ជាតិ
សេដ្ឋកិច្ច
កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងធ្វើឡើងនៅខេត្តសៀមរាប
19, Aug 2022 , 9:59 am        
រូបភាព
កម្ពុជាសម្រេចយកខេត្តសៀមរាបជាទីតាំងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗ ក្នុងរយៈពេល៥ថ្ងៃ។ ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា កិច្ចប្រជុំនេះ​ នឹងប្រព្រឹត្តឡើងពីថ្ងៃទី១៤ដល់១៨កញ្ញា ឆ្នាំ២០២២។ 

 
បើតាមក្រសួងពាណិជ្ជកម្ម កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នឹងធ្វើឡើងនៅថ្ងៃទី១៤-១៥កញ្ញា ដែលសម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំនេះ​។ ដោយឡែក កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម, កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចមេគង្គ-ជប៉ុន និងកិច្ចពិគ្រោះយោបល់ដទៃទៀត រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន  និងដៃគូសន្ទនាអាស៊ាន  នឹងធ្វើឡើងពីថ្ងៃទី១៦ដល់១៨កញ្ញា ឆ្នាំ២០២២។
 
សម្រាប់កិច្ចប្រជុំពិគ្រោះយោបល់គឺ មានរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានប្រទេសឥណ្ឌា, កាណាដា, អូស្រា្តលី​ ,នូវែលសេឡង់, កូរ៉េខាងត្បូង, ចិន​, ជប៉ុន, អង់គ្លេស, អាម៉េរិក និងសហភាពអឺរ៉ុប។  ក្រៅពីនេះ ក៏មានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយហុងកុង ​និងរដ្ឋមន្ត្រី នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រាយ​ថ្នាក់តំបន់ ផងដែរ។ 
 
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៧សីហា បានបញ្ជាក់ថា​ កិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នឹងពិភាក្សាពីវិវត្តន៍រីកចម្រើននៃសមាហរណកម្មសហកមន៍សេដ្ឋកិច្ចអាស៊ាន រួមទាំងសមិទ្ធផលសេដ្ឋកិច្ចអាទិភាពរបស់កម្ពុជា ការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩, ទំនាក់ទំនងសេដ្ឋកិច្ចក្រៅតំបន់របស់អាស៊ាន, ពាក្យស្នើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម៉រឡេសស្ទេ  និងបញ្ហាពហុភាគី និងតំបន់ផ្សេងៗជាដើម។ 
 
ទីតាំងនៃកិច្ចប្រជុំទាំងនេះនឹងធ្វើឡើងនៅ សណ្ឋាគារ Sokha Siem Reap Resort & Convention Center នៃខេត្តសៀមរាប។
 
សូមជម្រាបថា  កាលពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា​  កម្ពុជាបានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលមានជិត៤០ប្រទេសចូលរួមនេះ សម្តេច ហ៊ុន ដែលជាប្រធានអាស៊ាន បានប្រកាសពីជោគជ័យដ៏ធំធេង ជាពិសេសការអញ្ជើញបណ្តាមិត្តភក្តិពិភពលោកដែលមានបញ្ហាចម្រូងចម្រាសឲ្យអង្គុយប្រជុំគ្នាដោយសម្រួល។
 
ប្រមុខរាជរដ្ឋាភិបាលរូបនេះ បានបញ្ជាក់ថាភាពជោគជ័យនៃកិច្ចប្រជុំនេះ គឺផ្តល់មូលដ្ឋានសម្រាប់ឈានឆ្ពោះទៅកិច្ចប្រជុំកំពូលអាស៊ាន នាខែវិច្ឆិកា ខាងមុខ រួមទាំងកិច្ចប្រជុំនៃបណ្តាប្រទេសអភិវឌ្ឍន៍នៅឥណ្ឌូណេស៊ី និងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅបាងកក៕ 
 
 
 
 

Tag:
 រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com