អន្តរជាតិ
នយោបាយអន្តរជាតិ
ប្រធានចារកម្មអង់គ្លេសថា លោក ពូទីន កំពុងតែចាញ់សង្គ្រាមព័ត៌មាននៅអ៊ុយក្រែន លោក Jeremy Fleming ប្រធានចារកិច្ច សន្តិសុខ និងសន្តិសុខសាយប័ររដ្ឋាភិបាលអង់គ្លេស។ រូបថត AFP
× ប្រធានស្ថាប័នស៊ើបការណ៍សម្ងាត់ GCHQ របស់ចក្រភពអង់គ្លេសលោក Jeremy Fleming នៅថ្ងៃទី១៩ ខែសីហា បានលើកឡើងថា រុស្ស៊ីបរាជ័យក្នុងការប្រមូលយកព័ត៌មានក្នុងលម្ហអ៊ីនធឺណិតដើម្បីប្រឆាំងអ៊ុយក្រែន។ យ៉ាងណាមិញ លោក Fleming ព្រមានថា យុទ្ធនាការព័ត៌មានមិនពិតរបស់រុស្ស៊ីដែលមាននៅគ្រប់ទីកន្លែងនៅតែជារឿងមួយដែលគួរឱ្យបារម្ភ។
ក្នុងបទពិចារណកថាមួយរបស់កាសែត The Economist ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ប្រធាន ស្ថាប័ន GCHQ លោក Jeremy Fleming បានបញ្ជាក់ថា ទាំងក្រុងកៀវ និងក្រុងមូស្គូ បានប្រើប្រាស់សមត្ថភាពអ៊ីនធឺណិតក្នុងសង្គ្រាមនៅអ៊ុយក្រែន។ ប៉ុន្តែលោកកត់សម្គាល់ថា ភាគីរុស្ស៊ីកំពុងតែបាត់បង់ សមត្ថភាពក្នុងការប្រមូលព័ត៌មាននៅអ៊ុយក្រែន និងលោកខាងលិច។
«រហូតមកដល់ពេលនេះប្រធានាធិបតី ពូទីន បានចាញ់សង្គ្រាមព័ត៌មានទាំងស្រុងនៅអ៊ុយក្រែន និងលោកខាងលិច»។ លោក Fleming លើកឡើងបែបនេះ រួចបញ្ជាក់ថា ទោះបីនេះជារឿងមួយគួរឱ្យអបអរសាទរក្ដី ក៏ប៉ុន្តែលោកខាងលិចនិងអ៊ុយក្រែន មិនគួរមើលស្រាលលើយុទ្ធនាការព័ត៌មានមិនពិតរបស់រុស្ស៊ីកំពុងវាយលុកនៅកន្លែងផ្សេងៗលើពិភពលោកនោះឡើយ។ យុទ្ធនាការព័ត៌មានមិនពិត ជាផ្នែកមួយដ៏សំខាន់សម្រាប់យុទ្ធសាស្ត្ររុស្ស៊ីក្នុងសង្រ្គាមនៅអ៊ុយក្រែនដែលចាប់ផ្ដើមនៅខែកុម្ភៈ។
ប្រធានស្ថាប័ន GCHQ រូបនេះអះអាងទៀតថា រុស្ស៊ីបានដាក់ពង្រាយមេរោគ WhisperGate ដើម្បីបំផ្លាញប្រព័ន្ធកុំព្យូទ័ររបស់ប្រព័ន្ធរដ្ឋាភិបាលអ៊ុយក្រែនផងដែរ។ មេរោគ WhisperGate ធ្លាប់ត្រូវបានរុស្ស៊ីប្រើប្រាស់លើស៊ីរី និងបាល់កង់។ យ៉ាងណាមិញ លោកបញ្ជាក់ថា GCHQ អាចស្ទាក់ចាប់ និងផ្តល់ការព្រមានទាន់ពេលវេលា។
ដោយមិននិយាយលម្អិតច្រើន លោក Fleming ក៏មិនភ្លេចបន្លិចសមត្ថភាពអង់គ្លេសវិញដែរ។ មន្រ្តីដដែល និយាយថា កងកម្លាំងប្រព័ន្ធអ៊ីនធឺណិតជាតិរបស់ចក្រភពអង់គ្លេសអាចឆ្លើយតបនឹងរុស្ស៊ីដោយការដាក់ពង្រាយអង្គភាពយោធាដែលប្រើប្រាស់ឧបករណ៍វាយលុកអ៊ីនធឺណិត៕
© រក្សាសិទ្ធិដោយ thmeythmey.com