អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រមុខការទូត​ឥណ្ឌា​៖ ជាអ្នកជិតខាង ឥណ្ឌាជៀសមិនផុតពីត្រូវមាន​ទំនាក់ទំនង​ជាមួយ​របប​យោធា​មីយ៉ាន់ម៉ា
19, Aug 2022 , 2:00 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសឥណ្ឌា ស៊ូប្រាម៉ាន់យ៉ាំ ចៃសាន់កា ក្នុងដំណើរទស្សនកិច្ចនៅថៃ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសឥណ្ឌា ស៊ូប្រាម៉ាន់យ៉ាំ ចៃសាន់កា ក្នុងដំណើរទស្សនកិច្ចនៅថៃ។ រូបថត AFP
រដ្ឋមន្ត្រីការបរទេសឥណ្ឌា ស៊ូប្រាម៉ាន់យ៉ាំ ចៃសានកា នៅថ្ងៃទី១៨ ខែសីហា បានចេញមុខការពារទំនាក់ទំនងរវាង​ឥណ្ឌា​ជាមួយរបបយោធាមីយ៉ាន់ម៉ា បើទោះបីជាសហគមន៏អន្តរជាតិកំពុងបង្កើនសម្ពាធ និងសម្ដែងការព្រួយបារម្ភកាន់តែខ្លាំងពីការប្រហារជីវិតអ្នកទោសនយោបាយនាពេលថ្មីៗនេះក្តី។



ស្របពេលដែលយោធាធ្វើរដ្ឋប្រហារ​ និងឡើងកាន់អំណាច សហគមន៍អន្តរជាតិជាពិសេសប្រទេស​លោក​ខាង​លិច​មួយ​ចំនួន បានកាត់បន្ថយទំនាក់ទំនងជាមួយរបបយោធា។ យ៉ាងណាមិញផ្ទុយពីប្រទេសផ្សេងៗ ឥណ្ឌា ចិន និងរុស្ស៊ី នៅតែបន្តចូលរួមធ្វើការជាមួយរបបយោធា រួមទាំងមានការធ្វើទស្សនកិច្ចថ្នាក់រដ្ឋមន្ត្រីផងដែរ។
 
ថ្លែងពីសាកលវិទ្យាល័យ Chulalongkorn ក្នុងទីក្រុងបាងកកនៅថ្ងៃទី១៨ ខែសីហា រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ាន់យ៉ាំ ចៃសាន់កា ចាតទុកជំហររបស់ទីក្រុងញូវដែលីលើមីយ៉ាន់ម៉ា ជាជំហរដែលមានភាពជាប់លាប់អស់ជាច្រើនទសវត្សរ៍មកហើយ តាំងពីមីយ៉ាន់ម៉ាបានងើបឈរដើម្បីសេរីភាពប្រឆាំងនឹងអាណានិគមមក។
 
លោក ចៃសាន់កា ក៏បានបន្តថា ក្នុងនាមជាប្រទេសជិតខាងផ្ទាល់ ឥណ្ឌាមិនអាចជៀសផុតពីការធ្វើការជាមួយរបបយោធា ដោយសារតែបញ្ហាព្រំដែន ឧក្រិដ្ឋកម្មឆ្លងដែន ជំងឺកូវីដ-១៩ និងក្រុមបះបោរឥណ្ឌានៅក្នុងមីយ៉ាន់ម៉ាជាដើម។​ បើតាមមន្រ្តីឥណ្ឌា ក្នុងនាមជាអ្នកជិតខាងផ្ទាល់ ឥណ្ឌាមានការយល់ចិត្ត និងការយោគយល់ដែលខុសពីប្រទេសដទៃលើការជំរុញលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា។
 
«យើងជឿជាក់យ៉ាងមុតមាំថា ការក្លាយជាប្រទេសប្រជាធិបតេយ្យនឹងជាជម្រើសល្អបំផុតសម្រាប់មីយ៉ាន់ម៉ាដែលឆ្លុះបញ្ចាំងពីមនោសញ្ចេតនា និងតម្រូវការរបស់ប្រជាជន»។ ​ប្រមុខការទូតឥណ្ឌាលើកឡើងបែបនេះ។
 
គួររំលឹកថា នៅពីដើមឆ្នាំនេះ ឯកអគ្គរដ្ឋទូតថ្មីរបស់ឥណ្ឌា បានបង្ហាញលិខិតសារតាំងដល់មេដឹកនាំរដ្ឋប្រហារ មីន អ៊ុងឡាំង ដែលធ្វើឱ្យឥណ្ឌាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនដែលទទួលស្គាល់របបយោធាជារដ្ឋាភិបាលស្របច្បាប់៕
 

Tag:
 មីយ៉ាន់ម៉ា
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com