កីឡាជាតិ
ជាតិ
ថាយហ្គឺរទៅជួបគិរីវង់ បឹងកេតទទួលទ័ព មុនក្រោន​ប៉ះព្រះខ័នរាជ ណាហ្គាតទល់ជាមួយវិសាខា
20, Aug 2022 , 7:59 am        
រូបភាព
ការប្រកួតរវាងក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង(ខៀវ) និងភ្នំពេញក្រោន(ក្រហម) កាលពីសប្តាហ៍ទី៩។ រូបពី ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង
ការប្រកួតរវាងក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង(ខៀវ) និងភ្នំពេញក្រោន(ក្រហម) កាលពីសប្តាហ៍ទី៩។ រូបពី ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង
ដោយ៖ហៀក ឆក
 
អង្គរថាយហ្គឺរ ត្រូវទៅជួបគីរីវង់សុខជ័យ នៅទឹកដីតាកែវ ខណៈបឹងកេត ស្វាគមន៍​កងយោធពលខេមរភូមិន្ទ នាកីឡដ្ឋានអង្គរអ៊ែរវ៉េ នាវេលាម៉ោង​៣ និង​៤៥នាទី។ ឈាន​ដល់ម៉ោង​៦កន្លះ ម្ចាស់កំពូលតារាង ព្រះខ័នរាជស្វាយរៀង ប៉ះ​ម្ចាស់ផ្ទះភ្នំពេញក្រោន នៅអ.អេស.អិន ខណៈ​ណាហ្គាវើលដ៍ យកទីលាន​ស្តាតចាស់ សម្រាប់តទល់ជាមួយ​វិសាខា។

 
ក្រុមភ្ញៀវអង្គរថាយហ្គឺរ ត្រូវធ្វើដំណើរទៅកាន់ទឹកដីខេត្តតាកែវប្រកួតជាមួយម្ចាស់ផ្ទះ គីរីវង់សុខសែនជ័យ នាកីឡដ្ឋានគីរីវង់។ ជួបគ្នា៦លើកម្ចាស់ផ្ទះពុំដែលឈ្នះភ្ញៀវឡើយពោលចាញ់៤ និងស្មើ២។ មាន់ជល់ ៣ប្រកួតចុងក្រោយរបស់គេ ចាញ់បឹងកេត ៤-០ ឈ្នះទ័ព ១-០ និងចាញ់ព្រះខ័នរាជស្វាយរៀងយ៉ាងដំណំ ១០-០ ចំណែកខ្លាសៀមរាប ៣ប្រកួតចុងក្រោយរបស់គេ ចាញ់វិសាខា ៥-២ ឈ្នះណាហ្កាវើលដ៍ ២-០ និងចាញ់ព្រះខ័នរាជស្វាយរៀង ៤-០។
 
ក្នុងពេលជាមួយគ្នាក្រុមម្ចាស់ផ្ទះ បឹងកេត ទទួលភ្ញៀវកងយោធពលខេមរភូមិន្ទ(ទ័ព)នាកីឡដ្ឋានអង្គរអ៊ែរវ៉េ ខណៈការជួបគ្នា៨លើក ម្ចាស់ផ្ទះឈ្នះ២ និងចាញ់៦។ ៣ប្រកួតកន្លងមកទ័ព ឈ្នះវិសាខា ១-០ ចាញ់គីរីវង់សុខសែនជ័យ ១-០ និងចាញ់ភ្នំពេញក្រោន ១-០ រីឯនាគខៀវ ៣ប្រកួតរបស់គេចុងក្រោយឈ្នះគីរីវង់សុខសែនជ័យ ៤-០ ឈ្នះភ្នំពេញក្រោន ២-១ និងស្មើណាហ្កាវើលដ៍ ០-០។
 
គូបន្ទាប់ក្រុមណាហ្គាវើលដ៍ ត្រូវតទល់វិសាខា នាកីឡដ្ឋានស្តាចាស់។ ជួបគ្នា៨លើកណាហ្កាវើលដ៍ ឈ្នះ១ ស្មើ៤ និងចាញ់៣។ ៣ប្រកួតចុងក្រោយរបស់គេ ចាញ់ភ្នំពេញក្រោន ៤-១ ចាញ់អង្គរថាយហ្គឺរ ២-០ និងស្មើបឹងកេត ០-០ ខណៈវិសាខា ឈ្នះអង្គរថាយហ្គឺរ ៥-២ ឈ្នះព្រះខ័នរាជស្វាយរៀង ១-០ និងរបូតចាញ់ទ័ព ១-០។ ក្នុងពេលដំណាលគ្នាក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង ត្រូវទៅជួបម្ចាស់ផ្ទះភ្នំពេញក្រោន នាកីឡដ្ឋានស្មាត អ.អេស.អិន។ ជំនួប៨លើក ព្រះខ័នរាជ ឈ្នះ៥ ចាញ់១ និងស្មើ២។


 ការប្រជែងបាល់រវាងខ្សែការពារអង្គរថាយហ្គឺរ Soh Narita (សឆ្នូត) និងខ្សែបម្រើ គីរីវង់សុខសែនជ័យ  Thiago Fernades(បៃតង) ។ រូបពី Cambodia Preamier Leage

៣ប្រកួតកន្លងមករបស់ម្ចាស់ផ្ទះសឹង្ហក្រហម ឈ្នះណាហ្កាវើលដ៍ ៤-១ ចាញ់បឹងកេត ២-១ និងឈ្នះទ័ព ១-០ ខណៈភ្ញៀវព្រះខ័នរាជ ឈ្នះអង្គរថាយហ្គឺរ ៤-០ ចាញ់វិសាខា ១-០ និងលត់គីរីវង់សុខសែនជ័យ ១០-០។ 
 
ជំនួបទល់នឹងភ្នំពេញក្រោនតើអតីតម្ចាស់ជើងឯក២សម័យកាលអាចគ្រងដំណែងពានរង្វាន់នេះជាលើកទី៣បានទេ? ខណៈក្រុមកំពុងនាំមុខវិសាខា ១០ពិន្ទុ។ គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង លោក Conor Nestorប្រាប់សារព័ត៌មានថ្មីៗ ពីអ្វីដែលខ្លួនត្រូវប្រុងប្រយ័ត្នចំពោះជំនួបក្រៅដីសប្តាហ៍ទី១៦នេះថា៖«ភ្នំពេញក្រោន ជាក្រុមការពារដំណែងជើងឯកពួកគេមានគុណភាពល្អច្រើន។ ពួកយើងអាចឈឺចាប់ជាមួយផ្នែកផ្សេងៗជាច្រើនជាពិសេស ពិសុទ្ធ, មូស្លីម, ធីវ៉ា និងNieto។ យើងតែងតែជឿជាក់លើសមត្ថភាពរបស់យើងដើម្បីឈ្នះក្នុងការប្រកួតនេះ ប៉ុន្តែជាមួយនឹងការត្រៀមខ្លួន និងការគោរពមួយរយភាគរយ(១០០%)ចំពោះគូប្រកួតរបស់យើង។ យើងត្រូវបិទអ្វីដែលល្អ ប្រសិនបើយើងចង់ឈ្នះ»។ គ្រូបង្វឹករូបនេះបញ្ជាក់យ៉ាងដូច្នេះ។
 
ចំណែកគ្រូបង្វឹកភ្នំពេញក្រោនលោក Oleg Starynskyi ប្រាប់សារព័ត៌មានថ្មីៗ អំពីអ្វីដែលក្រុមរបស់ខ្លួនបានត្រៀមសម្រាប់ជំនួបសប្តាហ៍នេះថា ទោះបីវាមានរយៈពេលខ្លីក៏ពិតមែនតែលោកមានជំនឿចិត្តចំពោះកូនក្រុមក្នុងការយកលទ្ធផលល្អ៖«បច្ចុប្បន្ន ព្រះខ័នរាជស្វាយរៀងឈរលើកំពូលតារាង ពួកគេសាកសមនឹងទទួលបានវាព្រោះតំបន់ការពារល្អ និងការវាយបកលឿន។ ការប្រកួតចុងក្រោយយើងចាញ់ពួកគេទោះបីយើងបន្តការសម្រុកខ្លាំងក៏ដោយ។ ឥឡូវនេះក្រុមត្រូវការឈ្នះដើម្បីទទួលបានលទ្ធផលវិជ្ជមានសម្រាប់ពួកយើង។ យើងនឹងឈានទៅលើទីលានដើម្បីឈ្នះ»។ គ្រូបង្វឹកភ្នំពេញក្រោននិយាយដូច្នេះ៕
 
 
 

Tag:
 បាល់ទាត់
 ខេមបូឌានព្រីមៀរលីគ
© រក្សាសិទ្ធិដោយ thmeythmey.com