ជាតិ
​​​ន​យោ​បាយ​ជាតិ​
សមាជិកសភាអាម៉េរិក ដែលធ្វើច្បាប់ដាក់ទណ្ឌកម្មមន្រ្តីកម្ពុជា ជួបលោក កឹម សុខា
19, Aug 2022 , 11:19 am        
រូបភាព
រាប់តែ៣នាក់៖ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅកណ្តាល, លោក អេដវ៉ាដ ម៉ាគី សមាជិកព្រឹទ្ធសភាអាម៉េរិក ចាប់ដៃជាមួយលោក កឹម សុខា, លោក អាឡាំង ឡូវិនតាល់ សមាជិករដ្ឋសភាអាម៉េរិក ឈរនៅឆ្វេងដៃលោក កឹម សុខា។ រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា
រាប់តែ៣នាក់៖ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅកណ្តាល, លោក អេដវ៉ាដ ម៉ាគី សមាជិកព្រឹទ្ធសភាអាម៉េរិក ចាប់ដៃជាមួយលោក កឹម សុខា, លោក អាឡាំង ឡូវិនតាល់ សមាជិករដ្ឋសភាអាម៉េរិក ឈរនៅឆ្វេងដៃលោក កឹម សុខា។ រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា
សមាជិក៥រូបនៃព្រឹទ្ធសភា និងរដ្ឋសភាអាម៉េរិក បានជួបលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសដែលពួកគាត់ មកបំពេញទស្សនកិច្ចនៅកម្ពុជា។ ក្នុងចំណោមអ្នកទាំង៥រូបនោះ មានបុគ្គល២រូប ដែលលេចធ្លោក្នុងការតាក់តែងច្បាប់ដាក់ទណ្ឌកម្មលើមន្រ្តីរដ្ឋាភិបាលកម្ពុជា គឺលោក អេដវ៉ាត ម៉ាគី (Edward J. Markey) ជាសមាជិកព្រឹទ្ធសភា និងលោក អាឡាំង ឡូវិនតាល់ (Alan Lowenthal) ជាសមាជិករដ្ឋសភា។



លោក អេដវ៉ាត ម៉ាគី សរសេរលើទំព័រហ្វេសប៊ុកថា៖«ទោះជារងការចោទប្រកាន់អស់រយៈពេល៥ឆ្នាំហើយក្តី តែមេដឹកនាំប្រឆាំងកម្ពុជា លោក កឹម សុខា នៅតែបន្តនិយាយគាំទ្រសិទ្ធិសេរីភាព។ រាល់ការចោទប្រកាន់លើគាត់ គួរតែត្រូវបានទម្លាក់ចោលឆាប់ៗ ហើយគាត់ និងគណបក្សសង្គ្រោះជាតិ គួរតែមានសេរីភាពឡើងវិញ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត»។

រីឯលោក កឹម សុខា ដែលប្រើបណ្តាញសង្គមហ្វេសប៊ុក សម្រាប់ផ្តល់ព័ត៌មាននេះជាសាធារណៈដែរនោះ បានសរសេរថា៖«ក្នុងជំនួបនេះ គណ:ប្រតិភូសមាជិកសភាទាំង៥រូប បានសម្តែងនូវការកោតសរសើរចំពោះការលះបង់របស់ខ្ញុំ ដើម្បីបុព្វហេតុសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលតែងតែមានការអត់ធ្មត់ដោយប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សា»។ 

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា សមាជិកព្រឹទ្ធសភានិងសមាជិករដ្ឋសភាអាម៉េរិកខាងលើ បានចូលជួបពិភាក្សាជាមួយសមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភាកម្ពុជា។ ជំនួបនេះ ក៏ប្រព្រឹត្តទៅ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ដែរ។
 
គួរដឹងថា សមាជិកព្រឹទ្ធសភានិងសមាជិករដ្ឋសភាអាម៉េរិកមួយចំនួន ដោយក្នុងនោះ ក៏មានលោក អេដវ៉ាដ ម៉ាគី និងលោក អាឡាំង ឡូវិនតាល់ ផងដែរ ធ្លាប់ធ្វើច្បាប់ម្តងហើយម្តងទៀត ក្នុងគោលដៅដាក់ទណ្ឌកម្មលើមន្រ្តីរដ្ឋាភិបាលកម្ពុជា ដែលពួកគេ យល់ថា បានធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ ជាក់ស្តែង សេចក្តីស្នើច្បាប់១ ហៅថា សេចក្តីស្នើច្បាប់ស្តីពីប្រជាធិបតេយ្យកម្ពុជា (Cambodia Democracy and Human Rights Act) ដែលមានទិសដៅដាក់ទណ្ឌកម្មលើមន្រ្តីរដ្ឋាភិបាលកម្ពុជា និងដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ត្រូវបានតាក់តែងឡើងកាលពីខែតុលា ឆ្នាំ២០២១ ដោយសមាជិកព្រឹទ្ធសភាអាម៉េរិក២រូប គឺលោក ម៉ាកូ រ៉ូមិអូ (Marco Rubio) និងលោក អេដវ៉ាដ ម៉ាគី។ 
 
នៅខែកក្កដា ឆ្នាំ២០២២ គណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាអាម៉េរិក បានអនុម័តសេចក្តីស្នើច្បាប់ស្តីពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា។ ការទទួលបានការអនុម័តពីគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាអាម៉េរិក អាចចាត់ទុកថា ជាការឆ្លងផុតដំណាក់កាលលើកដំបូងប៉ុណ្ណោះ ដោយសេចក្តីស្នើច្បាប់ស្តីពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជានេះ នៅត្រូវឆ្លងកាត់ដំណាក់ផ្សេងៗជាច្រើនទៀត។ តាមនីតិវិធី បើកិច្ចព្រឹទ្ធសភាពេញអង្គ អនុម័តយល់ព្រម សេចក្តីស្នើច្បាប់ស្តីពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា នឹងត្រូវបញ្ជូនទៅរដ្ឋសភា ហើយបើរដ្ឋសភា អនុម័តយល់ព្រមដែរនោះ នឹងត្រូវបញ្ជូនទៅលោកប្រធានាធិបតី ចូ បៃឌិន ដែលជាដំណាក់កាលចុងក្រោយ។ សេចក្តីព្រាងស្នើច្បាប់នេះ នឹងក្លាយជាច្បាប់ ហើយអាចយកទៅអនុវត្តបាន បើលោកប្រធានាធិបតី អនុម័តយល់ព្រម។ 
 
យ៉ាងណាក៏ដោយ គេ ធ្លាប់ឮព័ត៌មានដែលសមាជិករដ្ឋសភាអាម៉េរិក និងសមាជិកព្រឹទ្ធសភាអាម៉េរិក ធ្វើសេចក្តីស្នើច្បាប់សម្រាប់ដាក់ទណ្ឌកម្មលើមន្រ្តីកម្ពុជារបៀបនេះច្រើនលើកច្រើនសា និងច្រើនឆ្នាំមកហើយ តែរហូតមកដល់ពេលនេះ គេ ហាក់ពុំទាន់ឃើញសេចក្តីស្នើច្បាប់ទាំងនោះ ឆ្លងផុតពីប្រធានាធិបតី ហើយក្លាយជាច្បាប់នោះទេ៕
 

Tag:
 កឹម សុខា
  Edward J. Markey
  Alan Lowenthal
© រក្សាសិទ្ធិដោយ thmeythmey.com