អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បក្សកាន់អំណាចស្រីលង្កា ស្នើឱ្យប្រធានាធិបតីថ្មីជួយលោក រ៉ាចាប៉ាក់សា ចូលប្រទេសវិញ
19, Aug 2022 , 3:17 pm        
រូបភាព
អតីតប្រធានាធិបតីស្រីលង្កា ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា។ រូបថត AFP
អតីតប្រធានាធិបតីស្រីលង្កា ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា។ រូបថត AFP
ដោយ:
បក្សកាន់អំណាចស្រីលង្កាបានស្នើឱ្យលោក Ranil Wickremesinghe ប្រធានាធិបតីស្រីលង្កាថ្មី ជួយផ្តល់ការការពារ និងជំនួយផ្សេងទៀតសម្រាប់ការវិលត្រឡប់របស់អតីតប្រធានាធិបតី ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា ។ អគ្គលេខាធិការបក្សកាន់អំណាចស្រីលង្កា លោក Sagara Kariyawasam ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះនៅថ្ងៃទី១៨ ខែសីហា។

 
អតីតប្រធានាធិបតីស្រីលង្កា ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា កាលពីខែកក្កដា បានភៀសខ្លួនចេញពីប្រទេសទៅម៉ាល់ឌីវ អំឡុងពេលបាតុកររាប់ពាន់នាក់បានសម្រុកចូលវិមានប្រធានាធិបតី ជាការទាមទារឱ្យលោកចុះចេញពីតំណែងជុំវិញការធ្វើឱ្យសេដ្ឋកិច្ចប្រទេសធ្លាក់ដុនដាបដូចសព្វថ្ងៃនេះ។ ក្រោយចេញពីម៉ាល់ឌីវ លោកបន្តទៅសិង្ហបុរី ហើយបច្ចុប្បន្នកំពុងតែស្នាក់បណ្តោះអាសន្ននៅថៃ។ 
 
បន្ទាប់ពីបានលាលែងពីតំណែងពីក្រៅប្រទេសជាផ្លូវការមក លោក Ranil Wickremesinghe បានជាប់ឆ្នោតសភាក្លាយជាប្រធានាធិបតីថ្មី។ 
 
ស្នាក់នៅថៃមិនទាន់ប៉ុន្មានផង លោក ហ្គោតាបាយ៉ា ត្រូវរាយការណ៍ថា នឹងចូលប្រទេសវិញ។ ប្រព័ន្ធផ្សព្វផ្សាយស្រីលង្កា Newsfirst ស្រង់សម្តីរបស់លោក Udayanga Weeratunga ដែលជាអតីតអគ្គរដ្ឋទូតស្រីលង្កាប្រចាំរុស្ស៊ីថា លោក រ៉ាចាប៉ាក់សា នឹងវិលចូលប្រទេសវិញនៅថ្ងៃទី២៤ ខែសីហា។ 
 
បក្សកាន់អំណាចស្រីលង្កា នៅថ្ងៃទី១៨ ខែសីហា បានស្នើឱ្យលោក Wickremesinghe ជួយជ្រោមជ្រែងលោក រ៉ាចាប៉ាក់សា ឱ្យបានត្រឡប់ចូលប្រទេសវិញដោយសុវត្ថិភាពតែម្ដង។
 
« យើងបានស្នើឱ្យប្រធានាធិបតីជួយសម្រួល ក៏ដូចជាផ្តល់មធ្យោបាយ និងរៀបចំផ្នែកសន្តិសុខដែលចាំបាច់សម្រាប់អតីតប្រធានាធិបតី ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា ឱ្យវិលចូលប្រទេសវិញ»។ លោក Sagara Kariyawasam អគ្គលេខាធិការបក្សកាន់អំណាចស្រីលង្កា SLPP ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuetrs បែបនេះ ដោយបញ្ជាក់ថាកាលបរិច្ឆេទនៃការត្រឡប់របស់លោក រ៉ាចាប៉ាក់សា មិនទាន់សម្រេចជាចុងក្រោយនៅឡើយទេ។ 
 
យ៉ាងណាមិញ លោក Wickremesinghe នៅថ្ងៃដដែលប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា លោកមិនបានដឹងពីគម្រោងនៃការវិលត្រឡប់របស់អតីតប្រធានាធិបតីនោះទេ។ កន្លងមក ប្រធានាធិបតីស្រីលង្កាវ័យ ៧៣ ឆ្នាំរូបនេះ លើកឡើងថា នេះមិនមែនជាពេលដ៏សមរម្យសម្រាប់លោក រ៉ាចាប៉ាក់សា វិលចូលប្រទេសទេ ព្រោះវាអាចនឹងបង្កឱ្យមានភាពតានតឹងនយោបាយជាថ្មី៕
 
 
 

Tag:
 ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com