កីឡាជាតិ
ជាតិ
សហព័ន្ធ​កីឡា​បាល់ទះ គ្រោង​បង្កើតពាន​ក្នុងស្រុក និង​រៀបចំជំនួបមិត្តភាពជាមួយក្រុម​ក្នុងតំបន់
19, Aug 2022 , 9:00 am        
រូបភាព
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា កាលប្រកួតស៊ីហ្គេមលើកទី៣១ ជាមួយហ្វីលីពីន។
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា កាលប្រកួតស៊ីហ្គេមលើកទី៣១ ជាមួយហ្វីលីពីន។
ដោយ:
សហព័ន្ធកីឡាបាល់ទះកម្ពុជាគ្រោងបង្កើតពានរង្វាន់ «សម្តេចតេជោ» និងគ្រោងរៀបចំការប្រកួតមិត្តភាពអន្តរជាតិជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដើម្បីពង្រឹងសមត្ថភាពរបស់ក្រុមកីឡាករមុនព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ។

 
សម្រាប់ក្រុមកីឡាបាល់ទះបុរសគឺបានត្រៀមខ្លួនរួចរាល់តាំងពីឆ្នាំ២០១៩ មុនព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅវៀតណាម ដែលបាល់ទះបុរសកម្ពុជាសម្រេចបានមេដាយ១ពីព្រឹត្តិការណ៍នោះ។ មកទល់ពេលនេះសហព័ន្ធបានបន្តការដឹកនាំ និងយកចិត្តទុកដាក់ពីការហ្វឹកហាត់របស់ក្រុមកីឡាករ ដើម្បីយកឲ្យបានលទ្ធផលល្អនាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
 
ជាមួយនឹងការត្រៀមខ្លួន សម្រាប់ការមកដល់នៃព្រឹត្តិការណ៍មិនធ្លាប់មាននៅកម្ពុជានេះដែរ សហព័ន្ធកីឡាបាល់ទះកម្ពុជា បាននិងកំពុងស្វះស្វែងរកយុទ្ធសាស្រ្ត ក្នុងការនាំយកជ័យជម្នះជូនកម្ពុជា នាស៊ីហ្គេមលើកទី៣២ ដោយសហព័ន្ធគ្រោង ​រៀបចំបង្កើតពានរង្វាន់សម្តេចតេជោ ឡើងក្នុងពេលឆាប់ៗនេះ។ មិនត្រឹមតែប៉ុណ្ណោះ សហព័ន្ធ ក៏បានត្រៀមខ្លួនក្នុងការស្វែងរកនូវគូប្រកួត ដើម្បីស្ទាបស្ទង់សមត្ថភាពសម្រាប់ក្រុមបាល់ទះកម្ពុជាផងដែរ ដោយនឹងមានការចេញទៅប្រកួតនៅក្រៅស្រុក ​លក្ខណៈមិត្តភាពអន្តរជាតិ។ 
 

 ក្រុមបាល់ទះកម្ពុជា(ខៀវ) ប្រកួតជម្រុះក្នុងពូលជាមួយ ហ្វីលីពីន(ក្រហម)

លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា ៖ «យើងគ្រោងនឹងបង្កើត Event ផ្សេងៗ សម្រាប់ធ្វើម៉េចឲ្យការប្រកួតរបស់ក្រុមជម្រើសជាតិរបស់យើង មានលទ្ធភាពប្រកួត។ ជាក់ស្តែង ពានសម្តេចតាជោ ក៏យើងគ្រោងនឹងធ្វើឆាប់ៗនេះដែរ ក្នុងនោះផងដែរ ក៏ខ្ញុំបានគ្រោងរៀបចំការប្រកួតមិត្តភាពអន្តរជាតិ ជាមួយបណ្តាប្រទេសអាស៊ានរបស់យើង។ ហើយជាតម្រុយ ប្រហែលជាខ្ញុំ ទៅប្រកួតជាមួយសិង្ហបុរី (Singapore) មុន»។ ​
 

 បាល់ទះកម្ពុជា(ខៀវ) លោតបាំង ការគុបពីកីឡាករហ្វីលីពីន(ក្រហម) ក្នុងវគ្គជម្រុះក្នុងពូលB ស៊ីហ្គេមលើកទី៣១ នៅវៀតណាម

គួរំឭកដែរថា សម្រាប់ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា គឺធ្លាប់បានកំណត់គោលដៅថ្មី ដោយប្រជែងមេដាយគួរជាទីគាប់ចិត្ត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ គឺមិនក្រោមមេដាយសំរឹទ្ធ។ នេះបើតាមការបញ្ជាក់ពី លោក អាំង សិរីពិសិដ្ឋ ផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ កាលពីខែមិថុនា។ ​
 
កាលស៊ីហ្គេមលើកទី៣១ នៅវៀតណាម កម្ពុជាបានបំបែកកំណត់ត្រា ៣៩ឆ្នាំ ដោយទទួលបានមេដាយ​សំរឹទ្ធ បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិថៃ ដោយលទ្ធផល ៣-២ សិត (២៥-២៣, ២២-២៥, ២៥-២២, ១៣-២៥, ១៥-១៣)៕


 

© រក្សាសិទ្ធិដោយ thmeythmey.com