ជាតិ
សេដ្ឋកិច្ច
សាជីវកម្មធានាឥណទានកម្ពុជា ធានាកម្ចីបាន៥៧លានដុល្លារ ដល់អាជីវកម្ម​ខ្វះទ្រព្យបញ្ចាំ
19, Aug 2022 , 6:59 pm        
រូបភាព
លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(រាប់ពីឆ្វេង) លោកស្រី ជា សិរី អគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជា, លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក Wong Keet Loong អគ្គនាយក CGCC និងលោក Raymond Sia Say Guan ប្រធានសមាគមធនាគារនៅកម្ពុជា។ រូបថត៖ CGCC
លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(រាប់ពីឆ្វេង) លោកស្រី ជា សិរី អគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជា, លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក Wong Keet Loong អគ្គនាយក CGCC និងលោក Raymond Sia Say Guan ប្រធានសមាគមធនាគារនៅកម្ពុជា។ រូបថត៖ CGCC
ជាងមួយឆ្នាំមកនេះ សាជីវកម្មធានាឥណទានកម្ពុជា(CGCC) បានជួយធានាឥណទានសម្រាប់ក្រុមហ៊ុនអាជីវកម្ម ជាពិសេសក្រុមសហគ្រាសធុនតូច-មធ្យម(SMEs) ដែលខ្វះទ្រព្យបញ្ចាំ បានចំនួន៥៧លានដុល្លារអាម៉េរិក។ ត្បិត ចំនួននេះនៅមានទំហំតិចតួចក៏ពិតមែន តែវាជាការចាប់ផ្តើមនៃការផ្លាស់ប្តូរទម្លាប់នូវការផ្តល់កម្ចី ដោយមិនផ្អែកលើទ្រព្យបញ្ចាំ នៅក្នុងទីផ្សារឥណទានកម្ពុជា។

 
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) កំពុងផ្តល់ការធានាឥណទានដែលបញ្ចេញដោយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនទៅអ្នកស្នើសុំកម្ចីដែលខ្វះទ្រព្យបញ្ចាំ។ បច្ចុប្បន្ន​ ក្រៅពីCGCC  ហើយនោះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​​រួមទាំងធនាគារជាតិនៃកម្ពុជា(NBC) បាន​លើកទឹកចិត្ត​ឱ្យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​ប្រើប្រាស់​នូវ​យន្តការ​ធានា​ឥណទាន ដើម្បី​ជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម(SMEs)។
 
លោក រស់ សីលវ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាលCGCC បានលើកឡើងថា រាជរដ្ឋាភិបាល​បាន​ដាក់​ដំណើរការ​នូវ​គម្រោង​ធានា​ឥណទាន ​តាមរយៈ​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា បាន​ជាង​មួយ​ឆ្នាំ​មកហើយ។  ​គិត​មក​ត្រឹម​ដំណាច់​ខែ​កក្កដា ឆ្នាំ​២០២២ CGCC បាន​គាំទ្រ​លើ​ការបញ្ចេញ​កម្ចី​ថ្មីៗ​ប្រមាណ ៥៧លាន​ដុល្លារ ​ដល់​ក្រុមហ៊ុន​អាជីវកម្ម​ដែល​ខ្វះ​ទ្រព្យ​បញ្ចាំ តាមរយៈ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​។ 
 
ក្នុង​សិក្ខាសាលា​ស្តីពី​សក្តានុពល​នៃ​គម្រោង​ធានា​ឥណទានក្នុង​ការលើកស្ទួយ​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ សម្រាប់​SMEsនៅកម្ពុជា នា​ថ្ងៃទី​១៨សីហា លោក រស់ សីលវ៉ា  បានបញ្ជាក់ថា៖«​​ ទឹកប្រាក់ ៥៧លាន​ដុល្លារ​នេះ ​គឺជា​ចំនួន​តិចតួច​នៅឡើយ ប៉ុន្តែ​វា​ជាការ​ចាប់ផ្តើម​នៃ​ការផ្លាស់ប្តូរ​ទម្លាប់​នូវ​ការផ្តល់​កម្ចី ដោយ​មិន​ផ្អែក​លើ​ទ្រព្យ​បញ្ចាំ​នៅក្នុង​ទីផ្សារ​ឥណទាន​របស់​​កម្ពុជា»​។ 
 
បើតាមរដ្ឋមន្ត្រីលេខាធិការក្រសួងសេដ្ឋកិច្ចរូបនេះ យន្តការ​ធានា​ឥណទាន គឺជា​ឧបករណ៍​គោលនយោបាយ​អន្តរាគមន៍​មួយ​ដែល​ត្រូវបាន​ប្រើប្រាស់​ ដើម្បី​គាំទ្រ​ផ្នែក​ហិរញ្ញប្បទាន​នៅក្នុង​សេដ្ឋកិច្ច​នៅតាម​បណ្តា​ប្រទេស​នានា​ក្នុង​សកលលោក​។
 
ជាមួយគ្នានេះ លោកស្រី ជា សិរី​ អគ្គនាយិកា​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា បានលើកឡើងថាការផ្តល់ការធានាឥណទានតាមរយៈ CGCC គឺជាដំណោះស្រាយដ៏ល្អសម្រាប់តម្រូវការបច្ចុប្បន្ន ប៉ុន្តែមិនមានន័យថា SMEs អាចជិះសេះលែងដៃនោះទេ។ លោកស្រីបានបន្តដូច្នេះ៖ «ស្របពេលដែលមានការគាំទ្រពីរាជរដ្ឋាភិបាលលើយន្តការធានាឥណទាននេះ SMEs ត្រូវពង្រឹងសមត្ថភាពដើម្បីអាចមានម្ចាស់ការខ្លួនឯងនាពេលអនាគត ដូចជាការទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗឱ្យបានច្រើនសម្រាប់អភិវឌ្ឍន៍កាន់តែប្រសើរ»។​
 
ក្រៅពីនេះ លោកស្រី ​សង្កេតឃើញថា ​SMEs នៅ​កម្ពុជា​ភាគច្រើន គឺ​មិនទាន់​បាន​ចុះបញ្ជី​ត្រឹមត្រូវ ដែលនេះជា​បញ្ហា​​ធ្វើឱ្យ​ពួកគាត់​ពិបាក​ទទួល​បាន​កម្ចី​ពី​ធនាគារ​​។
 
បើតាមលោក Wong Keet Loong អគ្គនាយក CGCC ចាប់ពីដើមត្រីមាសទី៣ ឆ្នាំ ២០២២  CGCC បានពង្រីកការធានាឥណទានទៅកាន់ទូទាំងប្រទេស សូម្បីតែនៅក្នុងខេត្តដាច់ស្រយាលក៏ដោយ ដោយសារតែមានបណ្តាញសាខាដ៏ទូលំទូលាយរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់ CGCC នៅទូទាំងប្រទេស។ លោក បន្តថា៖ « ទោះជាយ៉ាងណាក៏ដោយ ក៏ CGCC នៅតែត្រូវធ្វើបន្ថែមទៀត ដើម្បីធានាថាបរិយាបន្នហិរញ្ញវត្ថុ កាន់តែត្រូវបានលើកកម្ពស់សម្រាប់ជាប្រយោជន៍ដល់ក្រុមហ៊ុនអាជីវកម្មពាសពេញប្រទេស»។​
 
យោងតាមរបាយការណ៍របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បច្ចុប្បន្ន កម្ពុជាមាន សហគ្រាស​ធុន​តូច និង​មធ្យម រួមទាំងសិប្បកម្ម​ផ្នែក​កម្មន្តសាល ចំនួន​៤៣ ៨១៣ មូលដ្ឋាន ដែលបង្កើតការងារជូនពលរដ្ឋបាន ជាង៤៤ម៉ឺននាក់៕
 

Tag:
 ឥណទាន
© រក្សាសិទ្ធិដោយ thmeythmey.com