អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតីតួកគី និងប្រមុខ UN បង្ហាញក្ដីបារម្ភសុវត្ថិភាពរោងចក្រ ​Zaporizhzhia របស់អ៊ុយក្រែន
19, Aug 2022 , 4:39 pm        
រូបភាព
ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី និងអគ្គលេខាធិការ UN អាន់តូនីញ៉ូ ហ្គូតេរ៉េស នាជំនួបនៅទីក្រុង Lviv ។ រូបថត AFP
ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី និងអគ្គលេខាធិការ UN អាន់តូនីញ៉ូ ហ្គូតេរ៉េស នាជំនួបនៅទីក្រុង Lviv ។ រូបថត AFP
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) និងប្រធានាធិបតីតួកគី នៅថ្ងៃទី១៨ ខែសីហា បាន​បង្ហាញពីក្ដីបារម្ភជុំវិញការវាយប្រហារនៅរោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន​។


 
ប្រមុខអង្គការសហប្រជាជាតិ (UN) អាន់តូនីញ៉ូ ហ្គូតេរ៉េស បានជួបជាមួយប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី និងប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ នៅទីក្រុង Lviv របស់អ៊ុយក្រែន ថ្ងៃទី១៨ ខែសីហា។ ជំនួបនេះ ផ្ដោតលើការធានាសុវត្ថិភាពរោងចក្រផលិតថាម​ពលដើរ​ដោយ​នុយក្លេអ៊ែរ Zaporizhzhia នៅអ៊ុយក្រែន ទីដែលយោធាអ៊ុយក្រែន និងរុស្ស៊ីកំពុងបាញ់គ្នាទៅមក។
 
បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុង Lviv បញ្ចប់ លោក ហ្គូតេរ៉េស ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា លោកព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនៅរោងចក្រផលិតថាមពលនេះ​ ហើយ​អំពាវនា​វ​ឱ្យ​ដក​អាវុធ និងកងទ័ពយោធាចេញពី​ទីនោះ។ 
 
នេះ មិនមែនជាលើកទី​មួយទេដែលប្រមុខ UN បានអំពាវនាវឱ្យបង្កើតតំបន់គ្មាន​យោធានៅ​ជុំវិញ​រោងចក្រ Zaporizhzhia ដែលជារោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែរធំជាងគេនៅអឺរ៉ុប។
 
«សព្វាវុធមិន ត្រូវប្រើជាផ្នែកនៃប្រតិបត្តិការយោធាណាមួយឡើយ។ ផ្ទុយទៅវិញ កិច្ច​ព្រមព្រៀង ពិត​ជាត្រូវ​ការជាចាំបាច់ដើម្បីរៀបចំរោងចក្រ Zaporizhzhia ឡើងវិញ និងធានា​សុវត្ថិភាព​នៃ​តំបន់​នោះ»​។ លោក ហ្គូតេរ៉េស និយាយបែបនេះ។
 
ចំណែកលោក ហ្សេលេនស្គី បានលើក​ឡើងថា រដ្ឋាភិបាល​ខ្លួនយល់ព្រមធ្វើតាម​រាល់វិធាន​ការ​សមស្រប​ចំពោះរោងចក្រផលិតថាម​ពលដើរដោយនុយក្លេអ៊ែរ ដោយធ្វើការជាមួយទីភ្នាក់ងារ​ថាមព​ល​អាតូមិក​អន្តរជាតិ (IAEA)។ មេដឹក​នាំអ៊ុយក្រែនរូបនេះបាន​ជំរុញឱ្យរុស្ស៊ីដក​កងកម្លាំងរបស់ខ្លួនជា​បន្ទាន់​ដោយគ្មានលក្ខខណ្ឌ​ចេញពីតំបន់រោងចក្រ Zaporizhzhia ក៏ដូចជាបញ្ឈប់​ការបង្ករឿង និង​ការវាយ​ប្រហារ។ 
 
មេដឹកនាំតួកគី តៃយីប អ៊ែរដូហ្កាន់ ក្នុងសន្និសីទសារព័ត៌មាននា​ទីក្រុង Lyiv បានលើកឡើងថា លោក​បារម្ភ និងមិនចង់ឱ្យមានគ្រោះមហន្តរាយដោយនុយក្លេអ៊ែរដូចព្រឹត្តិ​ការណ៍ Chernobyl ម្ដង​ទៀតទេ។ លើសពីនេះ លោក អ៊ែរដូហ្កាន់ ក៏បានប្ដេជ្ញាបន្ដជួយរកដំ​ណោះស្រាយបញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន ហើយនៅតែជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន៕
 

Tag:
 UN
  តួកគី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com