កីឡាជាតិ
ជាតិ
លោក លី ទីឃា៖ ក្លិបអគ្គិសនីកម្ពុជា​មានគោលដៅចូលរួម​បណ្តុះសមត្ថភាព​យុវជន​ខ្មែរ​
18, Aug 2022 , 9:59 pm        
រូបភាព
លោក លី ទីឃា ប្រធានក្លិបអគ្គិសនីកម្ពុជា អង្គុយមើលការប្រកួតរបស់កូនក្រុម រូបពីអគ្គិសនីកម្ពុជា
លោក លី ទីឃា ប្រធានក្លិបអគ្គិសនីកម្ពុជា អង្គុយមើលការប្រកួតរបស់កូនក្រុម រូបពីអគ្គិសនីកម្ពុជា
 លោក លី ទីឃាប្រធានក្លិបបាល់ទាត់អគ្គិសនីកម្ពុជា បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនដោយមានគោលដៅដើម្បីអភិវឌ្ឍធនធានកីឡាករកម្ពុជា ជាចម្បង។ ប្រធានក្លិបនេះ ជឿជាក់ថាកីឡាករកម្ពុជា មានសមត្ថភាពមិនចាញ់បរទេសប៉ុន្មានទេ តែអ្នកទាំងនោះត្រូវការទីកន្លែងដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួន។

 
លោក លី ទីឃា បានអះអាងប្រាប់សារព័ត៌មានថ្មីៗថាក្លិបអគ្គិសនីកម្ពុជា បង្កើតឡើង ដោយមិនផ្ដោតលើការប្រកួតប្រជែងឬការរកប្រាក់ចំណូលជាធំទេ ប៉ុន្ដែមានគោលដៅចូលរួម បណ្ដុះសមត្ថភាពកីឡាករកម្ពុជា។ម្យ៉ាងវិញទៀត ក្លិបមួយនេះ មិនត្រឹមតែជាក្លិបបាល់ទាត់ទេតែក៏ជាសាលាបណ្ដុះធនធានយុវជនផងដែរ។ «យុវជនមួយចំនួន មានទេពកោសល្យប៉ុន្ដែមិនដឹងថាអាចបញ្ចេញ នូវសមត្ថភាពនោះនៅទីណា។


 
ប្រធានក្លិបរូបនេះ បន្ថែមទៀតថាការរើសយកកីឡាករ ឬតេស្ដសមត្ថភាពកីឡាករ គឺមិនប្រកាន់វណ្ណៈ មាន ឬក្រទេ ប៉ុន្ដែក្លិបនឹងមិនរើសយក កីឡាករ ដែលមិនស្ថិតក្នុងវ័យយុវជន ព្រោះគោលការណ៍ធំរបស់ក្លិបគឺចង់បណ្ដុះបណ្ដាលសមត្ថភាពកីឡាករថ្នាល់។  ម្យ៉ាងវិញទៀត បច្ចុប្បន្ន ក្លិបនេះ មានកីឡាករដែលមានអាយុចន្លោះ ពី១៩ ឆ្នាំទៅ២៥ឆ្នាំបណ្ណោះ។
 
«អ្វីដែលបរទេសអាចធ្វើបានកីឡាករកម្ពុជា ក៏មានសមត្ថភាពអាចធ្វើបានដែរ។»។ លោក លី ទីឃា បានប្រាប់សារព័ត៌មានថ្មីៗទាំងមានជំនឿចិត្តបែបនេះ។

 
ជាក់ស្ដែង ក្លិបលីគ២កម្ពុជាមួយនេះបានប្រើសមត្ថភាពកីឡាករកម្ពុជាទាំងអស់ដើម្បីប្រកួត ដោយមិនមានកីឡាករបរទេសចូលរួមទេរាប់បញ្ចូលទាំងការប្រកួតក្នុងលីគ២ផងដែរ។ សម្រាប់ការប្រកួតកន្លងមកនេះ ទាំងក្នុងលីគនិងពានសម្ដេចហ៊ុន សែន ក្លិបមួយនេះ​ ទទួលបានជោគជ័យជាខ្លាំង ដោយឈរចំណាត់ថ្នាក់លេខ១ក្នុងលីគ២ (បណ្ដោះអាសន្ន) និងឡើងមកវគ្គ៨ក្រុម ក្នុងពានសម្ដេច ហ៊ុន សែន។
 
ជោគជ័យទាំងនេះ គឺជាចំណែកចូលរួមដ៏ធំ និងជាសមិទ្ធផលរបស់កីឡាករកម្ពុជា។ប្រធានក្លិបរូបនេះ បានបន្ថែមទៀតថាក្លិបអាជីពភាគច្រើននៅកម្ពុជា មានកីឡាករបរទេសចូលរួម ព្រោះក្លិបទាំងនោះជឿថាតាមរយៈការចូលរួមរបស់កីឡាករបរទេស ដែលមានកម្រិតខ្ពស់ជាងកីឡាករក្នុងស្រុកអាចជម្រុញឲ្យការប្រកួត និងសមត្ថភាពកីឡាករកម្ពុជា រីកចម្រើនលឿន។


 
ជាមួយគ្នានេះដែរ ហេដ្ឋារចនាសម្ព័ន្ធដឹកនាំដូចជាគ្រូបង្វឹក អ្នកចាត់ការទូទៅ និង អគ្គលេខាធិការ សុទ្ធតែមានវ័យក្មេងជាងក្លិបដទៃ បើទោះជាបទពិសោធន៍នៅមានតិចតួចជាង តែប្រធានក្លិបរូបនេះជឿថាអ្នកទាំងនោះអាចបញ្ចេញនូវសក្ដានុពលរបស់ពួកគេមកឲ្យក្លិបបាន។
 
ទន្ទឹមគ្នានេះ លោក ទុំ សារ៉ាយគ្រូបង្វឹកក្រុមអគ្គិសនីកម្ពុជា បញ្ជាក់ថា បើទោះជាថ្នាក់ដឹកនាំមួយចំនួនមានវ័យក្មេងតែ ចំពោះការដឹកនាំកីឡាករគឺមានភាពចុះសម្រុងគ្នាណាស់។ នេះ គឺជាសាមគ្គីភាពរបស់ក្រុមអគ្គីសនីកម្ពុជា។ «ពេល ដែលខ្ញុំនិយាយជាមួយកីឡាករខ្ញុំតែងប្រើចិត្តសាស្ដ្រជាមួយគាត់ ហើយខ្ញុំតែងចែករំលែកបទពិសោធន៍ និងអ្វីដែលខ្ញុំដឹង
ទៅដល់ពួកគាត់។ ខ្ញុំ តែប្រាប់ចំៗដល់ពួកគាត់ ហើយមិនមានកីឡាករណាដែលមិនស្ដាប់បង្គាប់ខ្ញុំទេ។»។

 
គួរបញ្ជាក់ ក្លិបអគ្គិសនីកម្ពុជាត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៥ ហើយគ្រូបង្វឹកដំបូងគេ គឺលោកប្រាក់ វុទ្ធីដែលបច្ចុប្បន្ន ជាគ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់នារី។ ចាប់ពីឆ្នាំបង្កើតមកដល់ឆ្នាំ២០២១ ក្លិបនេះ ប្រកបអាជីពនៅលីគកំពូល តែចូលមកដល់រដូវកាល ២០២២ ក្លិបមួយនេះត្រូវធ្លាក់លីគ២ ដោយក្រោមហេតុផល មិនគ្រប់លក្ខខណ្ឌ​ត្រូវការរបស់ក្រុមហ៊ុនលីគ (Cambodian Premier League)។ អគ្គិសនីកម្ពុជា ក៏មានគម្រោងនឹងមកប្រកួតនៅលីគកំពូលផងដែរ ប្រសិនជារដូវកាលនេះឈ្នះជើងឯកលីគ២ កម្ពុជា ឆ្នាំ២០២២៕
 
 

Tag:
 បាល់ទាត់
  អគ្គិសនីកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com