រ រត់ចម្ងាយ៥គីឡូម៉ែត្រ(Sprint Triathlon Individual Women= Swim 750m bike 20km run 5km)...៕
 

Tag:
 កីឡាទ្រីយ៉ាត្លុង
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com