ជាតិ
សេដ្ឋកិច្ច
​៧ខែធៀបនឹងឆ្នាំ២០២១ ការចុះបញ្ជីឡានអគ្គិសនីនៅកម្ពុជាកើនពី១១គ្រឿងទៅ​១៥៥គ្រឿង
19, Aug 2022 , 8:00 am        
រូបភាព
រថយន្តអគ្គិសនីមួយគ្រឿង កំពុងបញ្ជូនថាមពលនៅស្ថានីយបញ្ជូនអគ្គិសនីមួយកន្លែងនៅរាជធានីភ្នំពេញ។ រូបថត៖ UNDP
រថយន្តអគ្គិសនីមួយគ្រឿង កំពុងបញ្ជូនថាមពលនៅស្ថានីយបញ្ជូនអគ្គិសនីមួយកន្លែងនៅរាជធានីភ្នំពេញ។ រូបថត៖ UNDP
រថយន្តអគ្គិសនី(EV) ចំនួន​១៥៥គ្រឿង ត្រូវបានចុះបញ្ជី នៅក្រសួងសាធារណការ និងដឹកជញ្ជូន នារយៈពេល៧ខែមកនេះ។ បើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួងសារធារណការ ចំនួនរថយន្តដែលអ្នកប្រើប្រាស់យកមកចុះបញ្ជីនេះ បានកើនរហូតដល់ ១៣០០ភាគរយ បើធៀបរយៈពេលដូចគ្នាកាលឆ្នាំ២០២១មានត្រឹម១១គ្រឿងប៉ុណ្ណោះ។​

 
កំណើនដ៏ល្អខ្ពស់នេះ គឺជាចរន្តមួយដែលធ្វើឱ្យពលរដ្ឋកម្ពុជាមានការចាប់អារម្មណ៍កាន់តែច្រើនក្នុងការប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីចូលរួមកាត់បន្ថយឧស្ម័នបំពុលនៅកម្ពុជា ក៏ដូចនៅលើពិភពលោក ស្របពេលនឹងប្រេងឥន្ធនៈមានតម្លៃខ្ពស់។ ​ ដើម្បីឆ្លើយតបនឹងកំណើននៃការប្រើរថយន្តអគ្គិសនីនេះ​ បច្ចុប្បន្ន ក្រសួងសាធារណការ​ និងដឹកជញ្ជូន បានដំឡើងស្ថានីយបញ្ជូលថាមពលអគ្គិសនីសម្រាប់រថយន្តអគ្គិសនី នៅតាមរាជធានី​ និង ខេត្តគោលដៅមួយចំនួន។ 
 
ពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៨សីហា លោក ស៊ុន ថាន់ថុល បានរៀបរាប់ថា ក្រសួងបានដំឡើងស្ថានីយបញ្ជូលថាមពលអគ្គិសនីនេះ នៅខេត្តព្រះសីហនុមួយគ្រឿង, នៅបាត់ដំបងមួយគ្រឿង, នៅសៀមរាបមួយគ្រឿង និងនៅក្រសួងផ្ទាល់មួយគ្រឿង ផងដែរ។ លោក បានបញ្ជាក់ថា កន្លែងបញ្ជូលថាមពលឡាននិងម៉ូតូអគ្គិសនីទាំងនេះ គឺជាជំនួយរបស់អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ(UNDP)​ ប្រចាំ​​កម្ពុជា។ 
 
រដ្ឋមន្ត្រីក្រសួងសាធារណការរូបនេះ​បន្តនិយាយដូច្នេះ៖  « បន្ថែមលើជំនួយមួយគ្រឿងរបស់UNDP យើងខ្ញុំបានដំឡើងស្ថានីយបញ្ជូនរថយន្តអគ្គិសនីចំនួនបីគ្រឿងទៀត នៅក្រសួងសាធារណការ​ និងដឹកជញ្ជូន ដែលដំណើរដោយថាមពលសូឡាតែម្តង»។ 
 
បើតាមលោក ស៊ុន ចាន់ថុល អ្នកប្រើប្រាស់រថយន្តអគ្គិសនីនេះ មិនត្រឹមជួយសម្អាត ឬជួយកាត់ការបំពុលបរិស្ថានដោយប្រេងឥន្ធនៈទេ តែថែមទាំងចំណេញថវិកាបានច្រើនទៀត។​ លោកបញ្ជាក់ថា អ្នកប្រើប្រាស់រថយន្តអគ្គិសនី គឺចំណេញពន្ធលើការនាំចូល​ ដោយរដ្ឋបានបញ្ចុះអត្រាពន្ធនេះ នៅត្រឹម៦៣ភាគរយ​ប៉ុណ្ណោះ ខណៈការនាំចូលរថយន្តដែលប្រើប្រាស់ឥន្ធនៈវិញ មានអត្រាពន្ធដល់១២០ភាគរយ។  
 
ក្រៅពីនេះ អ្នកប្រើប្រាស់ក៏នឹងចំ​ណេញលើការចំណាយនៃថ្លៃអគ្គិសនី​ ដែលមានតម្លៃអាចនឹងថោកជាង ៣ដង បើធៀបនឹងការប្រើប្រាស់រថយន្តដំណើរការដោយប្រេងឥន្ធនៈ។ ជាមួយគ្នានេះ ការចំណាយសម្ភារ ឬគ្រឿងបង្គុំរថយន្តអគ្គិសនី ក៏មានតម្លៃតិចជាងរថយន្តដែលប្រើដោយប្រេងឥន្ធនៈដែរ។​ នេះជាការបញ្ជាក់បន្ថែមរបស់លោក ស៊ុន ចាន់ថុល។ 
 
វត្តមានរថយន្តអគ្គិសនីនៅកម្ពុជា គឺមានការកើនពីមួយឆ្នាំទៅមួយគួរឱ្យគត់សម្គាល់ ត្បិតវត្តមាននេះមានចំនួនតិចតួចក៏ដោយ។​ បច្ចុប្បន្ន នៅកម្ពុជា មានក្រុមហ៊ុន​ផ្គត់ផ្គង់ទោចក្រយានយន្តអគ្គិសនីចំនួន៩  និង១ក្រុមហ៊ុន ផ្គត់ផ្គង់នូវត្រីចក្រយានយន្តអគ្គិសនី។

លោក ស៊ុន ចានថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបថត៖ MPWT


កន្លងមក រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ ក្នុងការបញ្ចេញឧស្ម័នពុល ឱ្យស្មើនឹងសូន្យ  ហើយនឹងជំរុញនូវការប្រើប្រាស់រថយន្តអគ្គិសនី ឱ្យបាន៤០ភាគរយ និងម៉ូតូអគ្គិសនីឱ្យបាន៧០ភាគរយ នៅឆ្នាំ២០៥០៕ 
 

Tag:
 រថយន្តអគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com