អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មីយ៉ាន់ម៉ា នឹងនាំចូលប្រេងពីរុស្ស៊ីដើម្បីបង្កើនការផ្គត់ផ្គង់ និងដោះស្រាយ​បញ្ហា​ប្រេងឡើងថ្លៃ
18, Aug 2022 , 10:30 pm        
រូបភាព
ទីតាំងស្តុកប្រេងមួយកន្លែងរបស់មីយ៉ា់ន់ម៉ា។ រូបថត AFP
ទីតាំងស្តុកប្រេងមួយកន្លែងរបស់មីយ៉ា់ន់ម៉ា។ រូបថត AFP
អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅថ្ងៃទី១៧ ខែសីហា បានលើកឡើងថា មីយ៉ាន់ម៉ា​គ្រោង​នាំ​ចូលប្រេងឥន្ធនៈពីរុស្ស៊ីដើម្បីបង្កើនការផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក និងជួយ​ដោះស្រាយ​ការកើន​ឡើងតម្លៃប្រេង។ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះខំស្វះស្វែងរកទិញប្រេង​ពីរុស្ស៊ីដែល​លក់​ក្នុង​តម្លៃ​ថោក​។


មីយ៉ាន់ម៉ា បានរក្សាទំនាក់ទំនងមិត្តភាពល្អជាមួយរុស្ស៊ី ខណៈប្រទេសទាំងពីរកំពុងស្ថិតក្រោម​ទណ្ឌកម្មលោកខាងលិចដូចគ្នាគ្នា។ ក្រោមទណ្ឌកម្មប្រទេសលោកខាងលិច រុស្ស៊ី​កំពុងស្វែង​រកដៃគូ​ពាណិជ្ជកម្មថ្មីដែលអាចទិញថាមពលរបស់ខ្លួន។ អឺរ៉ុបដែលជាទិសដៅនាំចេញប្រេងដ៏​ធំបំផុតរបស់រុស្ស៊ី នឹងបញ្ឈប់ការនាំចូលចាប់ពីចុងឆ្នាំ​២០២២ ហើយមីយ៉ាន់ម៉ានឹងក្លាយជា​ដៃគូពាណិជ្ជកម្ម​ថាមពល​ជាមួយរុស្ស៊ី។ 
 
«យើងបានទទួលការអនុញ្ញាតឱ្យនាំចូលប្រេងឥន្ធនៈពីរុស្ស៊ី»។ អ្នកនាំពាក្យរដ្ឋាភិបាលយោធា​មីយ៉ាន់ម៉ា លោក Zaw Min Tun បានលើកឡើងបែបនេះក្នុងសន្និសីទសារព័ត៌មានមួយនា​ថ្ងៃទី១៧ ខែសីហា ដោយបន្ថែមថាមីយ៉ាន់ម៉ាពេញចិត្ត​គុណភាព និងតម្លៃទាបរបស់ប្រេង​រុស្ស៊ី។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
 
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា កន្លងមក មេដឹកនាំរបបយោធាលោក មីន អ៊ុងឡាំង បាន​លើកឡើងថា ប្រេងរុស្ស៊ីនឹងមកដល់មីយ៉ាន់ម៉ាជា​ដំណាក់កាលចាប់ពីខែកញ្ញាទៅ។ ការចរចា​ទិញ​ប្រេង​ពីរុស្ស៊ី ត្រូវបានធ្វើឡើងនៅពេលលោក មីន អ៊ុងឡាំង ធ្វើទស្សនកិច្ចនៅរុស្ស៊ីកាលពីខែ​កក្កដា​។ លើស​ពី​នេះ មីយ៉ាន់ម៉ានឹងពិចារណា សហការជាមួយរុស្ស៊ី និងចិនដើម្បីរុករកប្រេងក្នុងប្រទេសផងដែរ​។
 
កន្លងមក មីយ៉ាន់ម៉ាបាននាំចូលប្រេងឥន្ធនៈច្រើនពីសិង្ហបុរី។ ប្រទេសនេះបានរងផលប៉ះពាល់យ៉ាង​ខ្លាំងដោយ​តម្លៃប្រេងសាំងឡើងខ្ពស់ និងមានការ​កាត់ផ្ដាច់ចរន្តអគ្គិសនីដោយសារប្រេងមិន​អាចប្រើក្នុងរោងចក្រផលិតថាមពលបាន។ ហេតុនេះមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ក៏​ងាកទៅរក​ការនាំចូលប្រេងឥន្ធនៈពីរុស្ស៊ីដែលអាចប្រើប្រាស់ក្នុងរោងចក្រផលិតថាមពលបាន។ 
 
តម្លៃប្រេងសាំងនៅមីយ៉ាន់ម៉ា បានកើន​ឡើងប្រហែល៣៥០ភាគរយចាប់តាំងពីរដ្ឋប្រហារមក គឺ​ឡើង​ដល់២៣០០ទៅ២៧០០ Kyat (ដែលប្រហែល១ដុល្លារ) ក្នុងមួយលីត្រ។ កាលពីសប្តាហ៍មុន ស្ថានីយ៍ប្រេងឥន្ធនៈនៅតាមតំបន់ជាច្រើនក្នុងប្រទេសបានបិទទ្វារដោយសារតម្លៃសាំង និង​ម៉ាស៊ូត​ឡើងខ្ពស់ពេក។
 
គួរបញ្ជាក់ថា ការផ្គត់ផ្គង់ប្រេងពីរុស្ស៊ីមកមីយ៉ាន់ម៉ានៅមិនទាន់ដឹងច្បាស់ថាទៅតាមរបៀប​ណានៅឡើយទេ ខណៈប្រទេសទាំងពីរធ្លាប់បានពិចារណាផ្គត់ផ្គង់តាមរយៈបំពង់បង្ហូរប្រេង​ឆ្លងកាត់ឥណ្ឌា ឬចិន៕
 

Tag:
 មីយ៉ាន់ម៉ា
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com