អន្តរជាតិ
Nikkei៖ ក្រុមហ៊ុន Apple គ្រោងផលិត Apple Watch និង MacBook នៅវៀតណាម
19, Aug 2022 , 9:30 am        
រូបភាព
នាឡិកាឆ្លាតវៃ Apple Watch និងកុំព្យូទ័រ MacBook របស់ក្រុមហ៊ុន Apple ។ រូបពី Reuters ។
នាឡិកាឆ្លាតវៃ Apple Watch និងកុំព្យូទ័រ MacBook របស់ក្រុមហ៊ុន Apple ។ រូបពី Reuters ។
ក្រុមហ៊ុន Apple កំពុងពិភាក្សាការផលិតនាឡិកាឆ្លាតវៃ Apple Watch និងកុំព្យូទ័រ MacBook នៅវៀតណាមជាលើកដំបូង។ នេះជាសកម្មភាពបង្វែរខ្សែច្រវាក់ផលិតកម្មពីចិន ពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យារបស់អាម៉េរិក ស្របពេលដែលភាពតានតឹងនៃជម្លោះពាណិជ្ជកម្មរវាងអាម៉េរិក និងចិនបន្តកើនឡើង។


ក្រុមហ៊ុន Luxshare Precision Industry និង Foxconn ដែលផ្គត់ផ្គត់សម្ភារឱ្យក្រុមហ៊ុន​ Apple បានចាប់ផ្តើមសាកល្បងការផលិត Apple Watch នៅភាគខាងជើងប្រទេសវៀតណាម ។ នេះបើតាមសារព័ត៌មាន Nikkei Asia ចុះផ្សាយកាលពីថ្ងៃទី ១៦ សីហា។ 
 
ទន្ទឹមនេះ ក្រុមហ៊ុន Apple តម្រូវឱ្យក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួនបង្កើតខ្សែច្រវាក់ផលិតកម្មសាកល្បងនៅវៀតណាមសម្រាប់ MacBook ផងដែរ។ ទោះបីជាយ៉ាងណា ដំណើរការនៃការផ្លាស់ប្តូរផលិតកម្មទ្រង់ទ្រាយធំទៅកាន់វៀតណាមមួយនេះ កំពុងមានភាពយឺតយ៉ាវ ដោយសារតែការរំខាននៃជំងឺកូវីដ-១៩ និងតម្រូវការច្រវាក់ផ្គត់ផ្គង់ធំមួយសម្រាប់ការផលិតកំព្យូទ័រ។
 
បើតាមសារព័ត៌មានដដែល ក្រុមហ៊ុន Apple កំពុងព្យាយាមពង្រីកការផលិតរបស់ខ្លួនក្រៅពីប្រទេសចិន ដែលជាការស្វែងរកច្រកចេញពីការរំខានលើខ្សែច្រវាក់ផ្គត់ផ្គង់ដែលបង្កពីការរីករាលនៃជំងឺកូវីដ-១៩ ស្របពេលការកើនឡើងនូវភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន។ 
 
ក្នុងនោះក្រុមហ៊ុន Apple ពុងផ្លាស់ប្តូរផ្នែកខ្លះនៃការផលិត iPhone ពីប្រទេសចិនទៅកាន់ទីផ្សារប្រទេសឥណ្ឌា ជាកន្លែងដែលក្រុមហ៊ុនបានចាប់ផ្តើមផលិត iPhone 13 កាលពីដើមឆ្នាំនេះ ហើយក៏គ្រោងនឹងដំឡើងថេបប្លេត iPad ផងដែរ។
 
ចំណែកវៀតណាម គឺជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់បំផុតរបស់ Apple នៅខាងក្រៅប្រទេសចិនរួចហើយ ដោយផលិតផលិតផលល្បីៗជាច្រើនសម្រាប់ក្រុមហ៊ុនអាម៉េរិកមួយនេះ រួមទាំងថេបប្លេត iPad និងកាសស្តាប់ត្រចៀក AirPods ផងដែរ។
 
ក្រៅពីនេះ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកធំៗជាច្រើនទៀតដូចជា Google, Dell និង Amazon ក៏បានបង្កើតមូលដ្ឋានផលិតកម្មនៅក្នុងប្រទេសវៀតណាមដើម្បីធ្វើពិពិធកម្មនឹងទីផ្សារចិនផងដែរ។
 
ការធ្វើពិពិធកម្មខ្សែច្រវាក់ផលិតកម្មរបស់ Apple ទៅកាន់វៀតណាម បានចាប់ផ្តើមជាមួយនឹងកាស AirPods ដែលត្រូវបានផលិតឡើងតាំងពីឆ្នាំ ២០២០។ AirPods គឺជាផលិតផលមួយក្នុងចំណោមផលិតផល Apple ដំបូងគេដែលត្រូវបានដំឡើងនៅខាងក្រៅប្រទេសចិន បន្ទាប់ពីសង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិក និងចិន ដែលបានផ្ទុះឡើងក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក Donald Trump ក្នុងឆ្នាំ ២០១៨។
 

Tag:
 វៀតណាម
  Apple
© រក្សាសិទ្ធិដោយ thmeythmey.com